v9

អាស៊ីអឺរ៉ុប និងខេមអេដ ទទួលបានជោគជ័យកាន់តែធំ ក្នុងការប្រកួតកីឡានិស្សិត ឆ្នាំ២០១៨

3 weeks ago​ | ដោយ V-Dara

សមាគមកីឡារបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងក្រុមអត្តពលិករបស់វិទ្យាស្ថានខេមអេដ សុទ្ធតែទទួលបានជោគជ័យកាន់តែធំធេង តាមរយៈការដណ្តើមបានមេដាយកាន់តែច្រើន នៅការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ ដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ។

តាមរយៈការប្រកួត នៅលើប្រភេទកីឡាចំនួន៦ មានបាល់ទាត់បុរស បាល់បោះ(បុរស-នារី) បាល់ទះបុរស អត្តពលកម្ម(បុរស-នារី) វាយកូនឃ្លីលើតុបុរស និងប៉េតង់បុរស នៅពហុកីឡដ្ឋានជាតិកន្លងមកនេះ អាស៊ីអឺរ៉ុប ដែលចូលរួមតែ៤ប្រភេទកីឡា ដោយអត់មានបាល់ទាត់ និងបាល់ទះនោះ ដណ្តើមបានមេដាយមាសរហូតដល់១៦ ប្រាក់៦ និងសំរឹទ្ធ៣។

ចំនួនមេដាយនេះ វាច្រើនជាងការប្រកួតកីឡានិស្សិត កាលពីឆ្នាំមុន ដែលអាស៊ីអឺរ៉ុប បានឈ្នះមេដាយ១៦ ប្រាក់៥ និងសំរឹទ្ធ២ ហើយលទ្ធផលដ៏ត្រចះត្រចង់ សម្រាប់ការប្រកួតនៅឆ្នាំនេះ បានជួយឲ្យសមាគមកីឡាអាស៊ីអឺរ៉ុប បន្តគ្រប់គ្រងតំណែងជើងឯក ក្នុងនាមជាអ្នកឈ្នះបានមេដាយមាសច្រើនជាងគេ ជាលើកទី៤ ក្នុងការប្រកួតកីឡានិស្សិតនេះ។

លោក ពៅ ហុក អ្នកគ្រប់គ្រងកីឡាប្រចាំនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បាននិយាយថា៖«នៅឆ្នាំនេះយើងដណ្តើមបានមេដាយសរុបចំនួន២៥ គឺច្រើនជាងកាលពីឆ្នាំមុខ ដែលយើងដណ្តើមបានមេដាយ២៣ ហើយការឈ្នះបានមេដាយមាស១៦ ប្រាក់៦ និងសំរឹទ្ធ៣ នៅឆ្នាំនេះ វាដូចគ្នាទៅនឹងការប្តេជ្ញារបស់យើងតាំងពីមុនការប្រកួត។ ហេតុនេះយើងពិតជាមានមោទនភាពខ្លាំងបំផុត ហើយយើងប្តេជ្ញាថា សម្រាប់ការប្រកួតនៅឆ្នាំក្រោយ យើងនឹងខិតខំប្រឹងប្រែងពង្រឹងគុណភាពអត្តពលិករបស់យើង ឲ្យកាន់តែខ្លាំងជាងឆ្នាំនេះទៅទៀត»។

ចំណែកអត្តពលិករបស់វិទ្យាស្ថានខេមអេដ ក៏បានទទួលលទ្ធផលកាន់តែប្រសើរផងដែរ សម្រាប់ការប្រកួតកីឡានិស្សិត នៅឆ្នាំនេះ ដោយពួកគេដណ្តើមបានមេដាយមាស២ ប្រាក់២ និងសំរឹទ្ធ៦ គឺច្រើនជាងឆ្នាំមុនដាច់ ដោយពួកគេឈ្នះបានត្រឹមមេដាយមាស១ និងសំរឹទ្ធ២ ហើយអ្វីដែលពិសេសនោះគឺក្រុមបាល់បោះនារីខេមអេដ បានឈ្នះមេដាយមាស ជាលើកទី៣ជាប់ៗគ្នា។

លោក Casey Barnett នាយកវិទ្យាស្ថានខេមអេដ បានបង្ហាញការរីករាយខ្លាំង ចំពោះសមិទ្ធផល ដែលក្រុមក្រុមនិស្សិតខេមអេដ ទទួលបាននៅពេលនេះ។ លោកបានថ្លែងថា៖«នៅឆ្នាំនេះ យើងបានចូលរួមតែ២ប្រភេទកីឡាទេ គឺអត្តពលកម្ម និងបាល់បោះ(បុរស-នារី) ដោយយើងទទួលបានល្អ ដោយបាល់បោះនារីរបស់យើង អាចការពារជើងឯកបានជាលើកទី៣ ហើយអត្តពលកម្ម ក៏យើងទទួលបានលទ្ធផលល្អផងដែរ អ៊ីចឹងយើងត្រូវតែបន្តខំប្រឹង ដើម្បីរក្សាជោគជ័យ ដែលយើងទទួលបាននៅពេលនេះ»។

ជាមួយគ្នានេះក្រុមអត្តពលិករបស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានឈរនៅលេខ២ បន្ទាប់ពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដោយដណ្តើមបានមេដាយមាស៣ ប្រាក់៨ និងសំរឹទ្ធ៧ លើសាកលវិទ្យាល័យខេមអេដ ដែលឈរនៅលេខ៣ ចំណែកគ្រឹះស្ថានសិក្សាចំនួន១៣ទៀត ក៏ដណ្តើមបានមេដាយ ពីការប្រកួតនេះទេ គឺមានតែគ្រឹះស្ថានចំនួន៥ប៉ុណ្ណោះ ដែលមិនដណ្តើមបានមេដាយសោះតែម្តង៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.