v9

ប៊ីះសន្លប់ទៅហើយ តែ Thanousiklek ខំងើបមកវ៉ៃរហូតឈ្នះជើងខ្លាំង សុខ ធី វិញ (មានវីដេអូ)

3 weeks ago​ | ដោយ V-Dara

អ្នកប្រយុទ្ធរបស់ថៃ Thanousiklek ដែលប៊ិះតែសន្លប់ក្រោមផ្លែកែងរបស់ជើងខ្លាំង សុខ ធី ទៅហើយនោះ បែរជាអាចងើបឡើងវិញ និងបានវាយសម្រុក រហូតឈ្នះលើ សុខ ធី វិញ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង ប៉ុន្តែមិត្តរួមជាតិរបស់គេ Sophapnoy បានសន្លប់ក្រោមផ្លែកែងរបស់ តាញ់ មករា។

នៅក្នុងការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់អន្តរជាតិ កំពូលអ្នកប្រដាល់កណ្តាប់ដៃដែក ISI Palm លើសង្វៀន CNC កាលពីថ្ងៃអាទិត្យ ម្សិលមិញ Thanousiklek ត្រូវបាន សុខ ធី វាយកែងបណ្តាលឲ្យដួលអុកគូទ និងត្រូវបានអាជ្ញាកណ្តាលរាប់ នៅចុងទឹកទី២ ប៉ុន្តែរឿងដែលមិនគួរឲ្យនឹកស្មាដល់ ក៏បានកើតមានឡើង ក្រោយហេតុការណ៍នេះផងដែរ។

Thanousiklek មិនត្រឹមតែមិនបានចុះចាញ់ សុខ ធី ប៉ុណ្ណោះទេ ប៉ុន្តែថៃម្នាក់នេះ ខំងើបឡើងបន្តការប្រកួត និងបានបង្កើនការវាយលុកកាន់តែខ្លាំង និងបានវាយកែងបណ្តាលឲ្យ សុខ ធី បែកនៅលើថ្ងាសវិញ នៅទឹកទី៣។

ស្នាមរបួសនេះ ធ្វើឲ្យ Thanousiklek មានកម្លាំងចិត្តកាន់តែខ្លាំង ក្នុងការវាយសម្រុក ធ្វើឲ្យ សុខ ធី ខំចិត្តវាយដកថយ បែបសន្សំកម្លាំង ហើយចុងក្រោយត្រូវបានចៅក្រម សម្រេចឲ្យចាញ់ Thanousiklek ដោយពិន្ទុមិនឯកច្ឆន្ទ ៣ទល់នឹង២។

ផ្ទុយពីនេះ តាញ់ មករា ដែលបានចាញ់ពិន្ទុ Thanousiklek សម្រាប់ការប្រកួតបើកឆាក កាលពីថ្ងៃទី១៤ ខែតុលានោះ បានធ្វើការវាយសម្រុកទៅលើថៃ Sophapnoy ជាបន្តបន្ទាប់ ហើយនៅចុងទឹកទី៤ មករា បានចូលចាប់បុកជង្គង់ និងវាយកែងស្តាំ ចំសៀតពេញទំហឹង បណ្តាលឲ្យ Sophapnoy ដួលក្រោកលែងរួចតែម្តង។

យោងតាមលទ្ធផលការប្រកួតត្រឹមជុំទី២នេះ ឈុត សេរីវ៉ាន់ថង និង Thanousiklek បានឈ្នះទាំង២ប្រកួត មាន៦ពិន្ទុពេញ និងឈរនៅលេខ១តាមពូលកម្ពុជា និងពូលថៃរៀងៗខ្លួន ចំណែក តាញ់ មករា, សុខ ធី Phit Bunmey និង Phou Takvann មាន៤ពិន្ទុដូចគ្នា តែ ឡុង ជិន បានចាញ់ទាំង២ប្រកួត មានតែ២ពិន្ទុទេ ខណៈព្រឹត្តិការណ៍នេះ កំណត់យកអ្នកមានពិន្ទុខ្ពស់ជាងគេចេញពីពូលទាំង២ ចំនួន៤នាក់ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.