v9

កីឡានិស្សិត ចាប់ផ្តើមប្រកួតប្រជែង រកជើងខ្លាំងតាមគ្រឹះស្ថាន ប្រចាំឆ្នាំ២០១៨

4 weeks ago​ | ដោយ V-Dara

ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ បានរៀបចំពិធីបើកការប្រកួតជាផ្លូវការ នៅក្នុងវិមានពហុកីឡដ្ឋានជាតិ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ ដើម្បីស្វែងរកគ្រឹះស្ថាន ដែលមានភាពលេចធ្លោរជាងគេ ក្នុងការដណ្តើមបានមេដាយមាស ប្រចាំឆ្នាំ២០១៨នេះ។

គ្រឹះស្ថានចំនួន២២ ក្នុងប្រទេសកម្ពុជា បានបញ្ជូនអត្តពលិករបស់ខ្លួន ឲ្យមកចូលរួមការប្រកួតនេះ ហើយពួកគេសុទ្ធតែបានបង្ហាញវត្តមាន នៅក្នុងពិធីបើកការប្រកួត កាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រោមអធិតីភាព លោក ស សុខា ដែលទើបចូលកាន់តួនាទីជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ព្រមទាំងថ្នាក់ដឹកនាំកីឡា ជាច្រើនរូបនេះ។

បើតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួត ដែលបានអាននៅក្នុងពិធីបើកការប្រកួតនោះ បានឲ្យដឹង គ្រឹះស្ថានទាំង២២ ដែលបានចូលរួមការប្រកួតនេះ គឺមានប្រតិភូ ១៤០នាក់ (ស្រី ១១នាក់) កីឡាករ ៤៥៨នាក់ កីឡាការិនី ៨៣នាក់ សរុប ៦៨១នាក់ ហើយពួកគេត្រូវធ្វើការប្រកួតប្រជែងនៅលើប្រភេទកីឡាចំនួន៦មានបាល់ទាត់ បាល់បោះ បាល់ទះ អត្តពលិក វាយកូនឃ្លីលើតុ និងប៉េតង់។

យ៉ាងណាក៏ដោយ គ្រឹះស្ថានទាំង២២នាក់ មិនបានដាក់អត្តពលិកចូលរួមប្រកួតទាំងគ្រប់៦ប្រភេទកីឡានោះទេ គឺពួកគេបានដាក់ទៅតាមប្រភេទកីឡា ដែលខ្លួនមានអត្តពលិក អាចចូលរួមប្រកួតបាន ហើយបញ្ហានេះធ្វើឲ្យប្រភេទកីឡាមួយចំនួន មានក្រុមចូលរួមមិនច្រើនទេ លើកលែងតែអត្តពលិក និងបាល់ទាត់ ដែលមានចំនួនក្រុម និងគ្រឹះស្ថានចូលរួមច្រើនជាងគេ។

តាមរបាយការណ៍ដដែលនោះ បានបង្ហាញថា បាល់ទាត់បុរសមាន១៣ក្រុម ហើយអត្តពលិក មាន១៥គ្រឹះស្ថាន បានចូលរួម។ ចំណែកបាល់ទះបុរសមាន៤ក្រុម បាល់បោះបុរសមាន៥ក្រុម បាល់បោះនារីមាន៤ក្រុម ប៉េតង់មាន៦គ្រឹះស្ថាន និងវាយកូនឃ្លីលើតុមាន៨គ្រឹះស្ថានចូលរួម។ ហេតុនេះកម្រិតនៃការប្រកួតរកមេដាយ ដូចជាមិនសូវតានតឹងប៉ុន្មានឡើយ។

យ៉ាងណាក៏ដោយ លោក ស សុខា បានជំរុញឲ្យក្រុមអត្តពលិកជានិស្សិតទាំងនេះ ខំប្រឹងប្រកួតឲ្យអស់ពីសមត្ថភាព និងយកព្រឹត្តិការណ៍ប្រកួតនេះ ដើម្បីបង្កើតនូវចំណងសាមគ្គីភាព«ជាមហាគ្រួសារកីឡានៅកម្ពុជា»។

បន្ថែមលើនេះ លោក ស សុខា ក៏បានជំរុញឲ្យអត្តពលិកជានិស្សិតទាំងនេះ ខំប្រឹងអភិវឌ្ឍខ្លួនទៅជាកីឡាអាជីព នាពេលអនាគតផងដែរ។ លោកបានថ្លែងថា៖«ការលេងកីឡាបានផ្តល់អត្ថប្រយោជន៍ជាច្រើន ហើយដើម្បីក្លាយជាកីឡាអាជីព យើងត្រូវហ៊ានលះបង់។ ដូចជាប្អូនៗនៅទីនេះ ហៅថា ពេជ្រមិនទាន់ច្នៃ អ៊ីចឹងបើច្នៃហើយ អាចល្អ និងមានឱកាសមកអង្គុយ ហើយអាចនិយាយបានល្អជាងពួកបងៗ និងលោកពូៗ នៅលើវេទិកានេះទៅទៀត»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.