v9

ក្រុមហ្វុតសាលជម្រើសជាតិកម្ពុជា បន្តចាញ់យ៉ាងជូរចត់ មុនត្រឡប់មកផ្ទះវិញ

1 week ago​ | ដោយ V-Dara

ក្រុមហ្វុតសាលជម្រើសជាតិកម្ពុជា ក្លាយជាក្រុម ដែលទទួលបានភាពជូរចត់ខ្លាំងជាងគេ នៅក្នុងវគ្គជម្រុះតាមពូលទាំង២ នៃពានរង្វាន់ AFF Futsal Championship 2018 ដែលត្រូវបានធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី។
នៅក្នុងការប្រកួតជម្រុះបង្រ្គប់កិច្ចលើកទី៣ចុងក្រោយ កាលពីថ្ងៃពុធ ម្សិលមិញ ក្រុមហ្វុតសាលកម្ពុជា បានបន្តចាញ់ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ជាមួយលទ្ធផលកាន់តែជូរចត់ គឺរហូតដល់ ១៣-០ បន្ថែមទៅលើការចាញ់ក្រុមម៉ាឡេស៊ី ១០-០ ថ្ងៃបើកឆាក និងចាញ់ក្រុមហ្វុតសាលមីយ៉ាន់ម៉ា ១១-២ ក្នុងការប្រកួតលើកទី២កាលពីថ្ងៃអង្គារ។

ការចាញ់ទាំង៣ប្រកួត ជាមួយការរបូតគ្រាប់បាល់រហូតដល់៣៤គ្រាប់ និងស៊ុតបញ្ចូលទីទៅលើគូប្រកួត បានត្រឹម២គ្រាប់នេះ វាបានក្លាយជាលទ្ធផលដ៏ជូរចត់ចំពោះក្រុមកម្ពុជា មុនពេលពួកគេវិលត្រឡប់ផ្ទះវិញ។ ប៉ុន្តែក្រុមហ្វុតសាលកម្ពុជា បានដកខ្លួនចេញពីការប្រកួតពាន AFF Futsal Championship ជាច្រើនឆ្នាំហើយ ហេតុនេះការចាញ់លើកនេះ អាចទុកជាបទពិសោធ ដើម្បីយកមកពង្រឹងគុណភាពឡើងលេងវិញ ត្រៀមការប្រកួតនៅឆ្នាំក្រោយៗទៀត។

ផ្ទុយពីនេះក្រុមម៉ាឡេស៊ី និងក្រុមថៃ សុទ្ធតែដណ្តើមបានជ័យជម្នះបន្ថែមរៀងៗខ្លួន ដើម្បីក្លាយជាក្រុម ដែលឈ្នះទាំង៣ប្រកួត ក្នុងវគ្គជម្រុះតាមពូលនេះ ដោយក្នុងនោះក្រុមម៉ាឡេស៊ី បានយកឈ្នះក្រុមមីយ៉ាន់ម៉ា ៣-២ ដើម្បីឈរនៅលេខ១ប្រចាំពូលA ហើយក្រុមថៃ បានឈ្នះក្រុមវៀតណាម ៤-១ ដើម្បីទទួលបានលេខ១ប្រចាំពូលB។

យោងតាមលទ្ធផលនេះ ក្រុមហ្វុតសាលម៉ាឡេស៊ី ត្រូវប៉ះក្រុមវៀតណាម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើនោះថ្ងៃសុក្រ ហើយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ត្រូវប្រឈមជាមួយក្រុមថៃ។ ចំណែកក្រុមមីយ៉ាន់ម៉ា រួមទាំងក្រុមឈរនៅពូលB ទីម័រខាងកើត និងប្រុយណេ ត្រូវវេចបង្វេច ត្រឡប់មកផ្ទះវិញដូចក្រុមកម្ពុជាដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.