v9

ហ៊ុន ចាន់រាជ ស្ថាបនិកក្រុម Cambodian Top Team សម្លឹងឃើញអនាគតភ្លឺស្វាងរបស់ក្បាច់គុនកម្ពុជា

2 weeks ago​ | ដោយ V-Dara

លោកហ៊ុន ចាន់រាជ បានវិលត្រលប់មកទឹកដីកំណើតវិញក្នុងឆ្នាំ២០១១ ដោយគាត់មានគោលបំណងធំមួយគឺបង្កើតចលនាក្បាច់គុនចម្រុះនៅក្នុងប្រទេសកម្ពុជា។ ៧ ឆ្នាំកន្លងមកនេះ ហ៊ុន ចាន់រាជ បានខិតខំប្រឹងប្រែងក្នុងការកសាងទំរង់មួយដែលជួយកីឡាករខ្មែរថ្មីៗរជាច្រើនឲ្យចាប់ផ្តើមរះឡើង។

ក្នុងនាមជាអ្នកដឹកនាំនៃក្រុមកីឡារដ៏ល្បីល្បាញ CTT និងជាអគ្គលេខាធិការនៃសហព័ន្ធសិល្បៈយុទ្ធគុនចម្រុះដែលទើបសម្ភោធឡើងថ្មីៗនេះ លោកបានផ្សាភ្ជាប់ខ្លួនទៅក្នុងវិស័យក្បាច់គុនខ្មែរដែលជាមូលដ្ឋានពោរពេញទៅដោយអ្នកមានសមត្ថភាព និងទេពកោសល្យ។ កូនសិស្សជាច្រើនរូបដែលហ្វឹកហាត់នៅក្នុងក្លឹបរបស់គាត់សុទ្ធសឹងមានកិច្ចសន្យាជាមួយស្ថាប័នប្រដាល់ពិភពលោក ONE Championship ពួកគេត្រូវបានចូលរួមប្រកួតលើសង្វៀនជុំវិញពិភពលោក ហើយបានយកជ័យជម្នះយ៉ាងក្រាស់ក្រែលមកឲ្យកម្ពុជាវិញធ្វើអោយពិភពលោកមានការចាប់អារម្មណ៍លើប្រទេសកម្ពុជាកាន់តែខ្លាំង។

គាត់រំលឹកពេលគាត់សាកល្បងនាំយកកីឡាប្រដាល់ចម្រុះដំបូងថា៖ «ពេលខ្ញុំមកទីនេះដំបូងពួកគេមិនស្គាល់ថា ប្រដាល់គុនចម្រុះ MMA ជាអ្វីនោះទេ»។ «ពិតជាពិបាកណាស់ពេលព្យាយាមប្រាប់ពួកគេថាក្បាច់គុនចម្រុះគឺជាកីឡា ហើយវាមិនដូចការវៃតប់គ្នាតាមដងផ្លូវនោះទេ។ យើងខំពន្យល់ពួកគេ និងបានបង្រៀនពួកគេទាក់ទងនឹងគុនចម្រុះ MMA ថា តាមពិតវាមានសុវត្ថិភាពជាងកីឡាប្រដាល់ធម្មតាឬ ការប្រដាល់គុនខ្មែរបស់យើងទៅទៀត។ និយាយទៅទំរាំពួកគាត់យល់ត្រូវចំណាយពេលយូរដែរ»។

បច្ចុប្បន្ន ចាន់រាជ មើលឃើញអនាគតដ៏ត្រចះត្រចង់មួយសម្រាប់កីឡាករនៅក្នុងតំបន់ ហើយគិតថាពេលវេលាដ៏អស្ចារ្យបំផុតនោះ គឺមិនទាន់មកដល់នៅឡើយទេ។ គាត់និយាយថា៖ «អ្នកប្រដាល់ជំនាន់ក្រោយគ្រាន់បើជាងកីឡាករបច្ចុប្បន្ន ប៉ុន្តែក្នុងពេលឥឡូវនេះពួកគេនៅក្មេងនៅឡើយ» ។ «ខ្ញុំហៅពួកគេថា កូនពូជអ្នកប្រដាល់គុនចម្រុះ នេះហើយជាហេតុផលដែលយើងវិនិយោគពេលវេលានិងលុយកាក់នៅពេលបច្ចុប្បន្នដើម្បីកូនចៅជំនាន់ក្រោយ» ។ កីឡាករក្មេងៗក្រោយនេះមានទេពកោសល្យ និងចរិកលក្ខណៈដែលលោក ចាន់រាជ ជឿជាក់ថានឹងធ្វើឲ្យពួកគេអាចឈានជើងចូលសង្វៀនបែបអន្តជាតិធំៗបាន ប៉ុន្តែគាត់ក៏ចង់ ធ្វើយ៉ាងណាឲ្យប្រាកដថាគាត់មិនបិទផ្លូវកីឡាករណាមួយចោលឡើយ។ ធ្វើជាអ្នកដឹកនាំក្រុម CTT សំខាន់បំផុតនោះគឺត្រូវបើកចំហរផ្លូវក៏ដូចជាឱកាសផ្សេងៗទៀតដល់កីឡាកររបស់គាត់។

