v9
V9BET

ក្រុមយុវជន ១៦នាក់ ដែលទើបបានរំសាយ ប្តេជ្ញាខំសាងកេរ្តិ៍ឈ្មោះ នៅក្លិបលីកកំពូល

9 months ago​ | ដោយ V-Dr

ក្រុមយុវជនចំនួន ១៦នាក់ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសរំសាយពីការប្រមូលផ្តុំហ្វឹកហាត់ នៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី កាលពីថ្ងៃអង្គារកន្លងមកនេះ បានប្តេជ្ញាខំប្រឹងសាងកេរ្តិ៍ឈ្មោះ សម្រាប់ការបោះជំហានទៅលេងនៅតាមក្លិបលីកកំពូលទាំង៤ សម្រាប់ការប្រកួតរដូវកាលក្រោយនេះ។

តាងនាមឲ្យមិត្តរួមក្រុមទាំង១៦ ដែលត្រូវបាន FFC រំសាយនេះ ទៀត គឹមហេង បាននិយាយថា៖ «សម្រាប់ពួកខ្ញុំទាំងអស់គ្នា ដែលបានហ្វឹកហាត់ នៅបាទី រយៈពេល៤ឆ្នាំនេះ គឺសមត្ថភាពរបស់យើង នៅមិនទាន់គ្រាប់គ្រាន់ដូចគ្នា អ៊ីចឹងយើងត្រូវការទៅតាមក្លិប ដើម្បីហ្វឹកហាត់ និងបណ្តុះសមត្ថភាពបន្ថែមទៀត ព្រោះសមត្ថភាពទៅខាងមុខ ពួកខ្ញុំមិនទាន់គ្រប់គ្រាន់ទេ»។

តាមការប្រកាសពីការរំសាយក្រុមយុវជនទាំង១៦នាក់ នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃអង្គារនោះ លោក កែវ សារ៉េត អគ្គលេខាធិការ FFC បានប្រាប់ថា កីឡាករទាំង១៦នាក់ ដែលត្រូវបានរំសាយនេះ លែងជាបន្ទុករបស់ FFC ទៀតហើយ គឺជាបន្ទុករបស់ក្លិបវិញម្តង ព្រោះអ្នកទាំងនេះ សុទ្ធតែមានក្លិបរៀងៗខ្លួនអស់ហើយ ហើយក្លិបទាំងនោះ សុទ្ធតែមានមូលដ្ឋាននៅភ្នំពេញ។

តាមការប្រកាសក្នុងសន្និសីទនោះ គឺយុវជនទាំង១៦នាក់នេះ បានបែងចែកឲ្យលេងនៅក្នុងក្លិបចំនួន៤ ក្នុងក្លិបវិសាខា ទទួលបាន៦នាក់ ក្លិបអគ្គិសនីកម្ពុជា បាន៤នាក់ រីឯក្លិបបឹងកេត និងណាហ្គាវើល ទទួលបាន៣នាក់ដូចគ្នា ហើយក្លិបដែលទទួលបានយុវជនទាំងនេះ មិនតម្រូវឲ្យបង់ប្រាក់ទៅឲ្យ FFC នោះទេ គឺទទួលបានដោយឥតគិតថ្លៃ ប៉ុន្តែ FFC បានដាក់លក្ខខណ្ឌ៣ឲ្យបំពេញ។

លក្ខខណ្ឌទី១ ក្លិបត្រូវឲ្យយុវជនទាំងនេះបានប្រមូលផ្តុំហ្វឹកហាត់ឲ្យមានលក្ខណៈស្តង់ដារ ដូចនៅបាទី និងមានការប្រកួតផងដែរ ទី២ នៅពេល FFC មានការប្រមូលផ្តុំក្រុមយុជនជម្រើសជាតិពីអាយុក្រោម១៨ឆ្នាំ ដល់ក្រោម២២ឆ្នាំ ក្លិប ត្រូវបង្កការងាយស្រួល ដោយឲ្យពួកគេមកប្រមូលផ្តុំវិញ ហើយទី៣ ក្លិបត្រូវឲ្យយុវជនទាំងនោះ បានសិក្សារៀនសូត្រ ដើម្បីឲ្យពួកគេអាចមានលទ្ធផលរកការងារធ្វើ ក្រោយឈប់ពីអាជីពជាកីឡាករ។

ជាមួយគ្នា ទៀត គឹមហេង ដែលបានទៅលេងនៅក្លិបវិសាខា បាននិយាយថា៖ «សម្រាប់ខ្ញុំ គឺខ្ញុំអត់ខ្វល់ថា ក្លិបវិសាខា មានកីឡាករមកពីណានោះទេ សំខាន់ខ្លួនខ្ញុំ ត្រូវតែមានចិត្តមួយថា ត្រូវខំប្រឹងហ្វឹកហាត់ឲ្យអស់ពីសមត្ថភាព គឺអ្វីដែលខ្ញុំមាន ខ្ញុំនឹងបញ្ចេញឲ្យគ្រូបង្វឹករបស់ក្លិបវិសាខា បានឃើញ ហើយម្យ៉ាងទៀត វិសាខា ជាក្លិបថ្មី ទើបចូលលេងនៅលីកកំពូល អ៊ីចឹងកីឡាករ និងធនធាន នៅខ្វះខាតដែរ ហេតុនេះខ្ញុំត្រូវបញ្ចេញអ្វីដែលខ្ញុំមានជួយដល់ក្លិបរបស់ខ្ញុំ ក្នុងការប្រកួតរដូវកាលក្រោយនេះ»។

ចំណែក ផាច សុជាវីឡា ដែលបានទៅលេងឲ្យក្លិបអគ្គិសនីកម្ពុជា បាននិយាយថា៖ «ការសម្រេចទៅនៅក្លិបអគ្គិសនីកម្ពុជានេះ ដោយសារក្លិបនេះ មានគោលការណ៍មួយច្បាស់លាស់ គឺមិនយកកីឡាករបរទេស ដោយផ្តល់អាទិភាពឲ្យកីឡាករជាយុវជនចូលលេងបានច្រើន ដូចច្នេះសមត្ថភាពពួកយើង អាចនឹងជួយស្រោចស្រងក្លិបនេះ កាន់តែល្អជាងនេះទៀត។ បន្ថែមលើនេះ យើងនឹងមានឱកាសបានលេង និងបានប្រកួតប្រជែងជាមួយកីឡាករបរទេស និងកីឡាករល្អៗក្នុងស្រុកផ្សេងទៀតផងដែរ»៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.