v9

រដ្ឋមន្រ្តី ប្រាប់ឲ្យក្រុមអត្តពលិកជនពិការ ត្រូវគិតកិត្តិយសជាតិ ជាធំ ពេលទៅប្រកួតអាស៊ីប៉ារ៉ាហ្គេម

3 months ago​ | ដោយ V-Dara

រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានធ្វើការក្រើនរំឭកជាថ្មី ដល់ក្រុមអត្តពលិកជនពិការកម្ពុជា ដែលកំពុងត្រៀមខ្លួនចូលរួមការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០១៨ (Asian Para Games 2018) នៅប្រទេសឥណ្ឌូនេស៊ី ខាងមុខនេះ ឲ្យគិតពីកិត្តិយសជាតិ ជាធំ។

លោក វង សូត្រ ដែលជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) ផងនោះ បានធ្វើការរំឭកឡើងវិញ ពីអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានលើកឡើងកន្លងមក ដោយ លោក ហ៊ុន សែន បានហាមដាច់ខាត កុំឲ្យកីឡាករ កីឡាការិនីកម្ពុជា ប្រើប្រាស់សាធារធាតុលើកកម្លាំង នៅពេលចេញទៅប្រកួតនៅក្រៅប្រទេស នាំឲ្យខូចកិត្តិយស និងមុខមាត់ប្រទេសជាតិ។

លោក វង សូត បានថ្លែងថា៖ «អ្វីដែលជាច្បាប់ និងវិន័យ ក្នុងការប្រកួត ដែលគេហាមឃាត់ យើងត្រូវចៀសឲ្យផុត កុំឲ្យគេថា យើងបានមេដាយ ដោយពាក់ព័ន្ធការប្រើប្រាស់សាធារធាតុជំនួយកម្លាំង ព្រោះបញ្ហានេះ វាមិនមែនតែជារឿងបុគ្គលទេ ប៉ុន្តែវាជាមុខប្រទេសជាតិទាំងមូល គឺវាអាក្រក់ខ្លាំងណាស់»។

លោកបានបញ្ជាក់បន្ថែមថា៖ «ការប្រកួតចាញ់ ក៏ចាញ់ទៅ កុំឲ្យតែធ្វើអ្វីខុសច្បាប់ គឺកុំយកកិត្តិយសប្រទេសជាតិ ទៅចោលនៅស្រុកគេ ប៉ុន្តែខ្ញុំសង្ឃឹមថា ក្មួយៗទាំងអស់ នឹងខិតខំអស់ពីសមត្ថភាព ដើម្បីនាំមកនូវកិត្តិយសជូនជាតិរបស់យើង»។

ការក្រើនរំឭករបស់លោក វង សូត ត្រូវបានធ្វើឡើង កាលពីថ្ងៃអង្គារម្សិលមិញ គឺនៅពេលលោកអនុញ្ញាតឲ្យក្រុមអត្តពលិកជនពិការកម្ពុជា ព្រមទាំងគ្រូបង្វឹក និងថ្នាក់ដឹកនាំកីឡាជនពិការ ទៅចូលជួបសម្តែងការគួរសម និងសំណេះសំណាល ជាមួយលោក នៅទីស្នាក់ការរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយលោកក៏បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ប្រតិភូកីឡាជនពិការចំនួន១០លានរៀលផងដែរ ដោយក្នុងនោះកីឡាករ កីឡាការិនីជនពិការទាំង២៩រូប ទទួលបានម្នាក់២០ម៉ឺនរៀលស្មើៗគ្នា។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០១៨ (Asian Para Games 2018) នៅប្រទេសឥណ្ឌូនេស៊ី ដែលនឹងត្រូវធ្វើឡើង នៅខែតុលាខាងមុខនេះ កម្ពុជា គ្រោងបញ្ជូនអត្តពលិក២៩នាក់នាក់ រួមទាំងគ្រូបង្វឹក និងថ្នាក់ដឹកនាំសរុប៤៥នាក់ តំណាងឲ្យប្រភេទកីឡាចំនួន៦ រួមមានអត្តពលកម្ម ហែលទឹក បាល់បោះជិនរទេះនារី បាញ់ធ្នូ វាយកូនឃ្លីលើតុ និងធែនពីនប៊ូលីង ទៅចូលរួមប្រកួតនេះ៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.