v9

ខ្លាចាស់របស់ ONE Championship គ្រោងចូលនិវត្តន៍

2 weeks ago​ | ដោយ V-Dara

មើលទៅឆ្នាំ ២០១៩ ខាងមុខនេះ ទស្សនិកជនលែងបានតាមដានមើលខ្លាចាស់ សរ សី ចូលប្រកួតក្នុងទ្រុង ONE Championship ទៀតហើយ។

អ្នកប្រដាល់ជើងចាស់របស់កម្ពុជា រូបនេះធ្លាប់បានឡើង​រិញប្រដាល់គុនខ្មែរជិត ២០០ដងហើយ និងមានបទពិសោធន៍ប្រដាល់គុនចម្រុះក្នុងទ្រុងតាមប្រទេសនានា ដូចជាហ្វីលីពីន ឥណ្ឌូនេស៊ី ភូមា និង ប្រទេសថៃ ផងដែរ។ ប៉ុន្តែឥឡូវកីឡាករតំណាងក្រុម Cambodian Top Team វ័យ ៣៦ឆ្នាំម្នាក់នេះសម្លឹងរកមើលអ្វីថ្មីសំរាប់ជិវិតគាត់វិញ។ សរ សី និយាយថា៖ «ខ្ញុំគិតចង់ឈប់ហើយ មកពីខ្ញុំមិនសូវបានហាត់គ្រប់គ្រាន់ផង ហើយណាមួយជីវភាពគ្រួសារក៏ពិបាកខ្លាំងទៀតឥឡូវ។ ណាខ្ញុំអត់ចង់ឲ្យគេថាខ្ញុំវៃយកតែលុយគេនោះទេ»។ ខ្សែជីវិតជាអ្នកប្រដាល់អាជីពរបស់ សរ សី ក៏មិនខុសគ្នាពីអ្នកប្រដាល់ផ្សេងៗទៀតប៉ុន្មានដែរ។ ម្នាក់ៗសុទ្ធតែជួបភាពលំបាកក្នុងការបែងចែងពេលវេលាដើម្បីហាត់ឲ្យគ្រប់គ្រាន់ដើម្បីប្រកួត និង ពេលវេលាសំរាប់រកស៊ីចិញ្ចឹមគ្រួសារខ្លួនផងដែរ។

គាត់បន្ត៖ «ខ្ញុំគិតថាចង់វៃម្តង ឬពីរដងទៀតទេ ហើយនឹងឈប់រហូតហើយមើលទៅ។ ខ្ញុំមិនខ្វល់ថាចាញ់ ឬឈ្នះអីទេ សំខាន់ពេលគេនិយាយថាឲ្យខ្ញុំម្តងៗ ពិបាកយកបានណាស់។ វាប៉ះពាល់អារម្មណ៍ខ្ញុំខ្លាំងមែនទែន។ ហើយម្យ៉ាងឥឡូវខ្ញុំក៏រាងចាស់ណាស់ហើយដែរ អាហ្នឹងខ្ញុំទទួលស្គាល់»។ សរ សី សព្វថ្ងៃត្រលប់ទៅផ្ទះវិញនៅឯខេត្តកណ្តាល តែគាត់នៅហាត់រត់រាល់ថ្ងៃដើម្បីសំរកគីឡូរ។ គាត់បានប្រាប់ថារឿងចូលនិវត្តនេះ គាត់ដក់ក្នុងចិត្តយូរហើយ តែយ៉ាងណាគាត់ចង់តស៊ូប្រកួតបន្តិចទៀតសិន។ «ខ្ញុំចង់ធ្វើជាអាជ្ញាកណ្តាល ហើយបើសន្សំលុយបានគ្រប់គ្រាន់ ខ្ញុំចង់បើកក្លឹបកីឡារមួយដែរ។ បើនិយាយពីបទពិសោធន៍វៃក្នុងទ្រុង ខ្ញុំចេះក្រែលដែរ ជាពិសេសចេះតិចនិចវៃច្រើន។ ពីមុនខ្ញុំធ្លាប់ហាត់នៅជប៉ុន ហើយបង្ហាត់គុននៅទីនោះដែរ»។

បើក្រលេកមើលពីជីវិតជាអ្នកប្រដាល់របស់ សរ សី ពីដើមរហូតសព្វថ្ងៃមក គាត់មានបទពិសោធន៍ល្វីងជូចត់ច្រើន តែក៏មានបទពិសោធន៍ដ៏រំភើបៗ ដែលក្នុងឆាកជីវិតរបស់គាត់មិនអាចបំភ្លេចបានឡើយ។ ការចងចាំមួយ ដែលគាត់បំភ្លេចមិនបានជាងគេនោះគឺ កាលឡើងប្រកួតដំបូងគេក្នុងព្រឹត្តិការណ៍ ONE: KINGDOM OF KHMER កាលពីខែធ្នូ ឆ្នាំ ២០១៥។ គាត់ រំលឹកថា៖ «ខ្ញុំរំភើបខ្លាំងជាងគេ គឺកាលឡើងវៃលើសង្វៀន ONE នៅកោះពេជ្យ។ គេវៃខ្ញុំត្រូវច្រើនកន្លែងណាស់ តែដល់ពេលខ្ញុំឈ្នះ ខ្ញុំបានលុយច្រើន ខ្ញុំអរខ្លាំងណាស់សឹងតែយំនៅហ្នុង»។

ជាតារាប្រដាល់ចាស់វស្សាម្នាក់ សរ សី មានបទពិសោធន៍ និងមេរៀនជាច្រើនចង់ចែករំលែកដល់អ្នកជំនាន់ក្រោយ។ សំខាន់ជាងនេះទៅទៀត គាត់ណែនាំឲ្យក្មេងក្រោយៗចាប់យកអាជីពក្បាច់គុន ហើយហ្វឹកហាត់ឲ្យបានប្រាកដប្រជា ពីព្រោះវាអាចជាឱកាសផ្លាស់ប្តូរអនាគតពួកគេបានប្រសើរជាងមុន។ «សំរាប់ជនរួមជាតិទាំងអស់ ទាំងអ្នកគាំទ្រ ទាំងអ្នកប្រដាល់ទាំងឡាយ ហើយជាពិសេសប្អូនៗជំនាន់ក្រោយ ដែលចង់ហាត់ក្បាច់គុន ត្រូវហាត់ឲ្យខ្លាំងទៅ។ គុនខ្មែរ និងគុនចម្រុះយើងសព្វថ្ងៃកំពុងរីកចម្រើនខ្លាំងហើយ ក៏មានឱកាសច្រើនដែរ លុយរង្វាន់ក៏បានច្រើនជាងមុន អីចឹងត្រូវហាត់ឲ្យខ្លាំងស្ទាត់មែនទែន!។ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ហើយចូលមកលេងកីឡាវិញ វាល្អសំរាប់ខ្លួនឯងផង និងសំរាប់សង្គមផងដែរ»។

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.