v9

អាយដលប្រដាល់សេរី កែវ រំចង់ ចង់វៃនៅក្នុងសង្វៀន ONE Super Series

3 weeks ago​ | ដោយ V-Dara

កែវ រំចង់ បានត្រូវគេចាត់ទុកថាជាកីឡាករប្រដាល់កំពុងមានឈ្មោះបោះសំលេងល្បីល្បាញនៅកម្ពុជា ប៉ុន្តែជើងខ្លាំងវ័យ ២៨ឆ្នាំរូបនេះ ក៏មានឆន្ទះចូលប្រកួតបែបអន្តជាតិជាមួយស្ថាប័នប្រដាល់ពិភពលោក ONE Championship។

ចាប់តាំងពីបានជាសះស្បើយឡើងវិញមកពីរបួសគ្រោះថ្នាក់ចរាចរណ៍កាលពីដើមឆ្នាំនេះ កែវ រំចង់ បានវិលត្រឡប់ចូលក្នុងសង្វៀនវិញហើយបានទទួលជ័យជម្នះផ្ទួនៗ ដោយជំនាញទាត់មិនដកជើងរបស់គាត់។ បច្ចុប្បន្ននេះគាត់កំពុងហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតមួយទៀតនៅក្នុងពិធីបុណ្យអ៊ុំទូក។ ថ្វីបើគាត់ចូលចិត្តបញ្ចេញថ្វីដៃនៅមុខអ្នកគាំទ្ររបស់គាត់ក្នុងស្រុកក៏ដោយ ក៏ជើងខ្លាំងកម្ពុជាម្នាក់នេះចង់បញ្ចេញជំនាញកម្រិតកំពូលរបស់គាត់ឲ្យទូទាំងពិភពលោកបានឃើញ។

ONE Championship កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយកីឡាករក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្សព្វផ្សាយសិល្បៈក្បាច់គុនខ្មែរដល់អ្នកទស្សនារាប់លាននាក់ ហើយ លោក រំចង់យល់ថាស្ថាប័ននេះអាចរៀបចំការប្រកួតដ៏សាកសមមួយដើម្បីឲ្យគាត់បង្ហាញពីសមត្ថភាពរបស់គាត់។ កែរ រំចង់បាននិយាយថា៖ «សម្រាប់ខ្ញុំ ខ្ញុំចង់បង្ហាញសមត្ថភាពរបស់ខ្ញុំដល់ពិភពលោកឲ្យបានស្គាល់ពីក្បាច់គុនខ្មែរដ៏អស្ចារ្យរបស់យើង»។

រូបគាត់បានប្រឡូកក្នុងវិស័យប្រដាល់ក្បាច់គុនរយៈពេលជាង ១០ឆ្នាំហើយ ប៉ុន្តែឥឡូវនេះគាត់គិតថាខ្លួនបានត្រៀមរួចរាល់សំរាប់តទល់នឹងគូប្រកួតមានកំរិតខ្លាំងជាងមុនដែលមានតែនៅក្នុងសង្វៀន ONE Super Series ។ ប្រសិនបើគាត់បានទទួលកុងត្រាពីONE កីឡាករកម្ពុជារូបនេះនឹងត្រូវប៉ះជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោកដូចជា លោក Nieky Holzken ហៅ “The Natural” ហើយនឹង Andy Souwer។

លោកមានការជឿជាក់មុះមុតណាស់ថាលោកនឹងទទួលបានដំណឹងល្អពីស្ថាប័នប្រដាល់ ONE ដោយផ្អែកទៅលើបទពិសោធន៍ប្រកួតប្រដាល់សេរីលើសង្វៀនជាង ១៦០លើក។ គាត់និយាយដោយមានមោទនភាព៖ «ចំនុចពិសេសរបស់អ្នកប្រដាល់ខ្មែរគឺយើងជំនាញប្រើកែង។ [គូប្រកួតរបស់យើង] ភាគច្រើនភ័យខ្លាចបច្ចេកទេសប្រើកែងរបស់យើងណាស់»។ «កីឡាករប្រដាល់ខ្មែរពូកែអត់ធ្មត់ ហើយអាចស៊ូទ្រាំនឹងការលំបាកបានគ្រប់បែបយ៉ាង»។ ក្រៅពីត្រៀមរង់ចាំដំណឹងថាអាចនឹងប្រកួតក្នុង ONE Super Series លោក កែវ រំចង់ មានបំណងប្រាថ្នាកសាងជីវិតរបស់គាត់ជាគ្រូបង្វឹកកីឡារដល់ក្មេងៗជំនាន់ក្រោយអោយស្គាល់ពីក្បាច់គុនបុរាណខ្មែរនឹងចង់រស់នៅជិវិតបែបសាមញ្ញៗ។

រូបគាត់ជាមួយលោកឪពុក បានរួមគ្នាបង្កើតក្លឹបហ្វឹកហាត់មួយឈ្មោះ ដំបងក្រញូងកីឡានៅខេត្តបាត់ដំបងដែលជាទឹកដីកំណើតរបស់គាត់ ដែលបង្កើតឡើងក្នុងគោលបំណងជួយជំរុញលើកទឺកចិត្តដល់ក្មេងៗជំនាន់ក្រោយអាចដើរតាមគន្លងគាត់។ លោកបន្តថា: «ខ្ញុំចង់បង្កើតក្លឹបកីឡាមួយនៅបាត់ដំបងសម្រាប់យុវវ័យយើង»។ «យើងនឹងព្យាយាមលើកទឹកចិត្តឱ្យពួកគាត់បានចូលរួមក្នុងវិស័យកីឡាដើម្បីសុខភាព ដូច្នេះពួកគាត់អាចជៀសឆ្ងាយពីគ្រឿងញៀន»។ គួរបញ្ជាក់ផងដែរថាលោក កែវ រំចង់ បានចូលរួមចំណែកជួយវិស័យសិល្បៈក្បាច់គុនខ្មែរនៅប្រទេសកម្ពុជាបានសុះសាយទាំងក្នុងនឹងនៅប្រទេសជិតខាង ប្រសិនបើគាត់បានចូលរួមជាមួយ ONE Super Series នៅថ្ងៃណាមួយមែននោះ កម្ពុជានឹងកាន់តែបានល្បីល្បាញជាងនេះទៅទៀត។

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ Matias Andre

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.