v9

មាស ម៊ើ ស្វែករកការគាំទ្រពីជនរួមជាតិមុនត្រូវឡើងសង្វៀន

1 week ago​ | ដោយ V-Dara

មាស ម៊ើ ត្រេកអរនឹងទទួលបានឱកាសឡើងឆាកប្រយុទ្ធអន្តរជាតិONE: HEART OF THE LION ដែលប្រព្រឹត្តទៅនៅថ្ងៃសុក្រទី០៩ ខែវិច្ឆិកា អាទិត្យនេះ។ ឥឡូវនេះគាត់កំពុងស្វែងរកការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកគាំទ្រសិល្បៈក្បាច់គុនខ្មែរ។

កីឡាករឆ្នើមកម្ពុជាវ័យ ២៨ឆ្នាំ នឹងត្រូវចូលប្រយុទ្ធយ៉ាងតានតឹងក្នុងទ្រុងជាមួយអតីតជើងឯកពីរសាសន៍ Anthony “The Archangel” Engelen ក្នុងការប្រកួតប្រភេទទម្ងន់ស្រាល។ ក្នុងតារាងគូដែលត្រូវប្រកួតក្នុងថ្ងៃសុក្រនេះ ចំរុះទៅដោយជើងខ្លាំងដែលត្រៀមបង្អួតសមត្ថភាពរៀងៗខ្លួន។ មាស ម៊ើ និង Engelen នឹងឡើងប្រកួតគូចុងក្រោយនៃកម្មវិធី ដូច្នេះវាជាឱកាសល្អដើម្បីឲ្យគូរនេះបង្ហាញពីទេពកោសល្យទៅអោយទស្សនិកជនរាប់លាននាក់នៅជុំវិញពិភពលោកបានឃើញ។ មាស ម៊ើ មិនហ៊ានមើលស្រាលជើងខ្លាំង Engelen នោះទេ ដោយខ្លួនដឹងថាត្រូវបង្ហាញសមត្ថភាពឲ្យអស់ពីសមត្ថភាពរបស់គេដើម្បីយកជ័យជម្នះពី ONE Championship ជាលើកទី៣។ រូបគេបានទទួលដំណឹងឲ្យឡើងប្រកួតជំនួសយ៉ាងទាន់ហន់ ហើយជាកីឡាករតែម្នាក់គត់ដែលតំណាងឲ្យកម្ពុជា បន្ទាប់ពីការប្រកួតរបស់ ចាន់ រតនា មកពីក្លឹបហ្វឹកហាត់សិល្បៈ ត្រូវបានលុបចោល។

មាស ម៊ើ បង្ហើបប្រាប់ថា៖ «លើកនេះគេមិនបានប្រាប់ទុកមុនយូទេ ហើយខ្ញុំត្រូវវៃជំនួសគេ។ គេផ្តល់ដំណឹងឲ្យខ្ញុំនៅថ្ងៃទី២៦ ខែតុលាមុននេះ ពេលនោះខ្ញុំកំពុងនៅស្រុក។ គូរប្រកួតរបស់ខ្ញុំម្តងនេះគឺមិនអន់ទេ សមត្ថភាពគេខ្លាំងអាចវាយជាមួយជើងឯកពិភពលោកបាន»។ មាស ម៊ើ បានស្នាក់នៅនិងហ្វឹកហាត់យ៉ាងពេញទំហឹងនៅក្នុងរាជធានីភ្នំពេញ រហូតដល់ពេលគាត់ឡើងយន្តហោះកាលពីថ្ងៃច័ន្ទ ទៅប្រទេសសិង្ហបុរី ដើម្បីឡើងវៃថ្ងៃសុក្រ។ អ្នកខេត្តកំពង់ធំម្នាក់នេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីគ្រួសារនិងមិត្តភក្ដិ ប៉ុន្តែក៏សុំអំពាវនាវឲ្យមានការគាំទ្របន្ថែមទៀតពីជនរួមជាតិ។

មាស ម៊ើ ពន្លឺអំពីគ្រួសាររបស់គាត់ថា៖ «ពួកគាត់តែងតែគាំទ្រខ្ញុំជានិច្ច ប៉ុន្តែខ្ញុំមានសំណូមពរដល់ជនរួមជាតិទាំងអស់ សូមកុំសើចចំអកអ្នកប្រដាល់ខ្មែរយើង នៅពេលដែលយើងចាញ់ការប្រកួតអន្តរជាតិនីមួយៗ។ សមត្ថភាពអ្នកប្រដាល់ស្រុកយើង មិនអាចប្រៀបធៀបជាមួយកីឡាករប្រទេសដទៃទៀតបានទេ»។ ថ្វីបើមានការរិះគន់យ៉ាងណាក៏ដោយក៏ មាស ម៊ើ មានមោទនភាពដើម្បីតំណាងឱ្យប្រទេសរបស់ខ្លួន ហើយត្រេកអរដែលខ្លួនទទួលបានឱកាសដើម្បីប្រកួតក្នុងស្ថាប័នក្បាច់គុនធំបំផុតនៅអាស៊ី ONE championship។

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.