v9

ក្រុមចំបាប់កម្ពុជា ដណ្តើមបានមេដាយ ៤ ហើយ ពីការប្រកួតជើងឯកអាស៊ាន នៅហ្វីលីពីន

1 month ago​ | ដោយ V-Dara

ក្រុមអត្តពលិកកីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយចំនួន៤ហើយ ពីការប្រកួតកីឡាចំបាប់ជើងឯកអាស៊ាន ឆ្នាំ២០១៨ (Southeast Asian Wrestling and Grappling Championship 2018 ដែលកំពុងដំណើរការប្រកួត នៅប្រទេសហ្វីលីពីន។

លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានប្រតិភូដឹកនាំការប្រកួតនេះ បានឲ្យដឹងថា គិតត្រឹមការប្រកួត កាលពីថ្ងៃពុធ ម្សិលមិញ ក្រុមចំបាប់កម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធចំនួន៤ ហើយកម្ពុជានៅសល់ប្រភេទវិញ្ញាសាច្រើនទៀត ដែលកំពុងធ្វើការប្រកួតប្រជែងនៅថ្ងៃព្រហស្បតិ៍នេះ រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា។

តាមរយៈការប្រកួតកីឡាចំបាប់ជើងឯកអាស៊ាន ថ្ងៃបើកឆាក កាលពីថ្ងៃពុធនោះ កីឡាករម្ចាស់មេដាយមាស៣ជំនាន់ ឌន សៅ ដែលបានឈប់ប្រកួត៣ឆ្នាំទៅហើយនោះ បានឈ្នះមេដាយសំរឹទ្ធ ក្នុងការប្រកួតចំបាប់សេរី ទម្ងន់៩៧គីឡូក្រាម ហើយប្អូនស្រីរបស់គេ ឌន ស្រស់ បានឈ្នះមេដាយសំរឹទ្ធ ក្នុងការប្រកួតទម្ងន់៥៩គ.ក្រ ឯកីឡាករ ឆាំ ពិសិន បានឈ្នះមេដាយ ក្នុងទម្ងន់៨៦គ.ក្រ ខណៈកីឡាការិនី សឿន នឿន បានឈ្នះមេដាយសំរឹទ្ធ ការប្រកួតចំបាប់សេរី ទម្ងន់៦៥គីឡូក្រាម។

គួរបញ្ជាក់ថា សម្រាប់ការចេញទៅប្រកួតកីឡាចំបាប់ជើងឯកអាស៊ាននេះ ក្រុមចំបាប់កម្ពុជា បានទទួលការអនុញ្ញាត ជាគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ក្រោមការឧបត្ថម្ភទាំងស្រុកពីCasey Barnett នាយកគ្រប់គ្រងវិទ្យាស្ថានខេមអេដ និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ដោយក្នុងនោះ សហព័ន្ធ បានបញ្ជូន ប្រតិភូ១នាក់ គ្រូបង្វឹក៣នាក់ កីឡាករ៦នាក់ កីឡាករិនី៥នាក់ ទៅចូលរួមការប្រកួតនេះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.