v9

ម្ចាស់មេដាយមាសកីឡាអាស៊ី សាលី អ៊ូមើត ត្រូវប្រកួតជើងឯកពិភពលោក នៅអាមេរិក

3 weeks ago​ | ដោយ V-Dara

វីរកីឡាករម៉ូតូទឹក សាលី អ៊ូមើត ដែលទើបឈ្នះបានមេដាយមាស១ និងសំរឹទ្ធ១ ឲ្យកម្ពុជា ក្នុងការប្រកួតកីឡាអាស៊ី នៅប្រទេសឥណ្ឌូនេស៊ី កន្លងមកនេះ នឹងត្រូវធ្វើការប្រកួតជើងឯកពិភពលោក Blowsion World Final 2018 នៅសហរដ្ឋអាមេរិក ដែលនឹងចាប់ផ្តើមពីព្រឹកម៉ោង៧ (ម៉ោងនៅកម្ពុជា) ថ្ងៃព្រហស្បតិ៍នេះ រហូតដល់ថ្ងៃទី១៣ ខែតុលា។

វាមិនមែនជាលើកទី១នោះទេ ដែលកីឡាករ សាលី អ៊ូមើត បានចូលរួមប្រកួតកម្រិតពិភពលោក ប៉ុន្តែការចូលរួមប្រកួតកន្លងមក អ៊ូមើត ប្រកួតតំណាងឲ្យក្លិបមួយនៅប្រទេសថៃ ស្របពេលដែលកម្ពុជា មិនទាន់បានបង្កើតឲ្យមាន សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា នោះ។ ហេតុនេះរាល់ការឈ្នះបានតំណែងជើងឯកពិភពលោក ជាច្រើនលើកកន្លងមករបស់ អ៊ូមើត គឺបានប្រយោជន៍ទៅថៃទៅវិញ។

យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតជើងឯកពិភពលោក Blowsion World Final 2018 លើកនេះ សាលី អ៊ូមើត ត្រូវលេងតំណាងឲ្យក្លិប Flamingo jet ski racing team របស់កម្ពុជា ជាលើកដំបូង ដោយក្នុងនោះ អ៊ូមើត ត្រូវប្រកួតលើវិញ្ញាសាប្រភេទស្គីឈរ (Ski Modified) ទាំង៣កម្រិតតែម្តង។

លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានចាត់ទុកការប្រកួតជើងឯកពិភពលោក នៅអាមេរិកលើកនេះ ជាការប្រកួតដែលមានការលំបាកដណ្តើមរកមេដាយជាងការប្រកួតកីឡាអាស៊ីទៅទៀត ប៉ុន្តែលោកនៅតែសង្ឃឹមថា សាលី អ៊ូមើត នឹងដណ្តើមបានមេដាយពីការប្រកួតនេះ ព្រោះការចូលរួមប្រកួតកន្លងមក អ៊ូមើត បានឈ្នះតំណែងជើងឯក មិនដែលខានឡើយ។

គួរបញ្ជាក់ថា វីរកីឡាករ សាលី អ៊ូមើត ធ្លាប់បានចូលរួមការប្រកួតជើងឯកពិភពលោក នៅសហរដ្ឋអាមេរិក បាន៣លើកមកហើយ គឺកាលពីឆ្នាំ២០១១ ឆ្នាំ២០១២ និងឆ្នាំ២០១៣ ដោយឈ្នះតំណែងជើងឯកបានចំនួន៦ដង និងបានលេខ៣ម្តង។ រីឯការប្រកួតកម្រិតពិភពលោកក្នុងព្រឹត្តិការណ៍ King’s Cup- Jet Ski World Cup កាលពីឆ្នាំ២០១០ ឆ្នាំ២០១១ និងឆ្នាំ២០១៣ សាលី អ៊ូមើត ដណ្តើមបានជើងឯកចំនួន៦ដង៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.