v9

ក្រុមចំបាប់កម្ពុជា ចេញទៅប្រជែងរកមេដាយ ការប្រកួតជើងឯកអាស៊ាន នៅហ្វីលីពីន

1 week ago​ | ដោយ V-Dara

ក្រុមចំបាប់កម្ពុជា រួមជាមួយអតីតម្ចាស់មេដាយមាស៣ជំនាន់ ឌន សៅ បានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃចន្ទនេះ ដើម្បីចូលរួមការប្រកួតកីឡាចំបាប់ជើងឯកអាស៊ាន ឆ្នាំ២០១៨ នៅទីក្រុងម៉ានីល ដែលនឹងចាប់ប្រកួតពីថ្ងៃទី៦ ដល់ទី៩ ខែវិច្ឆិកានេះ។

លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា ដែលជាប្រធានប្រតិភូដឹកនាំការប្រកួតនេះ បានប្រាប់ថា សម្រាប់ការចេញទៅប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ាន លើកនេះ យើងបានបញ្ជូនអត្តពលិក១១នាក់ (ស្រី៥នាក់) ព្រមទាំងគ្រូបង្វឹក១នាក់ និងគ្រូជំនួយ១នាក់ ទៅចូលរួមការប្រកួតនេះ។

លោកបានបន្តថា៖ «បញ្ហាថវិកា និងពេលវេលាប្រកួត ដែលជាន់គ្នាការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ បានធ្វើឲ្យយើងខកខានការប្រកួតជើងឯកអាស៊ាននេះ កាលពីឆ្នាំ២០១៧ ប៉ុន្តែលើកនេះលោក Casey Barnett អនុប្រធានសហព័ន្ធ បានឧបត្ថម្ភជាង១ម៉ឺនដុល្លារ សម្រាប់បញ្ជូនក្រុមអត្តពលិករបស់យើងទៅប្រកួត ហើយសង្ឃឹមថា យើងអាចនឹងទទួលបានលទ្ធផលល្អ ព្រោះបើទោះបីជាយើងខនខានទៅប្រកួតនៅលើឆាកអន្តរជាតិ តែយើងបានហ្វឹកហាត់ ជាប្រចាំរហូតមក»។

លោក ធិន វិចិត្រ បានបន្ថែមថា៖ «ក្រៅពីការប្រកួតប្រជែងរកមេដាយ គឺយើងក៏នឹងប្រើព្រឹត្តិការណ៍ ដើម្បីធ្វើតេស្តសមត្ថភាពអត្តពលិករបស់យើងផងដែរ ដើម្បីត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន ពិសេសកីឡាករជើងចាស់ ឌន សៅ ដែលវិលត្រឡប់មកកាន់ទីលានប្រកួតជាថ្មី។ ឌន សៅ មានទម្ងន់ត្រឹម៩៧គីឡូក្រាមទេ តែគាត់ត្រូវប្រកួតក្នុងទម្ងន់១២៥គីឡូក្រាម ព្រោះស៊ីហ្គេម ឆ្នាំ២០១៩ អត់មានទម្ងន់៩៧ ទៅ១០០គីឡូក្រាមនោះទេ គឺមានតែទម្ងន់១២៥ ទៅ១២៧គីឡូក្រាម»។

គួររំឭកថា អតីតកីឡាករជើងខ្លាំង ឌន សៅ បានខានឡើងប្រកួតនៅលើឆាកអន្តរជាតិប្រហែល៣ឆ្នាំហើយ ខណៈពេលនេះរូបគេគឺជាគ្រូបង្វឹករបស់ក្រុមថ្នាលជម្រើសជាតិចំបាប់កម្ពុជា។ ប៉ុន្តែកាលនៅជាកីឡាករ ឌន សៅ ធ្លាប់បានឈ្នះមេដាយមាស១ ប្រាក់១ សម្រាប់ការប្រកួតស៊ីហ្គេម លើកចុងក្រោយរបស់គេ កាលពីឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា ចំណែកការប្រកួតជើងឯកអាស៊ាន ទាំង៣លើក ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ ឌន សៅ ដណ្តើមបានមេដាយរហូត។

យ៉ាងណាក៏ដោយ សម្រាប់ការវិលត្រឡប់មកប្រកួតជាថ្មីនេះ លោក ឌន សៅ បាននិយាយថា៖ «ការវិលមកប្រកួតជាថ្មីនេះ វាមានការលំបាកដែរ ព្រោះខ្ញុំខានប្រកួតចូល៣ឆ្នាំហើយ ហើយខ្ញុំក៏លែងបានដឹងពីសមត្ថភាពគូប្រកួតរបស់ខ្ញុំ ពីមុនៗមក។ ម្យ៉ាងទៀត ខ្ញុំត្រូវឡើងទៅប្រកួតក្នុងទម្ងន់១២៥គីឡូក្រាមទៅទៀត ប៉ុន្តែខ្ញុំត្រូវតែខំប្រឹងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីស្ទាបស្ទង់ពីកម្រិតសមត្ថភាពរបស់គូប្រកួត ក្នុងទម្ងន់ធ្ងន់នេះ មុនការប្រកួតស៊ីហ្គេម ឆ្នាំ២០១៩ ឈានមកដល់»។

ចំណែកអត្តពលិកចំបាប់១០នាក់ទៀត នឹងត្រូវប្រកួត ក្នុងទម្ងន់ខុសគ្នា ក្នុងនោះកីឡាករ ហេង វុទ្ធី ប្រកួតក្នុងទម្ងន់៩២គីឡូក្រាម ឆាំ ពិសិន ទម្ងន់៨៦គ.ក្រ កែវ សុភ័ក្រ ទម្ងន់៧៩គ.ក្រ ចាប់ សុខលី ទម្ងន់៦១គ.ក្រ ច្រាយ ប្រុស ទម្ងន់៥៧គ.ក្រ កីឡាការិនី សឿន នឿន ទម្ងន់៦៥គ.ក្រ វថ្ថា លក្ខិណា ទម្ងន់៤៥គ.ក្រ ឌន ស្រស់ ទម្ងន់៦០គ.ក្រ ជា កញ្ញា ទម្ងន់៥៥គ.ក្រ និងកីឡាករ ឌិត សំណាង ប្រកួតក្នុងទម្ងន់៥០គ.ក្រ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.