v9

សុខ ធី សរសើរគូប្រកួតថា ល្អគ្រប់ក្បាច់ ខណៈ តាញ់ មករា ប៉ះអ្នកស្រេកឃ្លានការឈ្នះរបស់ថៃ

3 weeks ago​ | ដោយ V-Dara

កីឡាករជើងខ្លាំងវ័យ១៩ឆ្នាំ សុខ ធី ហៅ កាកា បានសរសើរទៅដល់អ្នកប្រយុទ្ធរបស់ថៃ Thanousiklek ថាល្អ និងវ៉ៃបានគ្រប់ក្បាច់ មុនពេលអ្នកទាំង២ ត្រូវប្រកួតដណ្តើមយក៣ពិន្ទុ ក្នុងការប្រកួតវិលជុំសន្សំពិន្ទុដណ្តើមពានរង្វាន់អន្តរជាតិ «កំពូលអ្នកប្រដាល់កណ្តាប់ដៃដែក ISI Palm» ទម្ងន់៥៧គីឡូក្រាម នៅលើសង្វៀន CNC នារសៀលថ្ងៃអាទិត្យនេះ ចំណែក តាញ់ មករា ត្រូវប៉ះអ្នកស្រេកឃ្លានការឈ្នះ Sophapnoy ថ្ងៃនោះផងដែរ។

សុខ ធី ដែលធ្លាប់ប្រកួតបាន៨០ដង ឈ្នះ៦៨ ចាញ់១០ និងស្មើ២ដង បាននិយាយថា៖ «និយាយទៅ Thanousiklek គឺល្អទាំងកណ្តាប់ដៃ កែង និងជង្គង់ ប៉ុន្តែខ្ញុំបានត្រៀមខ្លួនរួចហើយ ហើយសង្ឃឹមថា ខ្ញុំនឹងអាចដណ្តើមបាន៣ពិន្ទុ»។

ការវិលមកជួបគ្នារបស់ សុខ ធី និង Thanousiklek សម្រាប់ការប្រកួតជុំទី២នេះ បានក្លាយជាការប្រកួត ដែលមានការចាប់អារម្មណ៍ខ្លាំង ព្រោះនៅក្នុងចំណោមបេក្ខភាពទាំង៨នាក់(ខ្មែរ៤ និងថៃ៤) ដែលត្រូវបានដាក់ឲ្យប្រកួតដណ្តើមពានអន្តរជាតិនេះ គឺ សុខ ធី មានភាពលេចធ្លោរជាងគេ ក្នុងពូលកម្ពុជា ឯ Thanousiklek មានសមត្ថភាពល្អជាងគេ ខាងពូលថៃ។

បន្ថែមលើនេះ អ្នកទាំង២នេះ សុទ្ធតែទទួលបាន៣ពិន្ទុ សម្រាប់ការប្រកួតបើកឆាក កន្លងមក ដោយក្នុងនោះ សុខ ធី បានយកឈ្នះថៃ Sophapnoy ដោយពិន្ទុដាច់ ខណៈ Thanousiklek បានឈ្នះពិន្ទុ តាញ់ មករា។ ហេតុនេះអ្នកឈ្នះបាន៣ពិន្ទុបន្ថែម ក្នុងការប្រកួតនេះ គឺមានភាគរយកាន់តែខ្ពស់ ក្នុងការបានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ដោយឡែកការវិលមកជួបគ្នារវាង តាញ់ មករា និង Sophapnoy វាបានក្លាយជាការប្រជែងយក៣ពិន្ទុ ដ៏មានសារៈសំខាន់ផងដែរ ព្រោះអ្នកឈ្នះ នឹងអាចបង្កើតឱកាសបានវិញ ក្នុងការប្រជែងទៅវគ្គបន្តទៀត តែអ្នកចាញ់ អាចនឹងប្រឈមពីការធ្លាក់ត្រឹមវគ្គជម្រុះនេះ។

ទាក់ទងនឹងការប្រកួតនេះ លោក ធន់ សុភា គ្រូបង្វឹក តាញ់ មករា បានប្រាប់ថា៖ «ការប្រកួតលើកនេះ មករា ហ្វឹកហាត់ត្រឹមបានល្អជាការប្រកួតលើកទី១ ហេតុនេះខ្ញុំសង្ឃឹមថា មករា នឹងធ្វើបានល្អ ដើម្បីដណ្តើមយក៣ពិន្ទុលើកនេះ»។

បន្ថែមទៅលើការប្រកួតវិលជុំដណ្តើមពានអន្តរជាតិនេះ កីឡាករទើបជាពីរបួស ផាន់ គ្រាន់ ត្រូវដាក់ឲ្យប្រកួតមិត្តភាពអន្តរជាតិ ក្នុងទម្ងន់៦៣,៥គីឡូក្រាម ជាមួយកីឡាករថៃ Chatchay ហើយថៃវ័យ២៤ឆ្នាំរូបនេះ ធ្លាប់ប្រកួតបាន៩២នាក់ ឈ្នះ៧៥ ចាញ់១៥ និងស្មើ២ដង៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.