v9

ជើងខ្លាំងមិនទាន់ស្គាល់ការចាញ់ ឡៅ ចិត្ត្រា និង ចាន់ ប៊ុនហឿន បន្តប្រជែងជាមួយឡាវ និងថៃ នៅ​ថ្ងៃ​អាទិត្យ

3 weeks ago​ | ដោយ V-Dara

កីឡាករជើងខ្លាំងរបស់កម្ពុជា ឡៅ ចិត្ត្រា និង ចាន់ ប៊ុនហឿន ដែលមិនទាន់ស្គាល់ការចាញ់សោះ នៅក្នុងការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ខារ៉ាបាវ រដូវកាលទី៥ ក្នុងទម្ងន់៦០គីឡូក្រាមនោះ នឹងត្រូវធ្វើការប្រជែងយក៣ពិន្ទុ ជាបន្តទៀត សម្រាប់ការប្រកួតជុំទី៣ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ នាល្ងាចម៉ោង៦ ថ្ងៃអាទិត្យនេះ។

នៅក្នុងការប្រកួតលើកទី៣នេះ ជើងខ្លាំងមកពីក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ ឡៅ ចន្ទ្រា នឹងត្រូវប្រកួតដណ្តើម៣ពិន្ទុជាមួយអ្នកប្រដាល់របស់ឡាវ Nampetch Chhor ហើយ ចាន់ ប៊ុនហឿន ត្រូវប្រឈមជាមួយអ្នកប្រយុទ្ធរបស់ថៃ Khumpichit Payaknonghin។

សម្រាប់ជំនួបរវាងអ្នកទាំង៤នេះ វានឹងក្លាយជាការប្រកួតដែលមានភាពស្វិតស្វាញខ្លាំង ព្រោះម្នាក់ៗត្រូវការឈ្នះ៣ពិន្ទុដូចគ្នា ដើម្បីបង្កើនភាគរយ ឆ្ពោះទៅកាន់វគ្គបន្តទៀត ខណៈ២ប្រកួតកន្លងមកនេះ ឡៅ ចិត្ត្រា និង ចាន់ ប៊ុនហឿន បានឈ្នះទាំង២ប្រកួត និងមាន៦ពិន្ទុស្មើគ្នា រីឯ Nampetch Chhor និង Khumpichit បានឈ្នះ១ និងចាញ់១ប្រកួត មាន៤ពិន្ទុដូចគ្នា។

ឡៅ ចិត្រ្តា ដែលជាប្អូនប្រុសបង្កើតរបស់ ឡៅ ស៊ីណាត និង ឡៅ ចន្ទ្រា បានចំណាយពេលត្រឹម២ទឹកប៉ុណ្ណោះ ក្នុងការវាយកែងផ្តួលថៃ Nuth Kor ឲ្យសន្លប់ ក្នុងការប្រកួតបើកឆាក មុនពេលរូបគេបានឈ្នះពិន្ទុលើ Khumpichit ហើយការប្រកួតលើកនេះ ចិត្រ្តា ត្រូវបានគេមើលឃើញថា អាចនឹងយកឈ្នះ Nampetch ដែលធ្លាប់ឈ្នះពិន្ទុ រិទ្ធ ភូលូ តែបានចាញ់ពិន្ទុ ចាន់ ប៊ុនហឿន។

ចំណែក ចាន់ ប៊ុនហឿន បានផ្តួលថៃ Yodpayak ឲ្យសន្លប់ត្រឹមទឹកទី២ ក្នុងការប្រកួតជុំទី២ គឺបន្ទាប់ពីរូបគេបានយកឈ្នះដោយពិន្ទុលើ Nampetch ប៉ុន្តែការវិលមកជួប Khumpichit លើកនេះ ប៊ុនហឿន អាចនឹងជួបការលំបាកច្រើន។ បើទោះបីជា Khumpichit បានចាញ់ពិន្ទុ ឡៅ ចិត្ត្រា ប៉ុន្តែការយកឈ្នះ ព្រឿង សុជាតិ អាចបង្ហាញបានថា សមត្ថភាពប្រកួតរបស់គេល្អ មិនចាញ់ ចាន់ ប៊ុនហឿន ប៉ុន្មានឡើយ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.