v9

ក្រុមម៉ាឡេស៊ី រំពឹងឈ្នះបាន៣ពិន្ទុ ពីម្ចាស់ផ្ទះកម្ពុជា នាជំនួបបើកឆាក នៅថ្ងៃស្អែក

1 week ago​ | ដោយ V-Dara

ក្រុមជម្រើសជាតិម៉ាឡេស៊ី បានបង្ហាញពីទំនុកចិត្តខ្ពស់ ក្នុងការដណ្តើមបាន៣ពិន្ទុ ពីក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតបើកឆាកប្រចាំពូលA នៃពានរង្វាន់ AFF Suzuki Cup 2018 ដែលនឹងត្រូវធ្វើនៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃព្រហស្បតិ៍ស្អែកនេះ។

ក្រុមជម្រើសជាតិម៉ាឡេស៊ី ធ្លាប់បានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ៣-១ ម្តងហើយ សម្រាប់ការប្រកួតមិត្តភាព កាលពីដើមខែកញ្ញា ឆ្នាំ២០១៨នេះម្តងហើយ ចំណែកការប្រកួតផ្លូវការលើកនេះ ក្រុមម៉ាឡេស៊ី បានដោះដូរ និងដាក់កីឡាករថ្មីៗចំនួន១០នាក់ ហើយនៅក្នុងចំណោមនោះក៏មានខ្សែបម្រើប្រយុទ្ធ Mohamadou Sumareh ដែលទើបទទួលបានសញ្ជាតិម៉ាឡេស៊ីផងដែរ ហើយកីឡាករពាក់លេខ២៦ ដែលមានគុណភាពលេងយ៉ាងល្អរូបនេះ ធ្លាប់ជាមិត្តរួមក្រុមរបស់ ចាន់ វឌ្ឍនាកា ពេលពួកគេលេងឲ្យក្លិប Pahang FC។

លោក Tan Cheng Hoe គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី បានថ្លែងក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃពុធនេះថា៖ «យើងដឹងហើយថា នេះជាការប្រកួតផ្លូវការ មិនមែនប្រកួតមិត្តភាពដូចមុននោះទេ ហើយលើកនេះយើងបានបញ្ចូលកីឡាករថ្មី១០រូបន្ថែមទៀត។ ខ្ញុំរំពឹងថា ពួកគេនឹងធ្វើបានល្អ ព្រោះយើងមកនេះ ដើម្បីទទួលបានផលជាវិជ្ជមាន ហើយយើងសង្ឃឹមថា យើងអាចធ្វើបាន ដើម្បីសម្រេចបំណងនេះ»។

ចំណែកកីឡាករជាប្រធានក្រុមរបស់ម៉ាឡេស៊ី ក៏មានទំនុកចិត្តខ្ពស់ថា ក្រុមរបស់គេនឹងធ្វើបានល្អផងដែរ។ រូបគេបាននិយាយថា៖ «វាដូចគ្នាទៅនឹងអ្វីដែលលោកគ្រូបានលើកឡើងអ៊ីចឹងដែរ ថា យើងមកនេះ ដើម្បីទទួលបានលទ្ធផលវិជ្ជមានត្រឡប់ទៅវិញ ហេតុនេះយើងនឹងប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ហើយកីឡាករម្នាក់ មានតួនាទីទទួលខុសត្រូវលើកការប្រកួតនេះ ដោយសារយើងជាក្រុមគ្រួសារកីឡាតែមួយ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.