v9

Saunders រងពិន័យជាទឹកប្រាក់សម្រាប់ការប្រើគ្រឿងញៀនទិញការសម្តែងស៊ិច

3 months ago​ | ដោយ V-Dara

កីឡាករប្រដាល់ Billy Joe Saunders ត្រូវបានពិន័យជាទឹកប្រាក់ ១០០០០០ផោន (ស្មើនឹង១៣ម៉ឺនដុល្លារអាមេរិក) ដោយក្រុមប្រឹក្សាគ្រប់គ្រងកីឡាប្រដាល់ចក្រភពអង់គ្លេស (BBBC) សម្រាប់ការបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គម ដោយក្នុងនោះរូបគេបានផ្តល់ឲ្យស្រ្តីម្នាក់នូវគ្រឿងញៀនមានតម្លៃជាទឹកប្រាក់ ១៥០ផោន ដើម្បីសម្តែងសកម្មភាពស៊ិច នៅលើមនុស្សម្នាក់ទៀត។

ក្រោយមក ម្ចាស់ខ្សែក្រវាត់ WBO ទម្ងន់ ៧៣គីឡូក្រាមរបស់អង់គ្លេសរូបនេះ បានលុបចោលវីដេអូនោះវិញពីបណ្តាញសង្គម Twitter និងបានបង្ហោះសារសុំអភ័យទោស ដោយចាត់ទុកសកម្មភាពរបស់គេ «ជាការសប្បាយក្លាយជាទុក្ខ»។ មន្ត្រីប៉ូលិសប្រចាំតំបន់ Nottinghamshire កំពុងតែស៊ើបអង្កេតទៅលើបញ្ហានេះ។ BBBC បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា៖ «Billy Joe Saunders បានបង្ហាញមុខពីមុខមន្ត្រីរបស់ក្រុមប្រឹក្សាគ្រប់គ្រងកីឡាប្រដាល់ចក្រភពអង់គ្លេស នៅថ្ងៃនេះ ក្រោមការចោទប្រកាន់ពីបទការប្រព្រឹត្តមិនសមរម ក្រោយពីការបង្ហាញឥរិយាបថរបស់គេនាពេលថ្មីៗនេះ នៅលើបណ្តាញសង្គម»។

BBBC បានបន្ថែមទៀតថា៖ «មន្ត្រីរបស់យើងបានរកឃើញថា លោក Saunders មានកំហុសក្នុងការធ្វើឲ្យកីឡាប្រដាល់ធ្លាក់ចូលក្នុងកេរិ៍្តឈ្មោះអាក្រក់ និងបានពិន័យរូបគេជាទឹកប្រាក់១០០០០០ផោន និងបានចេញការព្រមានដ៏ធ្ងន់មួយចំពោះការប្រព្រឹត្តរបស់គេនៅថ្ងៃអនាគត»។ អង្គភាព BBBC បានបញ្ជាក់ថា ទឹកប្រាក់ពិន័យនេះ នឹងផ្តល់ជូនអង្គការសប្បុរសធម៌ដើម្បីជួយដល់អតីតកីឡាករ និងអ្នកកាន់កាប់អាជ្ញាបណ្ណ ដែលបានធ្លាក់ចូលក្នុងវិបត្តិ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.