v9

លោក យី វាសនា រំពឹងក្រុមអត្តពលិកជនពិការ អាចឈ្នះបានមេដាយ នៅអាស៊ីប៉ារ៉ាហ្គេម

3 weeks ago​ | ដោយ V-Dara

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) លោក យី វាសនា បានបង្ហាញពីទំនុកចិត្តទៅលើប្រភេទកីឡាចំនួន៣របស់ក្រុមជនពិការ ដែលអាចនឹងឈានដល់ការដណ្តើមបានមេដាយ នៅក្នុងការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០១៨ (Asian Para Games 2018) នៅឥណ្ឌូនេស៊ី ដែលនឹងបើកការប្រកួតនៅថ្ងៃទី៦ ខែតុលា និងបញ្ចប់នៅថ្ងៃទី១៣ ខែតុលា ខាងមុខនេះ។

លោក យី វាសនា បានថ្លែងនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃពុធ ម្សិលមិញថា៖ «តាមការសង្កេតរបស់ខ្ញុំ សង្ឃឹមថា ក្រុមបាល់បោះជិះរទេះនារីរបស់យើង អាចមានលទ្ធភាពរកមេដាយឲ្យកម្ពុជាបាន ហើយហែលទឹក និងអត្តពលិក ក៏អាចនឹងមានឱកាសផងដែរ គឺខ្ញុំសង្ឃឹមទៅលើ៣ប្រភេទកីឡានេះ»។

លោកបានបន្ថែមថា៖ «ចំពោះប្រភេទកិឡាក្រៅពីនេះ សូមយកចិត្តទុកដាក់ខំប្រឹងទាំងអស់គ្នា ព្រោះនេះជាកិត្តិយសប្រទេសជាតិរបស់យើង ហើយនៅក្នុងកីឡា មិនប្រាកដថា ប្រទេសធំឈ្នះ ហើយប្រទេសតូចចាញ់នោះទេ គឺវាអាស្រ័យទៅលើការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី»។

ជាមួយគ្នានេះ កីឡាការិនី អាន ស៊ីណេត ជាប្រធានក្រុមបាល់បោះជិះរទេះនារី បាននិយាយថា៖ «យើងបានប្រឹងប្រែងហ្វឹកហាត់មែនទែន ធ្វើឲ្យសមត្ថភាពរបស់យើង កើនជាងមុន សម្រាប់ត្រៀមការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមនេះ ហើយយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីប្រជែងរកមេដាយឲ្យកម្ពុជា ដោយយើងសង្ឃឹមទុកមុនការប្រកួត៥០ភាគរយ»។

គួរបញ្ជាក់ថា កម្ពុជា បានបញ្ជូនប្រភេទកីឡាជនពិការចំនួន៦ ទៅចូលរួមការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី លើកនេះ ក្នុងនោះមានអត្តពលកម្ម ហែលទឹក បាល់បោះជិនរទេះនារី បាញ់ធ្នូ វាយកូនឃ្លីលើតុ និងធែនពីនប៊ូលីង ហើយនៅក្នុងប្រភេទកីឡាទាំងនេះ មានតែក្រុមបាល់បោះជិះរទេះនារីមួយទេ ដែលបានទៅចូលរួមដោយពេញសិទ្ធិ តែប្រភេទកីឡា៥ទៀត បានទៅប្រកួត ដោយការទទួលបានសិទ្ធិអនុគ្រោះ និងប្រព័ន្ធបើកចំហរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.