v9

NOCC ជំរុញឲ្យមានការថតភាពយន្តកីឡា បន្ថែម ក្រោយភាពយន្តចំបាប់កម្ពុជា ឈ្នះពានពិសេស នៅកេនយ៉ា

2 weeks ago​ | ដោយ V-Dara

មន្រ្តីជំនាញរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានជំរុញឲ្យផលិតករបរទេស ពិសេសផលិតករជនជាតិឥណ្ឌា លោក Manish Sharma បន្តផលិតខ្សែភាពយន្តទាក់ទងទៅនឹងក្បាច់គុនប្រពៃណីរបស់កម្ពុជាឲ្យបានច្រើន បន្ទាប់ពីខ្សែភាពយន្តចំបាប់កម្ពុជា មានចំណងជើងថា «បោកចំបាប់ក្តីសង្ឃឹមចុងក្រោយ» បានឈ្នះពានរង្វាន់ពិសេសជាងគេ ក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិ ឆ្នាំ២០១៨ នៅប្រទេសកេនយ៉ា (Kenya International Sports Film Festival 2018) កាលពីចុងសប្តាហ៍នេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងប្រាប់កាលពីថ្ងៃចន្ទថា៖ «ថ្មីៗនេះភាពយន្តមួយរបស់កម្ពុជា និយាយពីវិរភាពរបស់កីឡាចំបាប់ ត្រូវបានផលិតករឥណ្ឌា លោក Manish Sharma យកទៅប្រកួតប្រជែងនៅកេនយ៉ា ហើយបានឈ្នះពានរង្វាន់ក្នុងកម្រិតជាភាពយន្ត ដែលមានលក្ខណៈល្អប្រសើរជាងគេ។ នេះជាមោទនភាពដែរ សម្រាប់កីឡាចំបាប់ ក៏ដូចជាប្រទេសជាតិយើង ដែលភាពយន្តផ្នែកកីឡាទី១របស់យើង ទទួលបានជយលាភី»។

គួរបញ្ជាក់ថា ភាពយន្តកីឡាចំបាប់ «បោកចំបាប់ក្តីសង្ឃឹមចុងក្រោយ» ដែលបានរៀបរាប់ពីជីវិតពិត និងការតស៊ូរបស់អត្តពលិកចំបាប់កម្ពុជា ពិសេសពីខ្សែជីវិតរបស់កីឡាការិនីជម្រើសជាតិ និងជាម្ចាស់មេដាយមាសស៊ីហ្គេម និ សំណាង នោះ ត្រូវបាន លោក Manish Sharma យកទៅប្រកួតប្រជែង ក្នុងកម្មវិធី Kenya International Sports Film Festival 2018 កាលពីថ្ងៃទី២២ ដល់ទី២៥ ខែវិច្ឆិកា ជាមួយភាពយន្តកីឡាមកពីប្រទេសជាច្រើនទៀត ហើយជាលទ្ធផលភាពយន្តមួយនេះ បានឈ្នះពានពិសេស។

ជាមួយជ័យជម្នះនេះ លោក Manish Sharma បានសរសេរបង្ហោះនៅលើផេចហ្វេសប៊ុករបស់លោក កាលពីថ្ងៃចន្ទថា៖ «ភាពយន្តចំបាប់ បានឈ្នះពានរង្វាន់ពិសេស នៅក្នុងកម្មវិធី Kenya International Sports Film Festival 2018។ សូមអបអរសាទរ ទៅដល់សមាជិកនៃក្រុមចំបាប់កម្ពុជាទាំងអស់»។

យ៉ាងណាក៏ដោយ លោក វ៉ាត់ ចំរើន គ្រោងនឹងជំរុញឲ្យផលិតកររបស់ឥណ្ឌា លោក Manish Sharma បន្ដផលិតខ្សែភាពយន្ដឯកសារកីឡាបន្ថែមទៀត ពិសេសពាក់ព័ន្ធកីឡាបែបប្រពៃណីរបស់កម្ពុជា ដូចជាប្រដាល់គុនខ្មែរ ល្បុក្កតោ អុកចត្រង្គ និងកីឡាផ្សេងៗទៀត ដើម្បីបង្ហាញពីវីរភាពរបស់កីឡាករ កីឡាការិនីកម្ពុជា ដែលតែងតែតស៊ូក្នុងឆាកជីវិត មិនថាជីវភាពរស់នៅធម្មតា ឬជាអ្នកកីឡា។

លោក វ៉ាត់ ចំរើន បានថ្លែងថា៖«ឥលូវនេះយើងមានដៃគូហើយ ហើយគោលបំណងរបស់លផលិតករភាពយន្តរបស់ឥណ្ឌានេះ មិនមែនធ្វើតែរឿងមួយនេះទេ គឺកំពុងរៀបចំធ្វើរឿងទាក់ទងក្បាច់គុនកីឡាប្រពៃណីរបស់យើង មួយចំនួនទៀត ហើយ NOCC ក៏នឹងជំរុញឲ្យមានការផលិតខ្សែភាពយន្តកីឡា នៅកម្ពុជា ឲ្យបានកាន់តែច្រើនផងដែរ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.