v9

ជីវិតតស៊ូរបស់ ស៊ឹម ប៊ុនស្រ៊ន់ កីឡាករប្រចាំ ONE មុននឹងបានល្បីឈ្មោះ

1 week ago​ | ដោយ V-Dara

កីឡាករប្រដាល់ជើងឯកក្នុងព្រឹត្តិការណ៍ Khmer Warrior Challenge រដូវកាលទី៣ ស៊ឹម ប៊ុនស្រ៊ន់ បានបញ្ចេញសមត្ថភាព និងភាពរីកចម្រើនពីរដូវកាលមួយទៅរដូវកាលមួយទៀតក្នុងការបំបាក់គូប្រកួតនីមួយៗ។ បន្ទាប់ពីបានហ្វឹកហាត់ត្រឹមតែ ១ខែប៉ុណ្ណោះ ប៊ុនស្រន់ ត្រូវបានគេឲ្យឡើងប្រដាល់សេរីទៅហើយ។ ថ្វីបើគាត់បានទទួលជ័យជម្នះលើការប្រកួតលើកទីមួយ ប៉ុន្តែក្រោយមកត្រូវចាញ់ការប្រកួតបន្តបន្ទាប់ ៧លើកជាប់ៗគ្នា។

មនុស្សភាគច្រើនប្រាកដជាអស់ជំនឿចិត្តឈប់ចង់នៅពេលខ្លួនទទួលបរាជ័យជាប់ៗគ្នាបែបនេះ ហើយផ្តោតលើអ្វីផ្សេងទៀតវិញ ប៉ុន្តែសម្រាប់ ប៊ុនស្រន់ វិញតស៊ូព្យាយាមបន្តទៀតមិនដូចអ្នកដ៏ទៃឡើយ។ អ្នកប្រដាល់វ័យ២៥ ឆ្នាំរូបនេះប្រាប់ពីប្រវត្តិគាត់ថា៖ «ពេលខ្ញុំចាញ់ប្រកួតជាច្រើនដងពេក ឪពុកម្តាយបងប្អូននិងសាច់ញាតិទាំងជិតឆ្ងាយ ប្រាប់ឱ្យខ្ញុំឈប់ពីអាជីពជាអ្នកប្រដាល់ទៅ។ ប៉ុន្តែខ្ញុំតាំងចិត្តថា ខ្ញុំមកទីនេះដោយចិត្តខ្លួនឯង មិនមែនដោយសារតែនរណាម្នាក់ជំរុញឲ្យខ្ញុំមកទេ។ គោលដៅរបស់ខ្ញុំគឺមកប្រកួតឲ្យខ្លាំង ដើម្បីបង្ហាញពិភពលោកពីសមត្ថភាពខ្ញុំថាខ្លាំងប៉ុនណា»។

ការប្តេជ្ញាចិត្តរបស់ ប៊ុនស្រ៊ន់ បានបើកផ្លូវជីវិតរបស់គាត់ឲ្យមានឱកាសជាច្រើនហូរហែ។ បច្ចុប្បន្ន គាត់ហ្វឹកហាត់ជាមួយក្រុមកីឡាករខ្លាំងៗរបស់កម្ពុជានៅក្លឹប Cambodia Top Team ហើយក៏មានអាជីវកម្មខាងក្រៅមួយទៀតខាងផ្នែកកសិកម្មផងដែរ។ អ្នកខេត្តកំពង់ចាមរូបនេះ មានដើមកំណើតពីគ្រួសារអ្នកចំការ ដូច្នេះគាត់ចាប់ផ្តើមស្រឡាញ់មុខរបរធ្វើចំការខ្លាំង ដូចគ្នានឹងអាជីពជាអ្នកប្រដាល់។ គាត់បាននិយាយទាំងអស់សំណើចថា៖ «គ្រួសារខ្ញុំជាអ្នកធ្វើចំការ ហើយកាលពីក្មេងខ្ញុំត្រូវនៅចំការរហូត។ អ្នកស្រុកខ្ញុំគេដាំប្រភេទដំណាំតូចៗ ដែលខ្ញុំស្អប់ខ្លាំងណាស់។ ខ្ញុំស្បថថាខ្ញុំធ្វើអីក៏ដោយឲ្យតែជៀសឆ្ងាយពីធ្វើចំការ។ តែឥឡូវវិញ ខ្ញុំមិនអាចបែងចែករវាងអាជីពទាំងពីរទេ ខ្ញុំស្រឡាញ់វិស័យកសិកម្មខ្លាំងដូចខ្ញុំស្រឡាញ់វិស័យកីឡាអញ្ចឹង»។

ជាធម្មតា ប៊ុនស្រ៊ន់ ហ្វឹកហាត់នៅក្លឹប ៥ដងក្នុងមួយអាទិត្យ ជាមួយមិត្តអ្នកប្រដាល់ប្រចាំ ONE Championship ដូចជា រិន សារ័ត្ន ស សី និង មាស ម៊ើជាដើម។ ប៉ុន្តែនៅពេលត្រូវមានការប្រកួតនីមួយៗ គាត់មកហ្វឹកហាត់វិជ្ជាគុនរាល់ថ្ងៃតែម្តង។ ឥឡូវគាត់មិនទាន់មានគេចាប់គូប្រកួតឲ្យនោះទេ យ៉ាងណាមិញគាត់ក៏នៅហ្វឹកហាត់ ក៏ដូចជាបំប៉នសុខភាពរួចរាល់សំរាប់ត្រៀមខ្លួនជាស្រេចបើសិន ONE Championship រៀបចំចាប់គូរឲ្យប្រកួតភ្លាមៗ។ ប៊ុនស្រ៊ន់ មានកិត្ដិយសធំណាស់ដែលខ្លួនអាចតំណាងឱ្យប្រទេសកំណើតនៅក្នុងស្ថាប័នក្បាច់គុនធំជាងគេនៅអាស៊ី ហើយដែលខ្លួនមានឱកាសបង្ហាញពីការតស៊ូ និងភាពក្លាហានរបស់កម្ពុជា។ គាត់និយាយទាំងញញឹមថា៖ «ពេលយើងចាប់ផ្តើមឡើងនៅលើឆាកអន្តរជាតិម្តងៗ យើងមានមោទនភាពណាស់ក្នុងនាមជាខ្មែរម្នាក់»។

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.