v9

ក្រុមវ៉ូវីណាមកម្ពុជា ឈ្នះមេដាយសរុបចំនួន៣៦ ក្នុងការប្រកួតជើងឯកអាស៊ី នៅឥណ្ឌូនេស៊ី

1 week ago​ | ដោយ V-Dara

ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា បានបង្កើតនូវកំណត់ត្រាដ៏ល្អថ្មីទៀត ខណៈពួកគេបានឈ្នះមេដាយសរុបរហូតដល់៣៦ នៅក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៤ ឆ្នាំ២០១៨ (The 4th AVF ASIAN Vovinam Championship 2018) នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលបានបញ្ចប់ កាលពីយប់ថ្ងៃចន្ទ ម្សិលមិញ។

នៅក្នុងចំណោមមេដាយសរុបចំនួន៣៦ ដែលដណ្តើមបានពីការប្រកួត នៅលើវិញ្ញាសាសរុបចំនួន៣៧ (ប្រយុទ្ធ១៣)នេះ ក្រុមវ៉ូវីណាមកម្ពុជា បានឈ្នះមេដាយមាសចំនួន១១ ប្រាក់១១ និងសំរឹទ្ធចំនួន១៤ ហើយនេះជាលទ្ធផលធំបំផុត ដែលមិនគួរឲ្យនឹកស្មានដល់ថា ក្រុមវ៉ូវីណាមកម្ពុជា អាចធ្វើបាន ព្រោះនេះជាកលើកទី១ហើយ ដែលក្រុមតំណាងឲ្យកម្ពុជាមួយនេះ បានចូលរួមប្រកួតជើងឯកអាស៊ី។

ជាមួយការឈ្នះបានមេដាយយ៉ាងច្រើននេះ បានធ្វើឲ្យក្រុមវ៉ូវីណាមកម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសចូលរួមប្រកួតចំនួន១៧ ហើយលទ្ធផលនេះបានក្លាយជាចំណុចវិជ្ជមានដ៏ល្អមួយ ព្រោះប្រភេទកីឡាវ៉ូវីណាមនេះ ទើបត្រូវបានដាក់ឲ្យចូលរួមប្រកួតជាថ្មី ក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន ខាងមុខនេះ។

ចំពោះមេដាយមាសទាំង១១ ដែលកម្ពុជា ដណ្តើមបាន គឺមាននៅលើវិញ្ញាសាប្រយុទ្ធទម្ងន់៥៤គីឡូក្រាម របស់កីឡាករ ទិន ឌិន ទម្ងន់៤៨គ.ក្ររបស់កីឡាការិនី ហ៊ឹម ដាណេ ទម្ងន់៥៤គ.ក្ររបស់កីឡាការិនី អេ ព្រីយ៉ានុតភូថង ទម្ងន់៥៧គ.ក្ររបស់កីឡាករ ប៉ិច ជំនោរ រួមទាំងការប្រកួតវិញ្ញាសសម្តែងជាក្រុមបុរស៦នាក់ សម្តែងនារីម្នាក់បុរស៣នាក់ សម្តែងមេគុណបុរស សម្តែងជាក្រុមដាវបុរស៤នាក់ ក្រុមដាវនារី៤នាក់ សម្តែងក្រុមនារី៣នាក់បុរស៣នាក់ និងសម្តែងកាំបិតធំបុរស២នាក់៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.