v9

ក្រុមជម្រើសជាតិ នឹងត្រូវហ្វឹកហាត់ទាំងថ្ងៃភ្ជុំបិណ្ឌ ដើម្បីត្រៀមជួបទីម័រខាងកើត

2 months ago​ | ដោយ V-Dara

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងចាប់ដំណើរការប្រមូលផ្តុំហ្វឹកហាត់ថ្ងៃដំបូង នៅរសៀលម៉ោង៤:៣០ ថ្ងៃព្រហស្បតិ៍នេះ ដើម្បីពង្រឹងកម្រិតបច្ចេកទេស ត្រៀមការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃទី១២ ខែតុលា ខាងមុខនេះ។

បើតាមលោក ច័ន្ទ មិថុនា មន្រ្តីព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា ក្រុមជម្រើសជាតិកម្ពុជា នឹងចាប់ផ្តើមប្រមូលផ្តុំ នៅកីឡដ្ឋាន RSN របស់ភ្នំពេញក្រោន នារសៀលម៉ោង ៤:៣០ ថ្ងៃព្រហស្បតិ៍នេះ ហើយពួកគេ នឹងហ្វឹកហាត់នៅកីឡដ្ឋានមួយនេះរហូតដល់ថ្ងៃសៅរ៍ ហើយនៅថ្ងៃអាទិត្យ ពួកគេនឹងវិលមកហាត់នៅពហុកីឡដ្ឋានជាតិ វិញ។

សម្រាប់ការប្រមូលផ្តុំលើកនេះ លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានប្រាប់ថា៖ ក្រុមជម្រើសជាតិ នឹងគ្មានពេលសម្រាក សម្រាប់ទៅលេងស្រុកថ្ងៃភ្ជុំបិណ្ឌនោះទេ។ លោកបាននិយាយថា៖«យើងចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់ នៅថ្ងៃទី៤ តែតុលា រហូតដល់ថ្ងៃប្រកួតតែម្តង គឺយើងប្រហែលជាអត់មានពេលទៅលេងភ្ជុំបិណ្ឌនោះទេ

គួរបញ្ជាក់ថា កីឡាករចំនួន២៤នាក់ ត្រូវបានប្រមូលផ្តុំហ្វឹកហាត់ ត្រៀមការប្រកួតជាមួយក្រុមទីម័រខាងកើត លើកនេះ ក្នុងនោះមាន ចាន់ វឌ្ឍនាកា, សេត រ៉ូស៊ីប, ហុង ផេង របស់បឹងកេត ស ពិសិដ្ឋ, ឈិន ឈឿន, រ៉ឹង ប៊ុនហៀង, អ្នកចាំទី អ៊ុំ វិចិត្រ របស់ក្រសួងការពារជាតិ, សុះ ស៊ូហាណា, គួច ដានី, គួច សុកុម្ភៈ, ឆេង ម៉េង របស់ណាហ្គាវើល អ៊ិន សូដាវីដ, អ៊ន ចាន់ប៉ូលីន, ប្រាក់ ធីវ៉ា, ស៊ិន កក្កដា របស់ភ្នំពេញក្រោន នេន សុធារដ្ឋ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, ប្រាក់ មុន្នីឧត្តម របស់ស្វាយរៀង កែវ សុខផេង, ទិត្យ ឌីណា, អ្នកចាំទី កែវ សុខសិលា, ជា វណ្ណសាក់ របស់វិសាខា និងកីឡាករខ្មែរ-បារាំង ប៊ីន ចន្ថាធារី របស់ក្លិប Terengganu FC៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.