v9

តោះមកដឹងមូលហេតុ នាំឲ្យក្រុមវ៉ូវីណាមកម្ពុជា ឈ្នះមេដាយមាស កាន់តែច្រើនលើឆាកអន្តរជាតិ

1 week ago​ | ដោយ V-Dara

អ្នកស្នេហាវិស័យកីឡាភាគច្រើន ពិតជាបានដឹងពីជោគជ័យយ៉ាងធំធេងរបស់ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា ដែលបានឈ្នះមេដាយមាសរហូតដល់១១ រួមទាំងមេដាយប្រាក់១១ និងសំរឹទ្ធ១៤ ពីការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៤ ឆ្នាំ២០១៨ (The 4th AVF ASIAN Vovinam Cahmpionship 2018) នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ ប៉ុន្តែប្រហែលជាមានមនុស្សមិនច្រើនទេ បានដឹងពីមូលហេតុ ដែលធ្វើឲ្យក្រុមវ៉ូវីណាមកម្ពុជា កាន់តែខ្លាំង និងដណ្តើមបានមេដាយមាស កាន់តែច្រើនបែបនេះ។

វាជាការពិតដែលក្រុមវ៉ូវីណាមកម្ពុជា ធ្លាប់ឈ្នះបានមេដាយមាស ស្ទើររាល់ការប្រកួតជាលក្ខណៈអន្តរជាតិ ហើយពួកគេ ក៏ធ្លាប់បានឈ្នះមេដាយមាស៤ ប្រាក់៩ និងសំរឹទ្ធ៩ ពីការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក នៅប្រទេសឥណ្ឌា កាលពីឆ្នាំ២០១៧ ប៉ុន្តែការឈ្នះបានមេដាយសរុបចំនួន៣៦ ពីការប្រកួតជើងឯកអាស៊ីនេះ បានក្លាយជាជោគជ័យយ៉ាងធំធេងបំផុត ខណៈក្រុមវ៉ូវីណាមកម្ពុជា ទើបតែចូលរួមជាលើកដំបូងនោះ។

ជុំវិញមូលហេតុនៃការធ្វើឲ្យក្រុមវ៉ូវីណាមកម្ពុជា កាន់តែខ្លាំង និងកាន់តែជោគជ័យនេះ ត្រូវបានលោក អ៊ូ រតនា អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងជាប្រធានប្រតិភូដឹកនាំការប្រកួតជើងឯកអាស៊ីនេះ បានទម្លាយថា មកពីពេលនេះសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ទើបទទួលបានគ្រូបង្វឹកជាប់កិច្ចសន្យាពីក្រសួងអប់រំ យុវជន និងកីឡា ដែលជាគ្រូម្ចាស់ក្បាច់គុនវ៉ូវីណាម ជនជាតិវៀតណាមតែម្តង។

លោក អ៊ូ រតនា ដែលកំពុងស្នាក់នៅប្រទេសឥណ្ឌូនេស៊ី បានប្រាប់ថា៖«អ្វីដែលដែលយើងទទួលបានពីការប្រកួតជើងឯកអាស៊ីនេះ វាជាមោទនភាពយ៉ាងខ្លាំងក្លា បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យសហព័ន្ធ ដែលទើបបង្កើតថ្មីរបស់យើង មានគ្រូជាប់កិច្ចសន្យា ហើយជាម្ចាស់ក្បាច់គុនមកបង្ហាត់ ធ្វើឲ្យក្រុមអត្តពលិកកម្ពុជាយើង ពេលនេះមានសមត្ថភាពខុសប្លែកពីមុន ព្រោះបើទោះបីជាគេលេងឬប្រកួតវិញ្ញាសាសម្តែង និងប្រយុទ្ធអ្វី គឺយើងមានលទ្ធភាព អាចចូលរួមលេងជាមួយគេបានទាំងអស់»។

លោកបានបន្ថែមថា៖«ពេលនេះក្រុមអត្តពលិកវ៉ូវីណាមកម្ពុជាយើង បានចេះ និងដឹងច្រើនទៅលើបច្ចេកទេសនៃការប្រកួត គឺមិនដូចកាលពី៤ទៅ៥ឆ្នាំមុននោះទេ។ ពីមុនយើងអត់មានគ្រូបរទេស អ៊ីចឹងយើងលេងតែវិញ្ញាសាដដែលប្រហែល១០ ដែលយើងបានចេះតៗគ្នាពីមុនមក និងលេងតែប៉ុណ្ណឹង ប៉ុន្តែពេលនេះយើងលេងបានច្រើនវិញ្ញាសា គឺយើងអត់ខ្លាចទេ»។

បន្ថែមទៅលើការទទួលបានគ្រូបង្វឹកបរទេសជាជនជាតិវៀតណាមនេះ គឺការបង្កើននៅចំនួនអត្តពលិក និងចំនួនវិញ្ញាសាប្រកួត ក៏បានក្លាយជាមូលហេតុមួយផងដែរ នាំឲ្យក្រុមវ៉ូវីណាមកម្ពុជា ឈ្នះបានមេដាយមាស ពីការប្រកួតជើងឯកអាស៊ីនេះ ព្រោះលើកនេះ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបញ្ជូនអត្តពលិកទៅចូលរួមចំនួន២០នាក់ ហើយពួកគេបានចូលរួមគ្រប់វិញ្ញាសាទាំង៣៧ ក្នុងការប្រកួតជើងឯកអាស៊ីនេះ។

បើតាមលោក អ៊ូ រតនា បានឲ្យដឹងទៀតថា ប្រតិភូកីឡាវ៉ូវីណាមកម្ពុជា នឹងនាំយកមេដាយមាស១១ ប្រាក់១១ និងមេដាយសំរឹទ្ធចំនួន១៤ ដែលពួកគេដណ្តើមបានពីការប្រកួតជើងឯកអាស៊ី លើកនេះ មកដល់កម្ពុជាវិញ គឺព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកម៉ោង១០ ថ្ងៃព្រហស្បតិ៍ ស្អែកនេះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.