គាត់ចែករំលែកពីប្រវត្តិសិស្សរបស់គាត់ថា៖ «ក្មេងៗទាំងនេះចេញមកពីគ្រួសារក្រីក្រ ពួកគេស្រេកឃ្លានណាស់ ពួកគេនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយខ្លួនឯង និងក្រុមគ្រួសារគេឲ្យមានជិវិតប្រសើជាងនេះ»។ «យើងអោយពួកគេចូលសាលារៀន ផ្តល់នូវឱកាសនិងជម្រើសផ្សេងៗនៅក្នុងជីវិត ប្រសិនបើពេលពួកគេធំឡើងមិនចង់ធ្វើជាអ្នកប្រដាល់ MMA ក៏មិនអីដែរ»។

«ការរៀនសូត្រគឺជាជំរើសទី១ របស់ពួកគេ។ ធ្វើជាអ្នកប្រដាល់អាជីព ឬ ប្រដាល់គុនចម្រុះ MMA គឺគ្រាន់តែក្នុងករណីគាត់រៀនមិនចូល»។ អតីតអ្នករស់នៅក្រុង ញូវយ៉ក សហរដ្ឋអាមេរិករូបនេះបានចំណាយពេលវេលាក្នុងជីវិតរបស់ខ្លួនដើម្បីកសាងគ្រួសារអ្នកប្រយុទ្ធខ្មែរមួយក្រុម ហើយដែលកំពុងត្រៀមខ្លួនបង្ហាញសមត្ថភាពលើឆាកប្រដាល់ក្បាច់គុន។ បច្ចុប្បន្ននេះគាត់បានធ្វើដំណើរឆ្ងាយៗទៅក្រៅប្រទេសជាមួយកីឡាករប្រចាំ ONE Championship របស់គាត់ ហើយធ្វើការប្រកួតប្រជែងលើសង្វៀនដ៏ធំៗជាច្រើនដូចជា ONE: Kingdom of HEROES នៅទីក្រុងបាងកក ប្រទេសថៃជាដើម។

នាថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆាប់ៗនេះគាត់នឹងធ្វើដំណើរទៅក្រៅប្រទេសម្តងទៀតដើម្បីផ្សព្វផ្សាយអោយគេស្គាល់ថាអ្វីជាព្រលឹងខ្មែរ។ កីឡាករប្រដាល់ជើងខ្លាំងលោក មាស ម៊ើ ដែលមានប្រវត្តិឈ្នះ ៥ដង នឹងចាញ់ ២ដង
នឹងឈានជើងចូលក្នុងសង្វៀនប្រដាល់ក្នុងទ្រុងនៅប្រទេសឥណ្ឌូណេស៊ីដើម្បីដណ្តើមយកជ័យជម្នះពីកីឡាករម្ចាស់ផ្ទះលោក Anthony Engelen ហៅ "The Archangel" ធ្លាប់ឈ្នះ ៦ដង ចាញ់ ៤ដង
ក្នុងការប្រកួតប្រភេទទម្ងន់មធ្យមដែលយើងកំពុងទន្ទឹងរង់ចាំមើល។

ONE: HEART OF THE LION ជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលនឹងជួយផ្តល់ឱកាសអោយលោកបានកសាងកេរដំណែលធំធេងទៅដល់ក្រៅប្រទេសថែមទៀត។ សម្រាប់លោក ចាន់រាជ វិញមិនយូរមិនឆាប់លទ្ធផលដែលគាត់រំពឹងទុកពីវិស័យកីឡាប្រដាល់គុនចម្រុះនឹងបានសម្រេច ហើយគាត់នឹងរំភើបត្រេកអរជាអនេក។ លោកនិយាយទាំងមានទំនុកចិត្តថា៖ «កម្ពុជាពិតជាអាចឡើងនៅលើឆាកពិភពលោកបាន»។ «ខ្ញុំទស្សន៍ទាយថាយើងនឹងលេចធ្លោខ្លាំងក្នុងរយៈពេលដប់ឆ្នាំខាងមុខទៀត»។

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ Matias

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.