v9

Hazard ច្រានចោលរឿងផ្ទេរទៅកាន់ក្លិប Real Madrid នៅខែមករា

1 week ago​ | ដោយ V-Dara

ខ្សែបម្រើប្រយុទ្ធ Eden Hazard របស់ក្លិប Chelsea ហាក់ដូចជាច្រានចោលការផ្ទេរនៅខែមករា ទៅកាន់ក្លិប Real Madrid កាលពីថ្ងៃព្រហស្បតិ៍ បើទោះបីបង្កើតឲ្យមានភាពស្រពេចស្រពិលជាថ្មីជុំវិញអនាគតរបស់គេនាពេលថ្មីៗនេះក៏ដោយ។

តារាឆ្នើមវ័យ ២៧ឆ្នាំរូបនេះ បាននិយាយបែបនេះក្នុងសន្និសីទសារព័ត៌មានមួយក្នុងពេលបំពេញការតព្វកិច្ចជាអន្តរជាតិជាមួយនឹងក្រុមជម្រើសជាតិបែលហ្ស៊ិក ដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន Sky Sports News។ Hazard ពិតជាចង់ឈ្នះពានរង្វាន់បាល់មាស Ballon d’Or ដែលជាពានសម្រាប់កីឡាករដ៏ឆ្នើមបំផុតក្នុងពិភពលោក ខណៈដែលរូបគេនឹងត្រូវលេងជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងព្រឹត្តិការណ៍ UEFA Nations League។ Hazard បាននិយាយទាំងញញឹមថា៖ «នោះប្រហែលជាមូលហេតុដែលខ្ញុំចង់ទៅ»។ នៅពេលដែលត្រូវបានចោទសួរថា តើការផ្ទេរនោះនឹងកើតឡើងនៅខែមករា ខាងមុខនេះ ឬយ៉ាងណា រូបគេបានបញ្ជាក់ថា៖ «អត់ទេ»។

Hazard បានបង្ហាញពីទម្រង់លេងយ៉ាងល្អឥតខ្ចោះក្នុងការរក្សាការមិនស្គាល់ចាញ់សោះរបស់ក្រុម Chelsea ក្រោមការដឹកនាំរបស់លោក Maurizio Sarri តាមរយៈការស៊ុតបាល់បញ្ចូលទី ៨គ្រាប់ក្នុងរាល់យុទ្ធនាការទាំងអស់។ តារាឆ្នើមអន្តរជាតិបែលហ្ស៊ិករូបនេះ ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមបំផុតលំដាប់ទី២ ក្នុងព្រឹត្តិការណ៍ World Cup ហើយក្រោយពីជួយឲ្យប្រទេសរបស់គេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងប្រទេសរុស្ស៊ី Hazard បានឲ្យដឹងថា៖ «វាប្រហែលជាដល់ពេលហើយសម្រាប់ការប្រជែងថ្មីមួយ» ខណៈដែល Real Madrid គឺជាក្លិបដែលរូបគេចង់ទៅ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.