v9

មាស ម៊ើ ចេញទៅវៃសង្វៀន ONE: HEART OF THE LION នៅប្រទេសសិង្ហបុរី

2 weeks ago​ | ដោយ V-Dara

មាស ម៊ើ មានបំណងយកជ័យជម្នះលើសង្វៀនឆាប់ៗនេះដើម្បីអបអរចុងឆ្នាំ ២០១៨។ ក្នុងការប្រកួតលំដាប់អន្តរជាតិដែលនឹងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី នាថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកានេះ នឹងមានវត្តមាន មាស
ម៊ើ ដែលត្រូវប៉ះជាមួយកីឡាករជនជាតិហូឡង់ Anthony Engelen ក្នុងការប្រដាល់ប្រភេទទម្ងន់ស្រាលនៃព្រឹត្តិការណ៍ ONE: HEART OF THE LION។

កីឡាករឆ្នើមរបស់ក្រុម Cambodian Top Team (CTT) និងអ្នកប្រដាល់ប្រចាំ ONE Championship រូបនេះបានចាប់ផ្តើមអាជីពជាអ្នកប្រដាល់ក្បាច់គុនចម្រុះនៅឆ្នាំ២០១៤។ អតីតជើងឯក Khmer Warrior Challenge
មាស ម៊ើ មានប្រវតិ្តប្រកួតក្បាច់គុនប្រដាល់ បោកចំបាប់ ក្បាច់គុនយូដូ និងក្បាច់គុនខ្មែរ ដែលគូប្រកួតនីមួយៗលឺហើយញាក់សាច់ពេលត្រូវចូលប្រកួតក្នុងទ្រុងជាមួយម្តងៗ។ កីឡាករមានទេពកោសល្យម្នាក់នេះ បានចូលរួមចំណែកលើកស្ទួយកេរ្តិ៍ឈ្មោះក្បាច់គុនខ្មែរនៅលើឆាកអន្តរជាតិ ក៏ដូចជាកីឡាករខ្លាំងៗជាច្រើននាក់ទៀតរួមមាន រិន សារត្ន័ និង ស សី ជាដើម ដែលបច្ចុប្បន្នកំពុងហ្វឹកហាត់នៅក្នុងក្លឹបកីឡារ CTT ដែលល្បីឈ្មោះមួយនៅក្នុងរាជធានីភ្នំពេញ។

គាត់មានការកោតសរសើរច្រើនពីអ្នកគាំទ្រក្នុងស្រុកទៅលើសមត្ថភាពវាយគូប្រកួតមិនដកដៃ ភាគច្រើនគាត់ផ្តួលគូប្រកួតឲ្យសន្លប់តែម្តង។ រីឯ Engelen វិញក៏មានមហិច្ចតាយកឈ្នះលើការប្រកួតមួយនេះដើម្បីបង្អួតដល់មហាជនរួមជាតិគាត់ដែរ។ តាមរយៈបទពិសោធន៍ នឹងមហិច្ចតាជើងខ្លាំងទាំងពីរ ការប្រកួតនេះនឹងអង្រួនចក្ខុទស្សនីយជនឲ្យកាន់តែក្តុកក្តួល។ គួរបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ ONE: HEART OF THE LION ខែក្រោយនេះនឹងមានជើងឯកពិភពលោកចំនួន២គូរទៀត ដែលពិភពលោកកំពុងរំជើបរំជួលរង់ចាំទស្សនា។

ក្នុងនោះមានកីឡាការនីជើងឯកសញ្ជាតិអាមេរិក Angela Lee ដែលនឹងវាយដណ្តើមខ្សែក្រវាត់ក្នុងការប្រកួតទម្ងន់ស្រាលពីកីឡាការនីជនជាតិចិន Xiong Jing Nan។ ស្របពេលជាមួយគ្នាដែរ ក៏នឹងមានកីឡាករជើងឯកពិភពលោកមកពីប្រេស៊ីល Bibiano Fernandes ដែលត្រូវឡើងសង្វៀនជាមួយជើងឯកពិភពលោកមកពីប្រទេសហ្វីលីពីន Kevin Belingon ក្នុងការប្រកួតប្រភេទទម្ងន់ Bantamweight។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Matias Andre

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.