v9

Joe Conway អ្នកគ្រប់គ្រងផ្ទាល់របស់ ចាន់ រតនា ថាតស៊ូដើម្បីកម្ពុជា

2 weeks ago​ | ដោយ V-Dara

ពេលអ្នកគ្រប់គ្រងទូទៅរបស់តារាជើងចាស់ខ្មែរ ចាន់ រតនា ដែលមានមូលដ្ឋាននៅក្រុងបូស្តុន សហរដ្ឋអាមេរិករបស់លោក Conway មានឱកាសបានមកស្រុកខ្មែរជាលើកដំបូងក្នុងឆ្នាំ ២០១៥ គាត់មិននឹកស្មានថាខ្លួនអាចភ្ជាប់និស្ស័យជាមួយតារាប្រដាល់ គុនខ្មែរដ៏មានប្រជាប្រិយភាពរបស់កម្ពុជាមួយរូបនេះឡើយ។

Conway ជាមួយជើងខ្លាំងប្រចាំ ONE Championship ចាន់ រតនា សព្វថ្ងៃមានទំនាក់ទំនងជិតស្និតជាងមិត្តភក្តិធម្មតាទៅទៀត។ ពួកគាត់បានចាប់ដៃគ្នាដើរប្រមូលផ្តុំអ្នកស្នេហាវិស័យក្បាច់គុនពីប្រទេសមួួយទៅប្រទេសមួយ ក្នុងឆន្ទះលើកស្ទួយកីឡានេះដើម្បីប្រឡូកក្នុងពិភពគុនក្នុងស្តង់ដារកំរិតខ្ពស់។ ពួកគាត់ក៏បានបញ្ចូលសមាជិកថ្មីៗទៀតផងដែររួមមានជើងខ្លាំងមកពីប្រទេសភូមា ភូ ថាវ និងកីឡារករខ្មែរ-អាមេរិក អម សុផាណារិទ្ធ។


រាប់ពីឆ្វេងដៃ៖ កីឡារករខ្មែរ-អាមេរិក អម សុផាណារិទ្ធ, ជើងខ្លាំងមកពីប្រទេសភូមា ភូ ថាវ, លោក Conway និង ជើងខ្លាំងប្រចាំ ONE Championship ចាន់ រតនា

Conway រំលឹកដល់ដំណើររឿងដែលគាត់បានជួប ចាន់ រតនា នៅឯក្លឹប «សិល្បៈ» កាលគាត់មកដល់កម្ពុជាដំបូង៖ «ខ្ញុំពិតជារំភើប ជាមួយអ្វីដែលពួកគាត់កំពុងធ្វើណាស់ ទាំងការបង្ហាត់ក្បាច់គុន និងការចាក់ដោតវប្បធម៌របស់ក្បាច់គុនខ្មែរ ក៏ដូចជាយុទ្ធគុនខម។ ពេលនោះខ្ញុំបង្កើតកម្មវិធីសប្បុរសធម៌មួយហៅថា ប្រយុទ្ធដើម្បីកម្ពុជា «Fight For Cambodia» ដើម្បីរៃអង្គៀសលុយសំរាប់ទ្រទ្រង់វិស័យអប់រំ និង វិស័យក្បាច់គុន ដែលជាអ្វីដែលក្លឹប«សិល្បៈ»ព្យាយាមធ្វើសព្វថ្ងៃនេះ»។

Conway មានស្រុកកំណើតនៅទីក្រុងបូស្តុន ហើយគាត់មានជំនាញខាងធនាគារ និងហិរញ្ញវត្ថុ គាត់ជឿជាក់ថាខ្លួនអាចប្រើប្រាស់ជំនាញរបស់ខ្លួនដើម្បីជួយផ្សព្វផ្សាយពិភពលោកឲ្យបានខ្ទរខ្ទារបន្ថែមពីកីឡាករក្បាច់គុនកម្ពុជា។ បន្ទាប់ពីបានធ្វើយុទ្ធនាការសប្បុរសធម៌នោះមក គាត់មើលឃើញថាសប្បុរសធម៌អាចជួយច្រើនណាស់ ប៉ុន្តែគាត់ត្រូវផ្តោតលើវិធីផ្សេងខុសគ្នាបន្តិច។ សព្វថ្ងៃគាត់មានក្រុមហ៊ុនគ្រប់គ្រងមួយដែលមានសាខានៅសហរដ្ឋអាមេរិក ប្រទេសភូមា និងប្រទេសកម្ពុជា។ ទស្សនៈវិស័យនៃក្រុមហ៊ុននោះគឺជឿថាក្បាច់គុនអាចផ្លាស់ប្តូរជីវិតមនុស្សឲ្យប្រសើរឡើង វាជាជំនឿមួយដែល Conway បានឃើញផ្ទាល់ភ្នែកខ្លួនឯងតែម្តង។ «យើងជួយគ្នាច្រើនទាក់ទងនឹងការឲ្យតម្លៃ ក៏ដូចជាឆន្ទះក្នុងការប្រើប្រាស់ក្បាច់គុនចម្រុះសម្រាប់ជួយផ្លាស់ប្តូរជីវិតរបស់ពួកគាត់ឲ្យល្អឡើង។ យើងព្យាយាមធ្វើយ៉ាងណា ចូលរួមជួយពិភពលោកតាមរយៈក្បាច់គុន។ យើងជឿថាក្បាច់គុនបង្រួបបង្រួមមនុស្សជាតិចូលគ្នា»។

