v9

អតីតគូសត្រូវចាស់ ឃីម ឌីម៉ា និង ផល សោភ័ណ្ឌ ត្រូវប៉ះជើងខ្លាំងថៃ នៅសង្វៀន CNC

3 weeks ago​ | ដោយ V-Dara

កីឡាករជើងខ្លាំង ឃុន ឌីម៉ា (ឃីម ឌីម៉ា) និង ផល សោភ័ណ្ឌ ដែលធ្លាប់ជាគូសត្រូវចាស់ តាមរយៈការប្រកួតគ្នាយ៉ាងពុះកញ្រ្ជោលកន្លងមកនោះ ត្រូវបានគណៈកម្មការរៀបចំ ដាក់ឲ្យពួកគេ ប្រកួតមិត្តភាពអន្តរជាតិ ជាមួយជើងខ្លាំងរបស់ថៃ នៅលើសង្វៀន CNC នាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ ហើយកីឡាករទម្ងន់ធ្ងន់ ដែលមិនសូវឃើញមុខនៅលើសង្វៀន ព្រំ សំណាង ក៏ត្រូវប្រកួតនៅលើសង្វៀនមួយនេះផងដែរ។

នៅក្នុងការប្រកួតនេះ ឃីម ឌីម៉ា ដែលជាម្ចាស់មេដាយមាសពីកីឡាស៊ីហ្គេម ត្រូវដាក់ឲ្យប្រកួតជាមួយជើងខ្លាំង Kreangkrai ក្នុងទម្ងន់៦៣,៥គីឡូក្រាម នៅរសៀលថ្ងៃសៅរ៍ ហើយការប្រកួតនេះ ត្រូវបានគេមើលឃើញថា នឹងមានភាពស្វិតស្វាញខ្លាំង ព្រោះ ឌីម៉ា មានក្បាច់ប្រកួតល្អ តែ Kreakrai ជាកីឡាករដែលមានបច្ចេកទេសខ្ពស់ ក្នុងការទប់ និងវាយបកទៅលើគូប្រកួតបានល្អដូចគ្នា។

កីឡាករវ័យ២៥ឆ្នាំ ឃីម ឌីម៉ា មានប្រៀបលើ Kreakrai ផ្នែកកម្ពស់បន្តិច ប៉ុន្តែបទពិសោធប្រកួតរបស់អ្នកទាំង២នេះ មានភាពប្រហាក់ប្រហែលគ្នា ដោយក្នុងនោះ ឌីម៉ា ធ្លាប់ប្រកួតបាន១០០ដង ឈ្នះ៨៣ ចាញ់១៤ និងស្មើ៣ដង ឯ Kreakrai ធ្លាប់ប្រកួតបាន១០២ដង ឈ្នះ៧៣ ចាញ់២៦ និងស្មើ៣ដង។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍នោះដែរជើងខ្លាំងទម្ងន់ធ្ងន់ តែមិនសូវមានទីផ្សារប្រកួត ព្រំ សំណាង ត្រូវដាក់ឲ្យប្រកួតជាមួយថៃ Phitsanan ដែលអ្នកទាំង២នេះ ត្រូវប្រកួតក្នុងទម្ងន់៧៨គីឡូក្រាម។ សំណាង មានកម្ពស់១,៧៥ម៉ែត្រ ប្រកួតបាន៦៣ដង ឈ្នះ៥១ ចាញ់៩ និងស្មើ៣ដង ហើយ Phitsanan មានកម្ពស់រហូតដល់១,៨៥ម៉ែត្រ ធ្លាប់ប្រកួតបាន៩៦ដង ឈ្នះ៧១ ចាញ់២០ និងស្មើ៥ដង។

ដោយឡែកជើងខ្លាំងមានជំនាញទាំងប្រដាល់សេរី និងសាកល ផល សោភ័ណ្ឌ ត្រូវ ប្រឈម ជាមួយជើងខ្លាំង Neungtrakan ក្នុងទម្ងន់៦៣,៥គីឡូក្រាម ហើយកីឡាករវ័យ២១ឆ្នាំ លិញ ភារម្យ ក៏ត្រូវដាក់ឲ្យប្រកួតជាមួយកីឡាករថៃ Rambo នៅរសៀលថ្ងៃអាទិត្យ នោះផងដែរ។

ការដាក់ឲ្យជួបគ្នារវាង ផល សោភ័ណ្ឌ និង Neungtrakan បានធ្វើឲ្យទស្សនាប្រដាល់ មានការចាប់អារម្មណ៍ខ្លាំង ព្រោះអ្នកទាំង២នេះ មានជំនាញខាងចូលប្តូរដូចគ្នា។ Neungtrakan មានជង្គង់ល្អ និងក៏វាយកែងបានល្អផងដែរ អ៊ីចឹងការជួបគ្នារបស់អ្នកទាំង២នេះ អាចនឹងបន្សល់ទុកនៅស្នាមបែកក៏ថាបាន ដោយសារ ផល សោភ័ណ្ឌ មានកណ្តាប់ដៃល្អ ហើយការវាយកែងរបស់គេ គឺមានគ្រោះថ្នាក់បំផុត។

ចំពោះប្រវត្តិប្រកួតរបស់ ផល សោភ័ណ្ឌ និង Neungtrakan ប្រហាក់ប្រហែលគ្នា។ សោភ័ណ្ឌ ធ្លាប់ប្រកួតបាន១២២ដង ឈ្នះ១០០ ចាញ់២១ និងស្មើ១ ខណៈ Neungtrakan ប្រកួតបាន១២០ដង ឈ្នះ៩៥ដង ចាញ់១៩ និងស្មើ៦ដង៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.