v9

ស្រួង ភាវី បានក្លាយជាកីឡាការិនីទី១ ដែលឈ្នះមេដាយកីឡាស្នូកឃ័រជើងឯកពិភពលោកឲ្យកម្ពុជា

4 weeks ago​ | ដោយ V-Dara

បើទោះបីជា ស្រួង ភាវី បានធ្លាក់ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមស្នាដៃគូសត្រូវចាស់មកពីជប៉ុន ប៉ុន្តែកីឡាការិនីប៊ីយ៉ា និងស្នូកឃ័ររូបនេះ បានក្លាយជាអត្តពលិកដំបូងគេ ដែលដណ្តើមបានមេដាយសំរឹទ្ធកម្រិតពិភពលោកឲ្យកម្ពុជា។

សម្រាប់ការប្រកួតកីឡាស្នូកឃ័រជើងឯកពិភពលោក 8th World Championship Ladies 3-Coshion Izmir ដែលបានធ្វើនៅប្រទេសទួគីរ និងបានបញ្ចប់កាលពីយប់ថ្ងៃព្រហស្បតិ៍ ម្សិលមិញ កីឡាការិនីកម្ពុជា ស្រួង ភាវី បានឈ្នះទាំង៣ប្រកួត ក្នុងការប្រកួតជម្រុះក្នុងពូលA មុនពេលអ្នកស្រី បានបន្តទៅទម្លាក់កីឡាការិនីកូឡុំប៊ី Claudia LALINDE ដោយការឈ្នះជាមួយពិន្ទុ ៣០-១៦ នៅវគ្គខ្វែង៨នាក់ចុងក្រោយ។

យ៉ាងណាក៏ដោយ សម្រាប់ការវិលមកជួបកីឡាការិនីជប៉ុន Hida Orie នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលអ្នកស្រីធ្លាប់បានយកឈ្នះជាមួយពិន្ទុ ២៥-២៤ កាលវគ្គជម្រុះក្នុងពូលនោះ ស្រួង ភាវី បានចាញ់ Hida Orie វិញ ជាមួយពិន្ទុ ៣០-១០ ធ្វើឲ្យ ស្រួង ភាវី បានត្រឹមចំណាត់ថ្នាក់លេខ៣ និងឈ្នះបានមេដាយសំរឹទ្ធ។

ចំណែកកីឡាការិនីម្ចាស់ផ្ទះ Gulsen DEGENER ក៏បានត្រឹមមេដាយសំរឹទ្ធដែរ ក្រោយចាញ់កីឡាការិនីហូឡង់ Therse Klompenhouwer នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូច ស្រួង ភាវី ដែរ ហើយ Therse Klompenhouwer បានបន្តយកឈ្នះកីឡាការិនីជប៉ុន Hida Orie នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីទទួលបានមេដាយមាស។

ជាមួយការឈ្នះបានមេដាយសំរឹទ្ធនេះ ស្រួង ភាវី ត្រូវបានគេចារកំណត់ត្រាទុកថា «ជាកីឡាការិនីដំបូងគេ» ដែលដណ្តើមបានមេដាយកម្រិតពិភពលោកឲ្យកម្ពុជា ហើយនេះជាកាដូយ៉ាងពិសេសមួយ ជូនចំពោះសហព័ន្ធសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ដែលទើបបង្កើតឡើងជាផ្លូវការឡើង កាលពីពេលថ្មីៗនេះ។ បន្ថែមលើនេះ ស្រួង ភាវី នឹងទទួលបានប្រាក់រង្វាន់ ៦៤លានរៀល (១៦០០០ ដុល្លារអាមេរិក) តាមអនុក្រឹត្យរាជរដ្ឋាភិបាល ចំពោះការឈ្នះមេដាយសំរឹទ្ធ ជើងឯកពិភពលោក សម្រាប់ការលេងតំណាងឲ្យកម្ពុជា ជាលើកដំបូងនេះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.