v9

វាយសីពានប្រធានសហព័ន្ធ ទទួលបានលទ្ធផលល្អប្រសើរទាំងបច្ចេកទេស និងក្រមសីលធម៌

2 months ago​ | ដោយ V-Dara

ការប្រកួតវាយសីដណ្តើមពានរង្វាន់ឯកឧត្តមប្រធានសហព័ន្ធ លើកទី៤ ឆ្នាំ២០១៨ បានរកឃើញជើងខ្លាំង នៅលើវិញ្ញាសាវាយគូទាំង៥ប្រភេទ ជាផ្លូវការហើយ បន្ទាប់ពីចំណាយពេលប្រកួតត្រឹម១ថ្ងៃកន្លះ ហើយស្ថានិកបង្កើតពាននេះ បានធ្វើការវាយតម្លៃថា ការប្រកួតនៅឆ្នាំនេះ មានការរីកចំរើនទាំងលើបច្ចេកទេស និងក្រមសីលធម៌របស់អ្នកចូលរួម។

លោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងជាស្ថាបនិកបង្កើនពាននេះ បានថ្លែងថា៖ «បើទោះបីជា យើងនៅមិនទាន់បានមេដាយអ្វីមួយ នៅស៊ីហ្គេម ក៏ដោយ ប៉ុន្តែតាមរយៈការប្រកួតនេះ យើងមើលឃើញថា ការប្រកួតរបស់អត្តពលិកយើងកាន់តែល្អ ហើយគណៈកម្មការរៀបចំ មានរបៀបរៀបរយត្រឹមត្រូវទៅតាមក្បួនច្បាប់របស់អន្តរជាតិ»។

លោកបានបន្ថែមថា៖ «ការប្រកួតនៅឆ្នាំនេះ យើងធ្វើបានល្អមែនទែន ដោយយើងបានកែប្រែចំណុចខ្វះខាត មករកចំណុចល្អបានច្រើនណាស់ អ៊ីចឹងខ្ញុំសូមកោតសរសើរដោយស្មោះ ហើយអត្តពលិករបស់យើង មានអត្តចរិត សីលធម៌ ថ្លៃថ្នូរ គួរឲ្យស្រឡាញ់រាប់អាន មិនច្រងេងច្រងាង គឺពេលប្រកួតចាញ់ដឹងចាញ់ ឈ្នះដឹងឈ្នះ ដោយយើងមិនធ្វើអ្វី ដែលមានភាពឆ្គាំឆ្គងដូចមុននោះទេ អ៊ីចឹងខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះការប្រកួតនៅឆ្នាំនេះ»។

ការលើកឡើងរបស់ លោក លី កុសល ត្រូវបានធ្វើឡើង នៅក្នុងពិធីបិទការប្រកួតវាយសីដណ្តើមពានរង្វាន់ឯកឧត្តមប្រធានសហព័ន្ធ ឆ្នាំ២០១៨ នៅក្នុងសាលវាយសី នៃពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញ បន្ទាប់ពីព្រឹត្តិការណ៍ ដែលបានចាប់ផ្តើមប្រកួត តាំងពីថ្ងៃសៅរ៍មួយនេះ បានរកឃើញម្ចាស់ជយលាភីទាំង ៥វិញ្ញាសា។

តាមរបាយការណ៍របស់គណៈកម្មការប្រកួត បានឲ្យដឹងថា ការប្រកួតវាយសីដណ្តើមពានរង្វាន់ឯកឧត្តមប្រធានសហព័ន្ធ ឆ្នាំ២០១៨ មានអ្នកចូលរួមសរុបចំនួន១៥៧នាក់ ក្នុងនោះមានប្រតិភូ៣៥នាក់ កីឡាករ៩៨នាក់ និងកីឡាការិនី២៤នាក់ ហើយពួកគេត្រូវប្រកួតប្រជែងគ្នា នៅលើវិញ្ញាសាវាយគូទៅតាមប្រភេទអាយុ និងភេទ សរុបចំនួន៥។

ជាមួយលទ្ធផលនៃ ការប្រកួតនោះ វិញ្ញាសាវាយគូបុរស ឆ្នាំ១៩៦៨ឡើង លេខ១បានទៅកីឡាករ ឡុង វង្សសមិទ្ធ និង ហែម មានិត សមាគមកីឡាវាយសីខេត្តមណ្ឌលគិរី លេខ២បានទៅអត្តពលិកមកពី សមាគមកីឡាវាយសីខេត្តមណ្ឌលគិរីដែរ ហើយមេដាយសំរឹទ្ធ បានទៅក្លិបកីឡាវាយសីពហុកីឡដ្ឋានជាតិ។

ចំណែកវាយគូបុរសឆ្នាំ១៩៧៨ ដល់ឆ្នាំ១៩៦៨ មេដាយមាស បានទៅកីឡាករ ហ៊ីន ពិណ្ណារិទ្ធ និង គង់ ស៊ីម៉ន មកពីសមាគមកីឡាវាយសីខេត្តមណ្ឌលគិរី មេដាយប្រាក់បានទៅក្លិបព្រះខ័នរាជ មេដាយសំរឹទ្ធ បានទៅក្លិបខេត្តកំពង់ចាម។ រីឯវាយគូនារី លេខ១បានទៅ កីឡាការិនី កែវ ពេជ្រឆរ៉ាវី និង ឈួន ឆ័យរី របស់ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ២ ក្លិបខេត្តកំពង់ចាម លេខ៣សមាគមកីឡាវាយសីក្រសួងការពារជាតិ។

ចំពោះការប្រកួតវាយគូបុរសអាយុ១៨ឆ្នាំឡើង កីឡាករ សៀង គីមហុង និង ចេង ភារុំ មកពីក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរួមគ្នាឈ្នះមេដាយមាស ក្រោយឈ្នះអត្តពលិកទាំង២មកពីក្លិប1 2 Play ឯលេខ៣បានទៅសមាគមខេត្តព្រះសីហនុ។ រីឯវាយគូបុរសអាយុក្រោម១៧ឆ្នាំ កីឡាករ សុខ រីករាយ និង ម៉ែន សារ័ត្ន របស់សមាគមខេត្តព្រះសីហនុ បានឈ្នះមេដាយមាស ខណៈមេដាយប្រាក់បានទៅសមាគមខេត្តកំពង់ឆ្នាំង ហើយលេខ៣បានទៅកីឡាករមកពីសមាគមខេត្តព្រះសីហនុ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.