v9

ឡៅ ចន្ទ្រា និងខ្លានាង ត្រូវវ៉ៃដណ្តើមប្រាក់លានជាមួយថៃ នៅ CNC ថ្ងៃសៅរ៍នេះ

1 month ago​ | ដោយ V-Dara

កីឡាករជើងខ្លាំងរបស់កម្ពុជា ឡៅ ចន្ទ្រា និងអ្នកប្រដាល់ជំនាន់ក្រោយ វ៉ៃមិនដកថយ ខាំ ខ្លានាង នឹងត្រូវឡើងប្រកួតដណ្តើមប្រាក់លាន ក្នុងប្រភេទទម្ងន់ខុសគ្នា ជាមួយអ្នកប្រដាល់របស់ថៃ នៅលើសង្វៀន CNC នារសៀលថ្ងៃសៅរ៍នេះ។

នៅក្នុងការប្រកួតនេះ ឡៅ ចន្ទ្រា របស់ក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ ត្រូវដាក់ឲ្យប្រកួតដណ្តើមប្រាក់លាន ក្នុងទម្ងន់៦៧គីឡូក្រាមជាមួយជើងខ្លាំងរបស់ថៃ Takseila ដែលថៃវ័យ២៥ឆ្នាំម្នាក់នេះ មានខ្ពស់ជាង ឡៅ ចន្ទ្រា បន្តិច គឺគេកម្ពស់ ១,៧៣ ម៉ែត្រ ហើយ ចន្ទ្រា មានកម្ពស់ ១,៧០ ម៉ែត្រ។

យ៉ាងណាក៏ដោយ ឡៅ ចន្ទ្រា មានប្រវត្តិប្រកួតច្រើនជាង គឺគេធ្លាប់ប្រកួតបាន១០៩ដង ឈ្នះ៩៧ ចាញ់៨ និងស្មើ៤ដង ខណៈ Takseila ធ្លាប់ប្រកួតបាន៨៥ដង ឈ្នះ៦៥ ចាញ់១៧ និងស្មើ៣ដង ហើយយោងតាមប្រវត្តិ និងបច្ចេកទេសប្រកួត គឺអ្នកទស្សនាភាគច្រើន នៅតែជឿជាក់ទៅលើ ឡៅ ចន្ទ្រា ថា នឹងអាចទទួលបានជ័យជម្នះលើកនេះ។

ចំណែកកីឡាករ ខាំ ខ្លានាង របស់ក្លិបរ៉ាហាប់ស្វាយប៉ាក នឹងត្រូវប្រកួតក្នុងទម្ងន់៥១គីឡូក្រាម ជាមួយអ្នកប្រដាល់ថៃ Loukyort។ ខ្លានាង មានកម្ពស់ខ្ពស់ជាងថៃវ័យ២១ឆ្នាំនេះ តែបន្តិចប៉ុណ្ណោះ ប៉ុន្តែបទពិសោធប្រកួត Loukyort ធ្លាប់ប្រកួតបាន៩០ដង ឈ្នះ៦៨ ចាញ់១៨ ស្មើ៤ដង ឯ ខាំ ខ្លានាង ប្រកួតបានត្រឹម៧៣ដង ឈ្នះ៥៥ ចាញ់១៦ និងស្មើ២ដង។

កីឡាករវ័យ២២ឆ្នាំ ខាំ ខ្លានាង អាចនឹងមានការលំបាកច្រើន សម្រាប់ការស្វែងរកការឈ្នះលើនេះ ព្រោះ Loukyort មានក្បាច់ប្រកួតល្អ ប៉ុន្តែមហិច្ឆតា ចង់ឈ្នះប្រាក់លាន នឹងធ្វើឲ្យ ខ្លានាង ពុះពារការប្រកួតខ្លាំង ព្រោះលោក ម៉ា ស៊ីថេត អ្នកគ្រប់គ្រងកីឡាប្រចាំនៅសង្វៀន CNC បានប្រាប់ថា ការប្រកួតដណ្តើមប្រាក់លានទាំង២គូនេះ អ្នកឈ្នះ នឹងទទួលបានប្រាក់១លានរៀល បន្ថែមទៅលើប្រាក់តម្លៃខ្លួនដូចគ្នា៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.