v9

ក្រុមសូហ្វតិន្នីសកម្ពុជា បង្ហាញកង្វល់ ចំពោះការត្រៀមចេញទៅការពារជើងឯក នៅហ្វីលីពីន

4 weeks ago​ | ដោយ V-Dara

ក្រុមអត្តពលិកកីឡាសូហ្វតិន្នីសកម្ពុជា បានបង្ហាញពីក្តីកង្វល់ទៅលើប្រទេសខ្លាំងចំនួន២ សម្រាប់ការត្រៀមចេញទៅប្រកួតការពារជើងឯកមេដាយមាស ក្នុងការប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ាន (Sea Soft Tsnnis Championship) នៅប្រទេសហ្វីលីពីន ដែលនឹងត្រូវធ្វើនៅចន្លោះថ្ងៃទី៥ ដល់ទី៧ ខែតុលា ខាងមុខនេះ។

បើទោះបីជា ក្រុមសូហ្វតិន្នីសកម្ពុជា ធ្លាប់បានឈ្នះមេដាយមាស១ លើការប្រកួតជាក្រុមបុរស និងមេដាយប្រាក់លើវិញ្ញាសាជាក្រុមនារី សម្រាប់ការចូលរួមជាលើកទី២ កាលពីឆ្នាំ២០១៧ បន្ថែមទៅលើការឈ្នះមេដាយប្រាក់ការប្រកួតជាក្រុមបុរស នៅម៉ាឡេស៊ី កាលពីឆ្នាំ២០១៦ ប៉ុន្តែវត្តមានក្រុមថៃ និងឥណ្ឌូនេស៊ី សម្រាប់ការប្រកួតលើកនេះ បានក្លាយជាក្តីកង្វល់ ចំពោះកម្ពុជា ក្នុងការការពារមេដាយមាស លើកនេះ។

លោក ជា ប៊ុនហេង អនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានថ្លែង ក្នុងសន្និសីទកាសែត ស្តីពីការត្រៀមការប្រកួតនេះ កាលពីថ្ងៃចន្ទថា៖ «កាលប្រកួតនៅហ្វីលីពីន កាលពីឆ្នាំ២០១៧ យើងដណ្តើមបានមេដាយមាសជាក្រុមបុរស និងមេដាយប្រាក់ ជាក្រុមនារី ប៉ុន្តែចាយដន្យអីកាលនោះ អត់មានក្រុមឥណ្ឌូនេស៊ី និងថៃ ចូលរួមទេ ធ្វើឲ្យយើងមានឱកាសឈ្នះក្រុមម្ចាស់ផ្ទះនៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែលើកនេះ ថៃ និងឥណ្ឌូនេស៊ី បានចូលរួមដែរ»។

លោក បានបន្ថែមថា៖ «ក្រុមដែលខ្លាំងខាងសូហ្វតិន្នីស នៅតំបន់អាស៊ាននេះមាន៤ ទី១ ឥណ្ឌូនេស៊ី ទី២ថៃ ហើយទី៣ ហ្វីលីពីន និងកម្ពុជាយើង ដែលមានភាពប្រដំប្រសងគ្នា អ៊ីចឹងការចូលរួមរបស់ក្រុមថៃ និងឥណ្ឌូនេស៊ី លើកនេះ ធ្វើឲ្យយើងមិនទាន់ដឹងថា យើងអាចការពារតំណែងជើងឯកបានឬអត់នោះទេ ព្រោះការប្រកួតកីឡាអាស៊ី នៅឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ យើងបានចាញ់ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នៅវគ្គជម្រុះ៨ក្រុមចុងក្រោយ»។

យ៉ាងណាក៏ដោយ លោក ជា ប៊ុនហេង នៅតែមានទំនុកចិត្តថា ក្រុមសូហ្វតិន្នីសកម្ពុជា នឹងទទួលបានមេដាយ ក្នុងកម្រិតណាមួយ យកមកជូនប្រទេសជាតិវិញ។ លោកបានបញ្ជាក់ថា៖ «ទោះបីជាយ៉ាងណា យើងត្រូវទៅជួបក្រុមខ្លាំងៗ នៅហ្វីលីពីនក្តី ប៉ុន្តែយើងនឹងខិតខំតតាំងការពារតំណែងជើងឯកមេដាយមាសក្រុមបុរសរបស់យើង។ លទ្ធផលយ៉ាងណានោះ យើងអត់ហ៊ានអះអាងមុននោះទេ តែខ្ញុំសន្យាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ហើយយ៉ាងហោចក៏អាចដណ្តើមបានមេដាយត្រឡប់មកវិញដែរ»។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ាន ប្រចាំឆ្នាំ២០១៨នេះ កម្ពុជា គ្រោងបញ្ជូនអត្តពលិក និងប្រតិភូសរុបចំនួន១៨នាក់ ទៅចូលរួមប្រកួត ហើយពួកគេ នឹងត្រូវប្រកួតប្រជែង នៅលើវិញ្ញាសាចំនួន៦ មានការប្រកួតឯកត្តជន(បុរស-នារី) ប្រកួតវាយគូ(បុរស-នារី) និងការប្រកួតជាក្រុម (បុរស-នារី)៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.