v9

ក្រុមសូហ្វតតិន្នីស ចេញទៅហ្វីលីពីន ព្រឹកមិញ ដើម្បីការពារតំណែងជើងឯកកម្រិតអាស៊ាន

2 weeks ago​ | ដោយ V-Dara

ក្រុមអត្តពលិកកីឡាសូហ្វតិន្នីសកម្ពុជា ព្រមទាំងគ្រូបង្វឹក និងថ្នាក់ដឹកនាំ បានធ្វើដំណើរបន្តចេញពីទីក្រុងហូជីមិញ ប្រទេសវៀតណាម ឆ្ពោះទៅកាន់ទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមការប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ាន (Sea Soft Tsnnis Championship 2018) នៅទីនោះ ដែលនឹងត្រូវធ្វើពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា។

សម្រាប់ការទៅចូលរួមជាលើកទី៣ ក្នុងការប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ី នៅហ្វីលីពីន លើកនេះ វាជាពេលដែលក្រុមសូហ្វតិន្នីសកម្ពុជា ត្រូវការពារតំណែងជើងឯក លើវិញ្ញាសាប្រកួតជាក្រុមបុរស ដែលពួកគេបានឈ្នះមេដាយមាស កាលពីឆ្នាំ២០១៧ នៅហ្វីលីពីននេះ ស្របពេលក្រុមនារីកម្ពុជា បានឈ្នះមេដាយប្រាក់។

បន្ថែមលើភាពជោគជ័យ សម្រាប់ការប្រកួតកាលពីឆ្នាំ២០១៧នោះ ក្រុមសូហ្វតិន្នីសកម្ពុជា ក៏ធ្លាប់ដណ្តើមបានមេដាយប្រាក់ លើវិញ្ញាសាជាក្រុមបុរស សម្រាប់ការប្រកួតជើងឯកអាស៊ាននេះ នៅម៉ាឡេស៊ី កាលពីឆ្នាំ ២០១៦ផងដែរ។ ប៉ុន្តែបវត្តមានរបស់ក្រុមឥណ្ឌូនេស៊ី និងថៃ សម្រាប់ការប្រកួតលើកនេះ វាកំពុងតែធ្វើឲ្យក្រុមកម្ពុជា មានភាពស្រពេចស្រពិល ក្នុងការការពារតំណែងជើងឯករបស់ខ្លួន។

លោក ជា ប៊ុនហេង អនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានថ្លែងថា៖ «កាលប្រកួតនៅហ្វីលីពីន កាលពីឆ្នាំមុន យើងបាំងតែម្ចាស់ផ្ទះហ្វីលីពីនមួយទេ ធ្វើឲ្យយើងអាចដណ្តើមបានមេដាយមាសជាក្រុម ពីហ្វីលីពីន ទាំងប្រផិតប្រផើយ ប៉ុន្តែនៅឆ្នាំនេះថៃ និងឥណ្ឌូនេស៊ី ទៅចូលរួមដែរ អ៊ីចឹងយើងមិនទាន់ដឹងថា អាចការពារតំណែងជើងឯកបាន ឬអត់នោះទេ ព្រោះក្រុមដែលខ្លាំងខាងសូហ្វតិន្នីស នៅតំបន់អាស៊ានមាន៤ ទី១ ឥណ្ឌូនេស៊ី ទី២ ថៃ ទី៣ហ្វីលីពីន និងកម្ពុជាយើង ដែលមានភាពប្រដំប្រសងគ្នា»។

ទោះបីជាយ៉ាងណា លោក ប៊ុនហេង បានបញ្ជាក់ថា៖ «ទោះការប្រកួតលើកនេះ យើងត្រូវទៅជួបក្រុមខ្លាំងៗ នៅហ្វីលីពីនក្តី ប៉ុន្តែយើងនឹងខិតខំតតាំងការពារតំណែងជើងឯកក្រុមបុរស។ លទ្ធផលយ៉ាងណានោះ យើងអត់ហ៊ានអះអាងមុននោះទេ តែខ្ញុំសន្យាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ហើយយ៉ាងហោចក៏អាចដណ្តើមបានមេដាយត្រឡប់មកវិញដែរ»។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតលើកនេះ កម្ពុជា បានបញ្ជូនអត្តពលិក និងប្រតិភូសរុបចំនួន១៨នាក់ ទៅចូលរួមប្រកួត ហើយពួកគេ នឹងត្រូវប្រកួតប្រជែង នៅលើវិញ្ញាសាចំនួន៧ មានការប្រកួតឯកត្តជន (បុរស-នារី) ប្រកួតវាយគូ (បុរស-នារី) និងការប្រកួតជាក្រុម(បុរស-នារី)៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.