v9

ណាហ្គាវើល ចង់ផ្តួលក្រុមប៉ូលិស ដើម្បីសម្រេចគោលដៅ ៣ ទៀត បន្ថែមលើការឈ្នះពាន

3 months ago​ | ដោយ V-Dara

ក្រុមណាហ្គាវើល នឹងត្រូវរៀបចំឲ្យលើកពានលីកកំពូលកម្ពុជា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ នាយប់ថ្ងៃសៅរ៍នេះ បន្ទាប់ពីពួកគេ ត្រូវប្រកួតលើកចុងក្រោយជាមួយក្រុមប៉ូលិស ដែលនឹងចាប់ផ្តើមពីល្ងាចម៉ោង៥តទៅ ប៉ុន្តែការបំពាក់មេដាយដល់ក្រុមលេខ២ លេខ៣ និងពានរង្វាន់ផ្សេងៗទៀត ត្រូវទុកធ្វើនៅក្នុងកម្មវិធី Cambodian Awards Night។

បើទោះបីជា ជួបក្រុមប៉ូលិស លើកទី២នេះ វាគ្រាន់តែជាការប្រកួតបង្រ្គប់កិច្ច ប៉ុន្តែណាហ្គាវើល មានមហិច្ឆតាចង់យកឈ្នះក្នុងការប្រកួតលើកចុងក្រោយនេះ ដើម្បីសម្រេចបំណង៣ផ្សេងទៀត ពិសេសក្រុមមួយនេះចង់ជួយឲ្យខ្សែប្រយុទ្ធ Bisan George ឈ្នះស្បែកជើងមាស ប្រចាំរដូវកាល ឆ្នាំ២០១៨នេះផងដែរ ព្រោះពេលនេះ Bisan George មានរកបាន២៤គ្រាប់ និងតាមពីក្រោយដោយខ្សែប្រយុទ្ធ Privat របស់អាស៊ីអឺរ៉ុប ដែលមាន២២គ្រាប់។

លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បានប្រាប់ថា៖«យើងនៅតែផ្តោតខ្លាំងទៅលើការប្រកួតនេះ ព្រោះក្នុងនាមជាក្រុមជើងឯក ដែលត្រូវលើកពាន តើយើងទៅចាញ់ក្រុមកំពុងឈរនៅចំណាត់ថ្នាក់លេខ៩ ម៉េចទៅកើត? អ៊ីចឹងយើងត្រូវតែប្រឹងប្រែងលេងឲ្យឈ្នះហើយ»។

លោកបានបន្ថែមថា៖«យើងនៅសល់តែ១ប្រកួតនេះទេ តែក្រុមប៉ូលិស គាត់នៅការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចទៀត អ៊ីចឹងខ្ញុំគិតថា គាត់មិនដាក់ជើងអស់នោះទេ ហើយក៏មិនលេងមួយទំហឹងនោះដែរ ព្រោះគាត់ខ្លាចកីឡាកររបស់គាត់មានរបួស ប៉ុន្តែយើងចង់ឈ្នះ ព្រោះទី១ ទាក់ទងយើងមានពិន្ទុកាន់តែខ្ពស់ ទី២ ទាត់បញ្ចូលទីឲ្យបានច្រើន និងទី៣ ការប្រជែងយកស្បែកជើងមាសរបស់កីឡាករខ្ញុំ គឺ Bisan George»។

ដោយឡែកក្រុមបឹងកេត ត្រូវវិលទៅជួបក្រុមភ្នំពេញក្រោន ដែលពួកគេធ្លាប់ឈ្នះ ៣-២ ឯវិសាខា ត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង ដែលពួកគេធ្លាប់ឈ្នះ ៣-២ កាលជើងទី១ដែរ ហើយក្រុមទ័ព ត្រូវទៅជួបក្រុមអគ្គិសនីកម្ពុជា ដែលពួកគេធ្លាប់ឈ្នះ ៤-០។ ប៉ុន្តែក្រុមទាំង៣នេះ បានដឹងពីជោគវាសនាខ្លួនរួចហើយ គឺបឹងកេត នឹងបានលេខ២ វិសាខា បានលេខ៣ និងទ័ព បានលេខ៤ តែទ័ព នៅសល់ឱកាសប្រជែងពានសម្តេច ហ៊ុន សែន ជាមួយក្រុមប៉ូលិស។

ប៉ុន្តែទីតាំងលេខ៥ ដែលកំពុងគ្រប់គ្រងដោយភ្នំពេញក្រោន វាកំពង់តែស្ថិតក្នុងភាពស្រពេចស្រពិល ព្រោះក្រុមស្វាយរៀង ក៏នៅមានឱកាសប្រជែងយកទីតាំងមួយនេះផងដែរ។ ចំណែកក្រុមអាស៊ីអឺរ៉ុប ត្រូវប៉ះក្រុមវេស្ទើន ដែលពួកគេធ្លាប់ឈ្នះ ៦-១ ហើយអាស៊ីអឺរ៉ុប ត្រូវការឈ្នះដាច់ខាត ព្រោះពួកគេចង់ជួយ Privat ឲ្យប្រជែងយកស្បែកជើងមាសជាមួយ Bisan George ផង និងចង់ប្រជែងយកលេខ៧ពីក្រុមអង្គរថាយហ្គឺរ ខណៈលើកនេះ អង្គរថាយហ្គឺរ ត្រូវជួបក្រុមសូលទីឡូអង្គរ ដែលពួកគេធ្លាប់ស្មើ ០-០ កាលជើងទី១៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.