v9

អតីតម្ចាស់មេដាយមាសអូឡាំពិក ជំរុញឲ្យក្រុមហែលទឹកកម្ពុជា បន្តខំប្រឹង ដើម្បីជោគជ័យដូចខ្លួន

2 weeks ago​ | ដោយ V-Dara

អតីតម្ចាស់មេដាយមាសកីឡាអូឡាំពិក Rio 2016 នៅប្រទេសប្រេស៊ីល ផ្នែកកីឡាហែលទឹក គឺកីឡាការិនី Rie Kaneto របស់ជប៉ុន បានធ្វើដំណើរមកទស្សនកិច្ច ជាលើកដំបូង នៅកម្ពុជា ហើយបានចែករំលែកបទពិសោធ ដល់អត្តពលិកហែលទឹកកម្ពុជា នៅមជ្ឈមណ្ឌលហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃចន្ទ។

នៅក្នុងការចូលរួមចែករំលែកបទពិសោធ កាលពីថ្ងៃចន្ទនោះ កីឡាការិនីកម្ពស់ ១,៧៤ម៉ែត្រ Rie Kaneto បានជំរុញឲ្យក្រុមអត្តពលិកកម្ពុជា បន្តប្រឹងប្រែងដោយការអត់ធ្មត់ និងបង្កើតក្តីស្រម៉ៃ ដើម្បីទទួលបានជោគជ័យដូចខ្លួន ដែលបានតស៊ូអស់រយៈពេល២០ឆ្នាំ ទើបទទួលបានជោគជ័យយ៉ាងធំ គឺការឈ្នះបានមេដាយមាស លើវិញ្ញាសាហែលកង្កែបចម្ងាយ២០០ម៉ែត្រ ពីការប្រកួតកីឡាអូឡាំពិក Rio 2016 នៅប្រទេសប្រេស៊ីល។

កីឡាការិនីវ័យ៤២ឆ្នាំ Rie Kaneto បាននិយាយថា៖ «នេះជាលើកទី១ ដែលខ្ញុំបានមកកម្ពុជាហើយខ្ញុំសប្បាយចិត្ត នៅពេលឃើញកីឡាករ កីឡាការិនីហែលទឹកកម្ពុជា មានការប្រឹងប្រែងហាត់ ប៉ុន្តែខ្ញុំចង់ឲ្យពួកគេមានការប្រឹងប្រែងដោយអត់ធ្មត់បន្តទៀត ដើម្បីអនាគតជោគជ័យរបស់ពួកគេ»។

Rie Kaneto បានសង្កត់ធ្ងន់ថា៖ «ក្នុងនាមជាកីឡាករ ត្រូវចេះបង្កើតក្តីស្រម៉ៃមួយ សម្រាប់ខ្លួនឯង ដោយបូកផ្សំនឹងការតស៊ូ នោះយើងនឹងទទួលបានជោគជ័យដូចរូបខ្ញុំ ដែលបានតស៊ូអស់រយៈពេលជាង២០ឆ្នាំ ទម្រាំរកបានមេដាយមាសអូឡាំពិក កាលពីឆ្នាំ២០១៦»។

ជាមួយគ្នានេះកីឡាការិនីរបស់ជប៉ុន Rie Kaneto បានធ្វើការវាយតម្លៃខ្ពស់ទៅលើសហព័ន្ធខ្មែរកីឡាហែលទឹក ដែលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធហែលទឹក បានល្អប្រសើរ ហើយម្ចាស់មេដាយមាសអូឡាំពិករូបនេះ បានសន្យាថា គាត់នឹងមកកម្ពុជា ម្តងទៀត នៅស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីគាំទ្រដល់អត្តពលិកកម្ពុជា ក្នុងការប្រកួតនោះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.