v9

អាស៊ីអឺរ៉ុប បន្តគ្រោងតំណែងជើងឯក ការប្រកួតកីឡានិស្សិត ឆ្នាំ២០១៨

3 months ago​ | ដោយ V-Dara

ក្រុមអត្តពលិករបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅតែធ្វើបានល្អ ក្នុងការប្រជែងយកមេដាយមានបានច្រើនជាងគេ ដើម្បីបន្តក្លាយជាគ្រឹះស្ថាន ដែលឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ ដែលត្រូវរៀបចំពិធីបិទការប្រកួតនៅរសៀលថ្ងៃព្រហស្បតិ៍នេះ។

លោក ពៅ ហុក អ្នកគ្រប់គ្រងកីឡាប្រចាំនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានអះអាងថា អាស៊ីអឺរ៉ុប បានឈ្នះមេដាយមាស១៦ ប្រាក់៦ និងសំរឹទ្ធ៣ សរុបចំនួន២៥មេដាយ គឺច្រើនជាងការប្រកួត កាលពីឆ្នាំ២០១៧ ដែលសាកលវិទ្យាល័យមួយនេះ បានឈ្នះមេដាយសរុបចំនួន២៣ មានមេដាយមាស១៦ ប្រាក់៥ និងសំរឹទ្ធ២។

លោក ពៅ ហុង បានបន្ថែមថា៖ «កាលពីឆ្នាំមុន យើងបានបញ្ជូនតែ៣ប្រភេទកីឡាចូលរួមទេមានអត្តពលិក ប៉េតង់ និងបាល់បោះ ប៉ុន្តែឆ្នាំនេះយើងបានបន្ថែមប្រភេទកីឡាវាយកូនឃ្លីលើតុបុរសមួយទៀត ហើយជាលទ្ធផល អាស៊ីអឺរ៉ុប ពិតជាមានកិត្តិយសធំមែនទែន ព្រោះយើងបានទទួលជោគជ័យយ៉ាងធំធេង ដោយឈ្នះបានមេដាយមាសច្រើនជាងគេ ដើម្បីបន្តគ្រងតំណែងជើងឯក នៅក្នុងការប្រកួតកីឡានិស្សិត នៅឆ្នាំនេះទៀត»។

បើតាមលទ្ធផលជាបណ្តោះអាសន្ន ដែលគណៈកម្មការបានបង្ហោះនៅលើផេចហ្វេសប៊ុក អគ្គនាយកដ្ឋានកីឡា បានឲ្យដឹងថា ក្រៅពីសាកលវិទ្យាល័យអាស៊ី ដែលបានបញ្ចប់ការប្រកួតរបស់ខ្លួន ជាមួយការឈ្នះបានមេដាយមាស១៦ ប្រាក់៦ និងសំរឹទ្ធ៣ គឺគ្រឹះស្ថានចំនួន៧ទៀត ក៏ដណ្តើមបានមេដាយមាសរៀងៗខ្លួនផងដែរ ខណៈគ្រឹះស្ថាន៦ទៀត ឈ្នះបានត្រឹមមេដាយប្រាក់ និងសំរឹទ្ធ ឯគ្រឹអស្ថាន២ផ្សេងទៀត បានត្រឹមមេដាយសំរឹទ្ធ ប៉ុន្តែគ្រឹះស្ថានសិក្សាចំនួន៥ទៀត មិនទាន់ដណ្តើមបានមេដាយសោះតែម្តង។

គួរបញ្ជាក់ថា ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០១៨ មានគ្រឹះស្ថានសិក្សាចំនួន២២ បានបញ្ជូនអត្តពលិក និងប្រតិភូរបស់ខ្លួនមកចូលរួម ក្នុងនោះមានប្រតិភូ១៤០នាក់ (ស្រី១១នាក់) កីឡាករ៤៥៨នាក់ កីឡាការិនី៨៣នាក់ សរុប៦៨១នាក់ ហើយពួកគេត្រូវប្រកួតប្រជែងគ្នា លើប្រភេទកីឡាចំនួន៦ មានបាល់ទាត់ បាល់បោះ បាល់ទះ អត្តពលកម្ម វាយកូនឃ្លីលើតុ និងប៉េតង់ ដែលត្រូវបញ្ចប់ និងរៀបចំពិធីបិទ នៅវិមានពហុកីឡដ្ឋានជាតិ នៅរសៀលម៉ោង២ ថ្ងៃព្រហស្បតិ៍នេះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.