v9

រិន សុគន្ធ និង គីម ចន្ធូ បន្តឈ្នះជើងឯកការប្រណាំងកង់ភ្នំ នៅភ្នំប្រសិទ្ធ

1 week ago​ | ដោយ V-Dara

កីឡារប្រណាំងកង់ រិន សុគន្ធ និង គីម ចន្ធូ សុទ្ធតែបានបង្ហាញភាពខ្លាំង ដើម្បីបន្តឈ្នះចំណាត់ថ្នាក់លេខ១ ក្នុងការប្រណាំងកង់ភ្នំ ជុំទី៥ ក្នុងព្រឹត្តិការណ៍ Cambodia MTB Series 2018 ប៉ុន្តែកីឡាករ Supachai បានស្កាត់មកតាំងពីប្រទេសថៃ ដើម្បីប្រជែងយកលេខ១ ពីកីឡាករកម្ពុជា ប៊ុត ជឿន ក្នុងការប្រកួតនេះដែរ។

តាមរយៈការប្រកួត នៅជុំវិញភ្នំប្រសិទ្ធ កាលពីថ្ងៃអាទិត្យ កន្លងមកនេះ រិន សុគន្ធ និង គីម ចន្ធូ សុទ្ធតែបានបង្ហាញការប្រកួតយ៉ាងស្វិតស្វាញ ក្នុងការជិះកង់ឆ្លងកាត់ផ្លូវបត់ប៉ែនកាត់ព្រៃ ឡើងភ្នំ ចុះភ្នំ ឡើងចំណោទ និងចុះចំណោត ដោយមានថ្ម ដើម្បីមកកាន់ទីផ្តាច់ព្រ័ត្រ ខណៈព្រឹត្តិការណ៍នេះមានអ្នកចូលរួមចំនួន១៥០នាក់ ហើយក្នុងនោះក៏មានកីឡាករ កីឡាការិនីបរទេសជាង៤០នាក់ ចូលរួមផងដែរ។

ជាមួយលទ្ធផលនេះ បានធ្វើឲ្យកីឡាករជម្រើសជាតិ គីម ចាន់ធូ បន្តជាប់លេខ១ លើការប្រកួតក្រុមជំនាញខ្លាំងបំផុត (A1) ដោយបានយកឈ្នះទាំងកីឡាករថៃ Pholachat Nakthongkam ដែលបានលេខ២ ឯកីឡាករជម្រើសជាតិ យឿន ភីយុទ្ធ ដែលបានលេខ២ កាលជុំទី៣ ត្រូវធ្លាក់មកឈរនៅលេខ៣វិញ។

ចំណែកការប្រកួតក្រុមជំនាញខ្លាំង មានពីអាយុ៣០ឡើង (A2) កីឡាករថៃ Supachai បានបង្ហាញពីគុណភាពជិះកង់ភ្នំរបស់គេដ៏គួរឲ្យចាប់អារម្មណ៍ ដើម្បីប្រជែងយកលេខ១ពីកីឡាករកម្ពុជា ប៊ុត ជឿន ហើយកីឡាករជើងចាស់ និងជាគ្រូបង្វឹកមួយរូបរបស់ក្រុមជម្រើសជាតិកម្ពុជា លោក Pierre Yves Catry បានធ្លាក់ពីលេខ២ មកឈរនៅលេខ៣។

ចំពោះកីឡាករកម្ពុជា រិន សុគន្ធ បានបន្តឈរនៅលេខ១ ក្នុងការប្រកួតក្រុមជំនាញមធ្យមមានអាយុ៣០ឆ្នាំឡើង (B2) ហើយលេខ២បានទៅកីឡាករ Hectro Rubala និងលេខ៣ បានទៅថៃ Surat Nanthapangporn។ ចំណែកការប្រកួតរបស់ក្រុមជំនាញមធ្យមពីអាយុ១៥ ដល់២៩ឆ្នាំ(B1) កីឡាករ រិន បូរិទ្ធ ដែលបានលេខ២ កាលជុំទី៣ បានដណ្តើមយកលេខ១ពី សាន ណាម៉ាវ ក្នុងជុំទី៤នេះ ហើយកីឡាករ វន សាវីន បានលេខ៣ដដែល។

នៅមានវិញ្ញាសាជាច្រើនទៀត ដែលត្រូវបានដាក់ឲ្យប្រកួតប្រជែងក្នុងជុំទី៤ នៅជុំវិញភ្នំប្រសិទ្ធ នោះដែរ ប៉ុន្តែមានការប្រកួត វិញ្ញាសា A1, A2, B1 និង B2 ប៉ុណ្ណោះ ដែលគណៈកម្មការរៀបចំ បានបូកពិន្ទុ នៅរាល់ការប្រកួតជុំនីមួយៗ រហូតដល់ជុំទី៥ ដែលនឹងត្រូវធ្វើនៅដើមខែធ្នូ ខាងមុខ ហើយអ្នកមានពិន្ទុច្រើនជាងគេ នឹងក្លាយជាម្ចាស់ជើងឯក នៅតាមវិញ្ញាសាទាំង៤នេះ។

យ៉ាងណាក៏ដោយ លោកឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន មានការចាប់អារម្មណ៍ខ្លាំង សម្រាប់ការប្រកួតជុំទី៤នេះ ព្រោះលោកបានមើលឃើញថា បច្ចេកទេសរបស់អត្តពលិក មានការកើនឡើងខ្លាំង។

លោកបានថ្លែងក្រោយការប្រកួតថា៖«ការប្រកួតជុំទី៤នេះ ក្មេងៗជាអត្តពលិករបស់យើង បានខិតខំហ្វឹកហាត់ច្រើន ធ្វើឲ្យកម្រិតនៃការប្រកួតប្រជែងមានលក្ខណៈប្លែក និងទទួលបានជោគជ័យកាន់តែធំ ហើយបើយើងប្រៀបធៀប ទៅនឹងការប្រកួតជុំទី១ ទី២ និងទី៣ កន្លងមក យើងឃើញថា ការប្រកួតជុំទី៤នេះ មានការកើនឡើងនូវបច្ចេកទេសខ្លាំង ពិសេសការប្រកួតរវាងក្រុមជំនាញ Class A ដោយសារការប្រកួតនេះ ត្រូវធ្វើនៅលើផ្លូវប្រកួត ដែលលំបាកខ្លាំងមែនទែន អ៊ីចឹងបើអ្នកអត់មានបច្ចេកទេសខ្ពស់ មិនអាចជិះបានទេ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.