v9

ក្រុមអត្តពលកម្មកម្ពុជា ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ៣ ពីការរត់ពាក់កណ្តាលម៉ារ៉ាតុង នៅចិន

3 weeks ago​ | ដោយ V-Dara

ក្រុមអត្តពលកម្មកម្ពុជា បានរួមគ្នាបង្កើតនូវកំណត់ត្រាដ៏ល្អមួយ សម្រាប់ការចេញទៅប្រកួតនៅលើកឆាកអន្តរជាតិ ខណ:ពួកគេ បានឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ៣ ក្នុងការប្រកួតលើវិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុងនៃព្រឹត្តិការណ៍ International Marathon 2018 នៅប្រទេសចិន។

តាមរយ:ការប្រកួត លើវិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ ដោយមាន១៦ប្រទេសចូលរួម កាលពីថ្ងៃសៅរ៍ នៅក្រុង Fangchenggang ខេត្តក្វាងស៊ី ប្រទេសចិននោះ កីឡាករកម្ពុជា វ៉ាន់ ភារ៉ា បានឈ្នះមេដាយប្រាក់ (កម្រិតអាស៊ាន ឈរពីក្រោយកីឡាករឡាវ ) ហើយគេក៏បានឈ្នះមេដាយសំរឹទ្ធ(កម្រិតអន្តរជាតិ ឈរក្រោយកីឡាករកេនយ៉ា និងឡាវ) មួយទៀតផងដែរ។

បន្ថែមលើលទ្ធផលដ៏ល្អនេះ កីឡាករ ជា សម្ភស្ស ទទួលបានមេដាយសំរឹទ្ធ (កម្រិតអាស៊ាន) លើការរត់ចម្ងាយ២១គីឡូម៉ែត្រដែរ រីឯ កីឡាការិនី ហេង ម៉ីជូ បានឈ្នះមេដាយសំរឹទ្ធ ដោយឈរនៅពីក្រោយកីឡាការិនី មីយ៉ាន់ម៉ា និងឡាវ។

ដោយឡែក សម្រាប់ការប្រកួតរត់ចម្ងាយ៥គីឡូម៉ែត តែមិនមានផ្តល់ជូនមេដាយ ដែលត្រូវបានធ្វើឡើង ក្នុងព្រឹត្តិការណ៍ternational Marathon 2018 នៅប្រទេសចិន នោះដែរ
ក្រុមអត្តពលិកថ្នាលកម្ពុជា ក្រសោបបានជយលាភីស្ទើរទាំងអស់ ក្នុងនោះកីឡាករ ផាត សុភុត ទទួលបានចំណាត់ថ្នាក់លេខ១ កីឡាករ សាត ឧត្តម ទទួលបានចំណាត់ថ្នាក់លេខ២ និងកីឡាករ ឡៃ ពិសិទ្ធ ទទួលបានចំណាត់ថ្នាក់លេខ៣។ រីឯផ្នែកនារី កីឡាការិនី បូ សំណាង ទទួលបានចំណាត់ថ្នាក់លេខ១ កីឡាការិនី បូរ ស៊ុនណារី ទទួលបានចំណាត់ថ្នាក់លេខ២ និងកីឡាការិនីម្ចាស់ផ្ទះចិន ទទួលបានចំណាត់ថ្នាក់លេខ៣។

គួរបញ្ជាក់ថា កម្មវិធីរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចិន-អាស៊ាន ឆ្នាំ២០១៨ឬ ហៅថា International Marathon 2018 នៅប្រទេសចិននេះ បានចែកការប្រកួតជា៣ វិញ្ញាសា មានរត់ចម្ងាយ៥គីឡូម៉ែត ២១គីឡូម៉ែត និង៤២គីឡូម៉ែត ដោយមានអត្តពលិកសរុប ១៣៤១៤នាក់ មកពី១៦ប្រទេស ហើយកម្ពុជាបញ្ជូនអត្តពលិក១១រូបចូលរួមក្នុងព្រឹត្តិការណ៍នេះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.