v9

ខាន់ ចេសា និង សាលី អ៊ូមើត សុទ្ធតែបន្តឈ្នះមេដាយមាស លើឆាកអន្តរជាតិ

2 weeks ago​ | ដោយ V-Dara

វីរកីឡាករ សាលី អ៊ូមើត និងវីរកីឡាការិនី ខាន់ ចេសា បាននាំយកមោទនភាព និងកិត្តិយសថ្មីមួយទៀតឲ្យកម្ពុជា តាមរយៈការឈ្នះបានមេដាយមាស ក្នុងការប្រកួតព្រឹត្តិការណ៍២ខុសគ្នា គឺបន្ថែមទៅលើការឈ្នះបានមេដាយមាសពីការប្រកួតកីឡាអាស៊ី នៅប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ។

កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា បានបង្កើតឲ្យមានការភ្ញាក់ផ្អើលថ្មីមួយទៀត ដោយកញ្ញា បានឈ្នះមេដាយមាសចំនួន២ នៅក្នុងការប្រកួតកីឡា Jiu-Jitsu កម្រិតពិភពលោកឈ្មោះ SJJIF World Jiu-Jitsu Championship ហើយវាក៏ជាពេលដែល ខាន់ ចេសា បានបង្ហាញទង់ជាត់កម្ពុជា នៅលើឆាកអន្តរជាតិ ផងដែរ ព្រោះការប្រកួតកម្រិតពិភពលោក លើកនេះ ខាន់ ចេសា ប្រកួតតំណាងឲ្យកម្ពុជា។

ចំណែកកីឡាករម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត បានឈ្នះមេដាយមាស១ និងសំរឹទ្ធ១ នៅក្នុងការប្រកួតម៉ូតូទឹកកម្រិតអន្តរជាតិ នៅប្រទេសចិន ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ ម្សិលមិញ ហើយការឈ្នះបានមេដាយមាសលើវិញ្ញាសា Ski Modified អ៊ូមើត ក៏ទទួលបានប្រាក់រង្វាន់ចំនួន ¥40000.00 (ប្រហែល5750 ដុល្លារ) ផងដែរ។

សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានសម្តែងពីការរីករាយចំពោះជ័យជម្នះរបស់កីឡាករ សាលី អ៊ូមើត លើកនេះ ដោយសហព័ន្ធនេះ បានបង្ហោះនៅលើផេចហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃអាទិត្យថា៖« នៅប្រទេសចិន ថ្ងៃនេះ កីឡាករ សាលី អ៊ូមើត ប្រកួតពីរវិញ្ញាសារ Ski Modified បានឈ្នះលេខ១ មេដាយមាស និងប្រកួតលើវិញ្ញាសារមួយទៀត ទទួលបានលេខ៣ ចំណែកកីឡាករ ម៉ីន មូសស្តាន ទទួលបានលេខ៥។ សូមចូលរួមអបអរសាទរ!»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.