v9

អ្នកជំនាញប្រើកែង វង្ស ណយ និង លន បញ្ញា ត្រូវវ៉ៃជាមួយថៃ សម្ពោធព្រឹត្តិការណ៍ប្រដាល់ថ្មី នៅCNC

2 weeks ago​ | ដោយ V-Dara

អ្នកជំនាយវាយកែង វង្ស ណយ និងកីឡាករជើងថ្មី កំពុងស្រវារកភាពល្បី លន បញ្ញា ត្រូវបានគណៈកម្មការរៀបចំដាក់ឲ្យពួកគេប្រកួតជាមួយអ្នកប្រយុទ្ធរបស់ថៃ ក្នុងការបើកសម្ពោធព្រឹត្តិការណថ្មី «សមរភូមិអធិរាជអ្នកប្រយុទ្ធគុនខ្មែរអន្តរជាតិគ្រូនសាន្ត» នៅលើសង្វៀន CNC នាល្ងាចថ្ងៃសុក្រនេះ។

នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ ដោយមានអមដោយគូប្រកួតមិត្តភាពក្នុងស្រុកចំនួន៣គូទៀតនោះ វង្ស ណយ នឹងត្រូវវិលមកជាន់សង្វៀន CNC ដោយរូបគេត្រូវប្រកួតជាមួយអ្នកប្រដាល់របស់ថៃ Singmony ក្នុងទម្ងន់៧១គីឡូក្រាម ចំណែក លន បញ្ញា របស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវជួបថៃ Kaolan Pele ក្នុងទម្ងន់៦០គីឡូក្រាម។

កីឡាករថៃ Singmony ដែលជាគូប្រកួតរបស់ វង្ស ណយ ធ្លាប់មានបទពិសោធប្រកួតចំនួន១២៩ដង ឈ្នះ៩៩ ចាញ់២៥ និងស្មើ៥ គឺតិចជាង វង្ស ណយ ដែលធ្លាប់ប្រកួតបាន១៩៥ដង ឈ្នះ១២៧ ចាញ់៦៣ និងស្មើ៥ ប៉ុន្តែគុណភាពកម្លាំងរបស់ វង្ស ណយ ពេលនេះហាក់មិនសូវមានភាពរឹងមាំដូចមុនឡើយ។

ចំណែក លន បញ្ញា ដែលឡើងប្រកួតជាមួយថៃ Kaolan Pele នោះ គេមានប្រវត្តិប្រកួតបានត្រឹម១៩ដង ឈ្នះ១៦ ចាញ់២ និងស្មើ១ដង ខណៈគូប្រកួតរបស់គេ Kaolan Pele ធ្លាប់ប្រកួត៦៨ដង ឈ្នះ៤៧ ចាញ់១៨ និងស្មើ៣ដង ហើយយោងតាមប្រវត្តិនេះ លន បញ្ញា អាចនឹងប្រឈមការលំបាកច្រើន ព្រោះដំបូងឡើងថៃម្នាក់នេះ គេដាក់ឲ្យជួបជើងខ្លាំង ពេជ្រ ម្ទេសខ្មាំង ទេ ប៉ុន្តែដោយសារ ម្ទេសខ្មាំងបានដកខ្លួនចេញ ទើបដាក់ លន បញ្ញា មកជំនួស។

គួរបញ្ជាក់ថា ព្រឹត្តិការណថ្មី «សមរភូមិអធិរាជអ្នកប្រយុទ្ធគុនខ្មែរអន្តរជាតិគ្រូនសាន្ត» នេះគឺ CNC ទើបតែត្រូវបានបង្កើតឡើង ក្រោមការឧបត្ថម្ភធំដោយក្រុមហ៊ុន គីម ឡាយ អេង ខូអិលធីឌី ដែលជាក្រុមហ៊ុននាំចូលភេសជ្ជៈប៉ូវកម្លាំង Gronsan របស់កូរ៉េ ហើយទាំងលោក Kim Jung Hwi ដែលជាប្រធានក្រុមហ៊ុន លោក ហួរ រតនៈ ប្រធានទីផ្សារ និងជាតំណាងឲ្យ CNC និងលោក ម៉ិល កាដូ តំណាងឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សុទ្ធតែបានអះអាង ក្នុងសន្និសីទកាសែត កាលពីចុងសប្តាហ៍មុនថា ព្រឹត្តិការណ៍ថ្មីនេះ នឹងទទួលបានការគាំទ្រពីអ្នកទស្សនា ហើយការរៀបចំ នឹងដាក់កីឡាករល្អៗឲ្យឡើងប្រកួតជាមួយកីឡាករបរទេស៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.