v9

វិហារសួគ៌ បានត្រៀមរួចរាល់ សម្រាប់ដាក់ឲ្យមានការប្រកួត និងសម្តែងកីឡាប្រពៃណី ថ្ងៃភ្ជុំបិណ្ឌធំ

2 months ago​ | ដោយ V-Dara

គណៈកម្មការរៀបចំការប្រកួតកីឡាប្រពៃណី នៅវិហារសួគ៌ បានត្រៀមរួចរាល់អស់ហើយ ក្នុងការរៀបចំដាក់ឲ្យប្រកួត និងសម្តែងកីឡាប្រពៃណីចំនួន៥ប្រភេទ នៅបរិវេណវត្តវិហារសួគ៌ ស្ថិតក្នុងភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល នាថ្ងៃភ្ជុំបិណ្ឌ (ភ្ជុំធំ) នាថ្ងៃទី៩ ខែតុលា ខាងមុខនេះ។

លោក ថែ ថាំង ប្រធានភូមិវិហារសួគ៌ និងជាប្រធានគ្រប់គ្រងការប្រកួតកីឡាប្រពៃណី នៅវិហារសួគ៌ បានប្រាប់ថា៖ «នៅថ្ងៃភ្ជុំធំឆ្នាំនេះ យើងមានរៀបចំប្រភេទកីឡាបែបប្រពៃណីចំនួន៥ ដើម្បីដាក់ឲ្យប្រកួត និងសម្តែងជូនភ្ញៀវជាតិ និងអន្តរជាតិ ដូចកាលពីឆ្នាំមុនៗដែរ គឺយើងបានរៀបចំមិនដែលខានឡើយ ព្រោះការប្រកួតកីឡាប្រពៃណីនេះ ជីដូនជីតារបស់យើង បានបន្សល់ទុកឲ្យយើងជាអ្នកជំនាន់ក្រោយ អ៊ីចឹងយើងត្រូវតែនាំគ្នាថែរក្សា»។

តាមលោក ថែ ថាំង គឺការប្រកួតកីឡាប្រពៃណី នៅវិហារសួគ៌ ថ្ងៃភ្ជុំបិណ្ឌខាងមុខនេះ គណៈកម្មការរៀបចំការប្រកួត បានត្រៀមក្របីចំនួន១០គូ សេះ២៧គូ គុនដំបង៤គូ ចំបាប់៣៥គូ និងល្បុក្កតោ ២គូ សម្រាប់ដាក់ឲ្យប្រកួត និងសម្តែង ហើយតាមកម្មវិធី ការប្រណាំងក្របី និងសេះ នឹងចាប់ផ្តើមពីម៉ោង៧ ដល់ម៉ោង៩ព្រឹក ហើយពីម៉ោង៩ ដល់ម៉ោង១២ ជាការប្រកួតចំបាប់ គុណដំបង និងសម្តែងល្បុក្កតោ។ បន្ទាប់ពីនោះ នឹងមានការលេងល្បែងប្រជាប្រិយរបស់ខ្មែរ រហូតដល់យប់។

យ៉ាងណាក៏ដោយ គណៈកម្មការរៀបចំការប្រកួតកីឡាប្រពៃណី នៅវិហារសួគ៌ ក៏ហាក់មានការបារម្ភទៅនឹងភ្លៀង ដែលអាចនឹងរំខានដល់កម្មវិធីនេះផងដែរ។ លោក ថែ ថាំង បាននិយាយថា៖ «អ្វីៗយើងបានត្រៀមរួចរាល់អស់ហើយ អ៊ីចឹងបើសិនជាគ្មានភ្លៀង គឺការរៀបចំប្រកួតកីឡាប្រពៃណីរបស់យើង នឹងដំណើរការទៅបានរលូន តែបើមានភ្លៀង យើងនៅតែរៀបចំបានដដែល ប៉ុន្តែវារាងពិបាកបន្តិចផងដែរទាក់ទងទៅនឹងទីលានប្រកួត»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.