v9

ក្រុមជនពិការ ចាប់ផ្តើមហាត់នៅឥណ្ឌូនេស៊ី ខណៈលោក ស សុខា រំពឹងថាពួកគេអាចឈ្នះបានមេដាយ

2 months ago​ | ដោយ V-Dara

ក្រុមអត្តពលិកជនពិការកម្ពុជា បានចាប់ផ្តើមហ្វឹកហាត់សមកម្លាំង និងកម្តៅសាច់ដុំ នៅលើទីលាន ក្នុងប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃពុធនេះហើយ ដើម្បីត្រៀមការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០១៨ (Asian Para Games 2018) នៅទីនោះ ដែលនឹងបើកការប្រកួតនៅថ្ងៃទី៦ ខែតុលា និងបញ្ចប់នៅថ្ងៃទី១៣ ខែតុលា ខាងមុខនេះ។

ជាមួយគ្នានេះ លោក ស សុខា អគ្គលេខាធិការថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ហាក់មានទំនុកចិត្តខ្ពស់ថា ការខិតខំប្រឹងប្រឹងប្រែងរបស់ក្រុមអត្តពលិកជនពិការកម្ពុជា អាចនឹងធ្វើឲ្យពួកគេដណ្តើមបានមេដាយ ពីការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម លើកនេះ ហើយការលើកឡើងបែបនេះ ត្រូវបានធ្វើឡើង នៅពេលលោកចូលរួមជូនដំណើរប្រតិភូជនពិការ ទៅចូលរួមការប្រកួតនេះ កាលពីថ្ងៃចន្ទ។

លោក ស សុខា បានថ្លែងថា៖ «ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ ដែលមានឱកាសបានជូនបងប្អូនដែលជាអត្តពលិកជនពិការ ទៅចូលរួមការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី លើកនេះ ហើយខ្ញុំគិតថា យើងរំពឹងបានមេដាយមាស តាមរយៈការខិតខំប្រឹងប្រែងហ្វឹកហាត់កន្លងមកពីកីឡាករ កីឡាការិនីជនពិការរបស់យើង»។

លោកបានបន្ថែមថា៖ «ពិតមែនពួកគាត់ពិការ ប៉ុន្តែឆន្ទៈនៃការបង្ហាញរបស់ពួកគាត់កន្លងមក គឺគាត់មិនបានពិការចិត្តនោះទេ ហើយនេះជាគោលជំហរមួយ ដែលយើងចង់ជំរុញ ហើយបង្ហាញថា គាត់អាចធ្វើបានដូចគេដូចឯង»។

បើតាមរូបភាពដែល លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) បានបញ្ជូនចូលនៅគ្រុបតេឡេក្រាមរបស់ NPCC នៅថ្ងៃពុធនេះ បានបង្ហាញថា ប្រភេទកីឡាមួយចំនួនរបស់ក្រុមអត្តពលិកជនពិការ បានចាប់ផ្តើមហ្វឹកហាត់ជាផ្លូវការ នៅឥណ្ឌូនេស៊ីហើយ ពិសេសក្រុមអត្តពលកម្ម និងក្រុមកីឡាធែនពីនប៊ូលីង ដែលបានចេញហ្វឹកហាត់កម្តៅសាច់ដុំ នៅព្រឹកថ្ងៃពុធនេះ ដើម្បីត្រៀមការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម លើកនេះ។

គួរបញ្ជាក់ថា ការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម លើកនេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ជូនប្រភេទកីឡាចំនួន៦ ទៅចូលរួម ក្នុងនោះមានអត្តពលកម្ម ហែលទឹក បាល់បោះជិះរទេះនារី បាញ់ធ្នូ វាយកូនឃ្លីលើតុ និងធែនពីនប៊ូលីង ហើយមានគ្នាសរុប៤៥នាក់(អត្តពលិក២៩នាក់)៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.