v9

ក្រុមល្បុក្កតោកម្ពុជា ចេញទៅប្រកួតផ្នែកក្បាច់គុនអត្តសញ្ញាណជាតិ នៅកូរ៉េ

3 weeks ago​ | ដោយ V-Dara

ប្រតិភូកីឡាល្បុក្កតោកម្ពុជា រួមមានអត្តពលិក៦នាក់ គ្រូបង្វឹក១នាក់ និងប្រធានតិភូ១នាក់ បានធ្វើដំណើរ ទៅកាន់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធនេះ ដើម្បីទៅចូលរួមការប្រកួតក្បាច់គុន ជាអត្តសញ្ញាណតំណាងឲ្យជាតិ នៅក្នុងព្រឹត្តិការណ៍កីឡាយុទ្ធសិល្បិ៍អន្តរជាតិ ដែលនឹងត្រូវធ្វើពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា នៅទីនោះ។

លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាល្បុក្កតោកម្ពុជា និងជាប្រធានប្រតិភូដឹកនាំការប្រកួតនេះ បានប្រាប់ថា ការប្រកួតកីឡាយុទ្ធសិល្បិ៍អន្តរជាតិ ប្រចាំឆ្នាំ២០១៨នេះ មានប្រទេស ដែលមានក្បាច់គុនអត្តសញ្ញាណជាតិ ចំនួន២១ នៅជុំវិញពិភពលោក បានចូលរួម ហើយនេះជាព្រឹត្តិការណ៍ដ៏ធំ នឹងសំខាន់បំផុត។

លោកបានបន្តថា៖ «ការប្រកួតកីឡាយុទ្ធសិល្បិ៍អន្តរជាតិនេះ ជាព្រឹត្តិការណ៍ដ៏ធំ ដែលត្រូវបានរៀបចំឡើងក្រោមការឧបត្ថម្ភរបស់អង្គការយូណេស្កូ អ៊ីចឹងការទៅចូលរួមការប្រកួតនេះ គឺកម្ពុជាយើង ទទួលបានអត្តប្រយោជន៍ច្រើន ដោយយើងអាចបង្ហាញនូវមរតកវប្បធម៌ផ្នែកក្បាច់គុនរបស់យើងឲ្យពិភពលោកបានឃើញ ដើម្បីបញ្ជាក់ថា ខ្មែរយើងមានក្បាច់គុន ជាអត្តសញ្ញាណជាតិផ្ទាល់ខ្លួន ដែលដូនតាខ្មែរបានបន្សល់ទុកឲ្យរាប់ពានឆ្នាំមកហើយ»។

កីឡាករ វី តារ៉ា, សយ ផាន់និច, គីម ទិត្យសុវឌ្ឍនៈ, ឌឹប ង៉ែត កីឡាការិនី យស់ សញ្ចណា និង ស៊ិន សៀវសៀន ព្រមទាំងគ្រូបង្វឹកលោក អ៊ុង ដារិទ្ធ គឺជាបេក្ខភាព ដែលសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានបញ្ចូនឲ្យទៅចូលរួមការប្រកួតកីឡាយុទ្ធសិល្បិ៍អន្តរជាតិ ជាមួយលោក អ៊ួ តារាង ហើយពួកគេត្រូវប្រកួតសម្តែង នៅលើវិញ្ញាសាចំនួន៦ មានឯកត្តជនប្រើដៃ ឯកត្តជនប្រើអាវុធ សមយុទ្ធគូប្រើដៃ សមយុទ្ធគូមានអាវុធ សម្តែងក្បាច់គុនចម្រុះបែបច្នៃប្រឌិត និងប្រកួតជាក្រុម។

លោក អ៊ួ តារា បាននិយាយថា៖ «ការចេញទៅប្រកួតនេះ មិនមែនទៅសម្រាប់គ្រាន់តែបង្ហាញឲ្យប្រទេសផ្សេងៗ គេបានស្គាល់ពីក្បាច់គុនអត្តសញ្ញាណរបស់យើងនោះទេ ប៉ុន្តែយើងត្រូវប្រឈមជាមួយដៃគូប្រកួតរបស់យើងខ្លាំង ពិសេសប្រទេសដែលគេមានការអភិវឌ្ឍន៍យូរឆ្នាំទាក់ទងនឹងក្បាច់គុនបុរាណនេះ»។

លោកបានប្រាប់ទៀតថា៖ «បន្ថែមលើនេះ អាកាសធាតុត្រជាក់ខ្លាំង ពី៨ទៅ១២អង្សាសេ នៅកូរ៉េ ក៏ជាកង្វល់របស់យើងផងដែរ ប៉ុន្តែសម្រាប់ការចេញទៅប្រកួតលើកនេះ យើងត្រៀមខ្លួនបានល្អ និងបានប្រកួតទាំង៦វិញ្ញាសាតែម្តង ព្រោះឯកឧត្តមប្រធានសហព័ន្ធ (ច័ន្ទ សារុន) ជាអ្នកចំណាយគ្រប់បែបយ៉ាងដល់ពួកយើង អ៊ីចឹងធ្វើឲ្យអត្តពលិករបស់យើងមានកម្លាំងចិត្ត និងសង្ឃឹមថា យើងនឹងទទួលបានលទ្ធផលល្អ»។

គួររំឭកថា សហព័ន្ធកីឡាល្បុក្កតោកម្ពុជា ធ្លាប់បានបញ្ជូនក្រុមល្បុក្កតោ ទៅចូលរួមការប្រកួតកីឡាយុទ្ធសិល្បិ៍អន្តរជាតិនេះ បាន២ដងហើយ គឺកាលពីឆ្នាំ២០១៣ ដោយបានលេខ២ ក្នុងការប្រកួតជាក្រុម ប៉ុន្តែការចូលរួមលើកទី២ កាលឆ្នាំ២០១៥ កម្ពុជា មិនដណ្តើមបានមេដាយទេ ហើយសម្រាប់ការចេញទៅប្រកួតលោកនេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្តល់ប្រាក់លើកទឹកចិត្តដល់ពួកគេម្នាក់១៥០ដុល្លារ បន្ថែមទៅលើការចំណាយសរុបរបស់លោក ច័ន្ទ សារុន ចំនួន៥០០០ដុល្លារ ផងដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.