v9

ស៊ន អេលីត៖ តើខ្ញុំគួរតែបន្តទៀត ដើម្បីគុនខ្មែរ ឬត្រូវបញ្ឈប់ត្រឹងហ្នឹង?

3 weeks ago​ | ដោយ V-Dara

អតីតកីឡាករមានជំនាញច្រើនប្រភេទ ស៊ន អេលីត ដែលគេស្គាល់ថា ជាបងប្រុសបង្កើតរបស់វីរកីឡាការិនី ស៊ន សៀវម៉ី នោះ បានកំពុងនឹងបង្ហាញភាពស្ទាក់ស្ទើរ ក្នុងការបន្តការជួយអភិវឌ្ឍកីឡាគុនខ្មែរ ដោយលោកបានអះអាងថា ការព្យាយាមរបស់លោក បានទទួលមកវិញ តែការចាំសើចចំអក និងការឈ្នានីស ជាន់ពន្លិច ពីមនុស្សមួយចំនួន។

ស៊ន អេលីត ដែលមានតួនាទីជាកងអង្គរក្សរបស់ថ្នាក់ដឹកនាំផងនោះ បានរំលេចចេញនៅអារម្មណ៍ពិត តាមរយៈការបង្ហោះសារស័ព្ទ នៅក្នុងហ្វេសប៊ុករបស់ខ្លួន កាលពីពេលថ្មីៗនេះថា៖ «ខ្ញុំដូចជាមានអារម្មណ៍ថា ហត់ខ្លាំងណាស់ ហត់ទាំងកម្លាំងកាយ អស់ទាំងកម្លាំងចិត្ត និងពាក្យថា ស្រឡាញ់គុនខ្មែរ»។

អេលីត បានបន្ថែមថា៖ «រាល់ថ្ងៃខ្ញុំលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងលះបង់ទាំងថវិកា ប៉ុន្តែអ្វីដែលខ្ញុំបានមកវិញ គឺការចាំសើចចំអក និងការឈ្នានីស ជាន់ពន្លិច។ តើខ្ញុំគួរតែបន្តទៀតដើម្បីគុនខ្មែរ ឬត្រូវបញ្ឈប់ត្រឹមហ្នឹង? តើគុនខ្មែររីកចម្រើនទៅមុខអត់ បើស្រុកយើងសម្បូរតែមនុស្សប្រភេទចឹង? ចាំតែក្តិចត្រួយ»។

យ៉ាងណាក៏ដោយ ស៊ន អេលីត មិនបានបង្ហាញពីមូលហេតុច្បាស់លាស់ និងអ្នកដែលចាំតែក្លិចត្រួច លើការងាររបស់ខ្លួន ដែលធ្វើឲ្យរូបគេមានអារម្មណ៍អស់សង្ឃឹម ក្នុងការបន្តជួយអភិវឌ្ឍកីឡាគុនខ្មែរទៀត នោះទេ ប៉ុន្តែគេគ្រាន់តែដឹងថា សព្វថ្ងៃនេះ ស៊ន អេលីត មានក្លិបប្រដាល់ផ្ទាល់ខ្លួនមួយឈ្មោះថា «ឆ្មាសសែនសុខគុនខ្មែរ» និងកំពុងរៀបចំការប្រកួតប្រដាល់គុនខ្មែរលក្ខណៈបណ្តុះបណ្តាលកីឡាថ្នាលឈ្មោះថា «ពន្លកគុនខ្មែរ» នៅក្នុងក្លិបឆ្មាសសែនសុខគុនខ្មែរ ផងដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.