v9

ឪពុករបស់ ឈុត សេរីវ៉ាន់ថង ថា ការទាត់ថៃឲ្យខូចជើងក្រោម មិនមែនជារឿងចាយដន្យ(មានវីឌីអូ)

3 weeks ago​ | ដោយ V-Dara

គ្រូប្រដាល់ក្បាច់គុនបុរាណខ្មែរ លោក ឈុត សេរី បានបង្ហាញពីមោទនភាពទៅលើកូនប្រុសរបស់លោក គឺកីឡាករជើងខ្លាំងវ័យក្មេង ឈុត សេរីវ៉ាន់ថង ដែលបានទាត់អ្នកប្រដាល់ថៃ Phit Bunmey ឲ្យខូចជើងត្រឹមទឹកទី៤ នៅក្នុងការប្រកួតដណ្តើមពានអន្តរជាតិ «កំពូលអ្នកប្រដាល់កណ្តាប់ដៃដែក ISI Palm» ទម្ងន់៥៧គីឡូក្រាម នៅលើសង្វៀន CNC កាលពីថ្ងៃអាទិត្យ។

លោក ឈុត សេរី បានចាត់ទុកការទទួលបានជ័យជម្នះលើកីឡាករថៃ Phit Bunmey លើកនេះថា វាជារឿងលំបាក ចំពោះ សេរីវ៉ាន់ថង ដោយសារតែអ្នកប្រដាល់ថៃម្នាក់នេះមានក្បាច់សសន្លប់ល្អ ពិសេសជង្គង់ និងវាយកែង ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ការទាត់ឲ្យថៃម្នាក់នេះ មិនមែនជារឿងចាយដន្យនោះទេ។

លោក ឈុត សេរី បានប្រាប់ នៅរសៀលថ្ងៃចន្ទនេះថា៖ «ខ្ញុំមើលឃើញថា វាមានការលំបាក ចំពោះការយកឈ្នះថៃ Phit Bunmey លើកនេះ គឺបើយើង គ្មានយុទ្ធសាស្រ្ត ក៏មិនអាចយកឈ្នះគេបានដែរ ព្រោះថៃម្នាក់នេះមានក្បាច់សម្លាប់ច្រើន»។

លោកបានបន្ថែមថា៖«ការវាយចេញរបស់ថៃម្នាក់នេះ គឺគួរឲ្យស្រៀវខ្នងផងដែរ ប៉ុន្តែការទាត់ថៃម្នាក់នេះឲ្យខូចជើង វាមិនមែនជារឿងចាយដន្យនោះទេ គឺខ្ញុំបានបង្វឹកដល់ វ៉ាន់ថង ឲ្យគេត្រៀមយុទ្ធសាស្រ្ត បានយូរគួរសមដែរ ហើយការមើលឃើញពីចំណុចខ្សោយនេះ គឺយើងបានសិក្សាតាំងពី Phit Bunmey វ៉ៃជាមួយ ឡុង ជិន។ ម្យ៉ាងទៀត ការទាត់ជើងក្រោម ក៏ដើម្បីកាត់បន្ថយភាពរឹងមាំរបស់គេ ក្នុងការចូលវាយសន្ធាប់មកលើយើងផងដែរ»។

តាមរយៈការប្រកួតនៅលើសង្វៀន CNC កាលពីថ្ងៃអាទិត្យ ម្សិលមិញនោះ Phit Bunmey បានដើរចូលវាយកែង និងចាប់បុកជង្គង់ទៅលើ ឈុត សេរីវ៉ាន់ថង ជាបន្តបន្ទាប់ ប៉ុន្តែ វ៉ាន់ថង បានព្យាយាមដកថយ និងវាយសងប្រកបដោយភាពវៃឆ្លាត ហើយនៅពាក់កណ្តាលទឹកទី៤ រូបគេបានទទួលជោគជ័យ ដោយទាត់ឲ្យជើងឆ្វេងរបស់ Phit Bunmey ខូច និងដួលក្រោកលែងរួច។

ផ្ទុយពីនេះកីឡាករ ឡុង ជិន ដែលបានចាញ់ដោយសន្លប់ក្រោមស្នាដៃ Phit Bunmey សម្រាប់ការប្រកួតលើកទី១នោះ បានបន្តចាញ់ដោយសន្លប់ នៅត្រឹមទឹកទី៤ ក្រោមក្បាច់ជង្គង់របស់ថៃ Phou Takvann កាលពីថ្ងៃអាទិត្យនោះដែរ។

យោងតាមលទ្ធផលការប្រកួតនេះ ឈុត សេរីវ៉ាន់ថង ឡើងទៅឈរនៅលេខ១ប្រចាំពូលAរបស់កម្ពុជា ដោយឈ្នះទាំង២ប្រកួត មាន៦ពិន្ទុ តាមពីក្រោយដោយ សុខ ធី មាន៣ពិន្ទុ ដោយឈ្នះពិន្ទុថៃថៃ Sophapnoy ថ្ងៃបើកឆាក ឯ តាញ់ មករា មាន១ពិន្ទុ ព្រោះចាញ់ពិន្ទុថៃ Thanousiklek ថ្ងៃបើកឆាក ប៉ុន្តែ ឡុង ជិន មាន២ពិន្ទុ ដោយចាញ់ទាំង២ប្រកួត ធ្វើឲ្យរូបគេប្រឈមទៅនឹងការធ្លាក់ត្រឹមវគ្គជម្រុះតាមពូលនេះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.