v9

ពានសម្តេច ហេង សំរិន ត្រូវប្រកួតផ្តាច់ព្រ័ត្រ នៅល្ងាចថ្ងៃសៅរ៍នេះ

1 month ago​ | ដោយ V-Dara

ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកទី២ ឆ្នាំ២០១៨ ដែលបានបញ្ចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីចុងសប្តាហ៍មុននោះ នឹងត្រូវធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដើម្បីរកក្រុមលើកពាន អមជាមួយប្រាក់រង្វាន់ចំនួន៣២លានរៀល នៅពហុកីឡដ្ឋានជាតិ ថ្ងៃសៅរ៍នេះ។

ក្រុមដែលត្រូវឡើងមកជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រនេះ ក្រុមម្ចាស់ជើងឯកឆ្នាំ២០១៧ អាណាចក្របៃតង និង TN Kandal FC។ ក្រុមទាំង២នេះ នឹងត្រូវធ្វើការប្រកួតគ្នា ចាប់ពីល្ងាចម៉ោង៥ទៅ គឺបន្ទាប់ពីការប្រកួតដណ្កើមយកចំណាត់ថ្នាក់លេខ៣ និងលេខ៤រវាងក្រុមពិស្ណុការ និងក្រុមយុវជនបៃតង ដែលត្រូវធ្វើនៅពហុកីឡដ្ឋានជាតិ នោះដែរ។

តាមរយៈការប្រកួតប្រជែង ដែលមានក្រុមចូលរួមចំនួន២១នោះ ក្រុម TN Kandal FC និង អាណាចក្របៃតងណ សុទ្ធតែធ្វើបានល្អដូចគ្នា សម្រាប់ការប្រកួតជម្រុះតាមពូលទាំង៤ មុនពេលពួកគេ បានបន្តទទួលបានជោគជ័យ ក្នុងការប្រកួតវគ្គ៨ក្រុម ចំណែកការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ក្រុម TN Kandal FC បានយកឈ្នះក្រុមពិស្ណុការ ៤-២ ស្របពេលក្រុមអាណាចក្របៃតង បានលត់ក្រុមយុវជនបៃតង ៦-៣ ដើម្បីឡើងមកការពារតំណែងជើងឯក នៅវគ្គផ្តាច់ព្រ័ត្រនេះ។

តាមរយៈបទពិសោធ និងបច្ចេកទេសប្រកួតរវាងក្រុម TN Kandal FC និងក្រុមអាណាចក្របៃតង ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យការប្រកួតផ្តាច់ព្រ័ត្រនេះ មានការជក់ចិត្ត និងស្វិតស្វាញខ្លាំង ខណៈលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា និងជាតំណាងឲ្យលោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានចាត់ទុកព្រឹត្តិការណ៍នេះ ជាការរួមចំណែកបណ្តុះធនធានមនុស្ស ឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.