នាថ្ងៃសុក្រ ទី០៧ ខែធ្នូ ខាងមុខនេះ ចាន់ រតនា នឹងត្រូវប្រឈមមុខជាមួយជើងខ្លាំងវៃមិនធ្លាប់ចាញ់របស់ឥណ្ឌូនេស៊ី នៅក្នុងព្រឹត្តិការណ៍ដ៏ធំនៅអាស៊ី ONE: DESTINY OF CHAMPIONS ដែលត្រូវប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងការប្រកួតអន្តរជាតិដ៏ធំនោះនឹងមានវត្តមាន រតនា និងកីឡាការិនីទើបរះថ្មី អឹម សុវណ្ណារី បង្ហាញខ្លួនតំណាងឲ្យកម្ពុជាផងដែរ។ ឆាកក្បាច់គុននៅតំបន់អាស៊ីអាគ្នេន៍កំពុងមានការរីកចម្រើនខ្លាំង ដោយសារមានស្ថាប័នយក្សជាច្រើនបានដឹកនាំវិស័យនេះ រួមមានទាំងស្ថាប័នកីឡាប្រដាល់ ONE Championship ជាដើមដែលបានផ្តល់ឱកាសឲ្យកម្ពុជាបញ្ចេញសមត្ថភាព ឡើងប្រយុទ្ធក្នុងកំរិតស្តង់ដារខ្ពស់។

Conway មើលឃើញពីទេពកោសល្យរបស់កីឡាករកម្ពុជា ប៉ុន្តែក៏ទទួលស្គាល់ថាកម្ពុជាត្រូវតែមានការផ្លាស់ប្តូរច្រើន បើចង់មានវត្តមានប្រយុទ្ធជាមួយកីឡាករខ្លាំងៗរបស់ពិភពលោកបាន។ គាត់ និយាយថា៖ «នៅក្នុងប្រទេស ម្នាក់ៗមានកំរិតប្រហាក់ប្រហែលគ្នា។ ប៉ុន្តែបើត្រូវឡើងប្រកួតកំរិតអន្តរជាតិវិញ បានយើងឃើញថាក្លឹបហាត់របស់គេ មានលុយទ្រទ្រង់ មានទាំងអ្នកជំនាញខាងបំប៉នសុខភាព ទាំងគ្រូបង្វឹកផ្នែកកម្លាំង និងមានអ្នកគ្រប់គ្រងគេត្រឹមត្រូវ ពេលនោះហើយដែលយើងនឹងឃើញពីភាពខុសគ្នាខ្លាំងតែម្តង ថាយើងត្រូវតែមានគ្នាជាក្រុមគ្រប់គ្រាន់ គឺជារឿងសំខាន់ណាស់»។

តែក្នុងមួយឆ្នាំ ២០១៨ យើងឃើញមានចលនាក្នុងវិស័យកីឡាជាច្រើនបានផុសផុលឡើង ក្នុងនោះមានការសម្ភោធជាផ្លូវការរបស់សហព័ន្ធយុទ្ធគុនចម្រុះ និងមានកីឡាករកីឡាការិនីខ្លាំងៗជាច្រើនចាប់ផ្តើមចុះកុងត្រាជាមួយ ONE Championship និង ONE Super Series។ Conway និងក្រុមរបស់គាត់ទាំងមូលទន្ទឹងមើលសន្ទុះនៃការផ្លាស់ប្តូរកម្ពុជាសំរាប់ឆ្នាំ ២០១៩ ទោះលទ្ធផលយ៉ាងណាក៏ដោយ ក៏គាត់ជឿជាក់ថាកម្ពុជាកំពុងបោះជំហានទៅផ្លូវដ៏ត្រឹមត្រូវ។ «ខ្ញុំបាននិយាយជាមួយ ហ៊ុន ចាន់រាជ (អ្នកដឹកនាំក្លឹបCambodia Top Team) ទាក់ទងនឹងសហព័ន្ធយុទ្ធគុនចម្រុះកម្ពុជា ដោយសារខ្លួនស្នេហាវិស័យក្បាច់គុន និងកីឡាករដូចគ្នា ដូច្នេះយើងពិភាក្សាគ្នាពីវិធីធ្វើការជាមួយគ្នាសំរាប់លើកស្ទួយវិស័យនេះ។ ខ្ញុំមានទំនុកចិត្តខ្ពស់លើអនាគតក្បាច់គុនចម្រុះរបស់កម្ពុជា និង ភូមាខ្លាំងទៅថ្ងៃមុខ»។

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.