v9

វង្ស ណយ ជួបទុក្ខធំ និងបង្ហាញការសោកស្តាយ ដែលលែងមានឱកាស ជូនម្តាយទៅលេងសៀមរាប

1 month ago​ | ដោយ V-Dara

«កូនខំរកប្រាក់ជូនម៉ែទៅលេងសៀមរាបឲ្យបានសប្បាយចិត្តម្តង តែពេលនេះអស់ឱកាសហើយ ម៉ែទៅចោលកូនហើយ កូនសុំទោសម៉ែ កូនម៉ាគោគក សុទ្ធតែអត់បានការ»។ នេះជាសារបង្ហាញពីទុក្ខសោករបស់កីឡាករ វង្ស ណយ បន្ទាប់ពីម្តាយជាទីស្រឡាញ់របស់គេ បានស្លាប់ ដោយរោគាពាធ កាលពីម្សិលមិញ។

វង្ស ណយ ដែលគេស្គាល់ថា ជាកីឡាករដែលមានផ្លែសម្លាប់ដ៏សម្បូរបែប មានទាំងជង្គង់ កណ្តាប់ដៃ ទាត់ ពិសេសកែងនោះ បានបង្ហាញពីការសោកស្តាយខ្លាំង និងនៅតែមិនអស់ចិត្ត ខណៈរូបគេ មិនអាចសម្រេចក្តីបំណងចុងក្រោយម្តាយជាទីស្រឡាញ់របស់ខ្លួនបាន គឺការជូនគាត់ទៅដើរកម្សាន្តនៅអង្គរវត្ត ក្នុងខេត្តសៀមរាប។

បើតាមខ្សែវីដេអូដែល វង្ស ណយ បានបង្ហោះ គឺម្តាយរបស់គេ មានជំងឺយូរដែរហើយ។ ទាំងទឹកមុខស្រងូតស្រងាត់ វង្ស ណយ បាននិយាយទាំងសំឡេងក្រៀមក្រមថា៖ «សុំទោស មួយរយៈនេះអត់សូវមានអារម្មណ៍វ៉ៃទេ ដោយសារតែម្តាយឈឺធ្ងន់ ប៉ុន្តែពេលនេះគាត់បានស្លាប់ហើយ»។

អ្នកគាំទ្រប្រដាល់ជាច្រើន បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយ វង្ស ណយ តាមរយៈការសរសេរ comment ទៅកាន់ហ្វេសប៊ុក (Noy Vong) របស់ វង់ ណយ ផ្ទាល់តែម្តង។ យ៉ាងណាក៏ដោយ មួយរយៈពេលចុងក្រោយនេះ មិនមែនតែ វង្ស ណយ ទេបានជួបទុក្ខ ដោយសារការបាត់បង់អ្នកមានគុណជាទីស្រឡាញ់ ប៉ុន្តែកីឡាករល្បីៗចំនួន៥នាក់ទៀត ក៏បានជួបទុក្ខដូចគ្នានេះផងដែរ។

នៅក្នុងនោះ កីឡាករ ឡៅ ចន្រ្ទា និង ឡៅ ចិត្រា បានបាត់បង់ឪពុក ឈ្មោះ ឡៅ ទ្រល ជាទីស្រឡាញ់ កាលពីខែឧសភា ឆ្នាំ២០១៨ ដោយសារតែជំងឺគាំបេះដូង។ រីឯ កីឡាករ មឿន សុខហ៊ុច បានជួបទុក្ខក្រៀមក្រំដូចគ្នានេះដែរ ដោយសារលោកឪពុក ដែលជាអ្នកមានគុណរបស់គេ បានទទួលមរណភាពចោល កាលពីខែមិថុនា ឆ្នាំ២០១៨។

ចំណែក កីឡាករ ឡៅ ផានាថ បានបាត់បង់ឪពុកផងដែរ នាអំឡុងខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ ហើយក្រោយមកទៀត អ្នកលេងស្នៀតជង្គង់ ឡុង សុភី បានទ្រហោយំដូចកូនក្មេង ដើម្បីបញ្ជាក់ពីសន្តានចិត្ត និងក្តីអាឡោះអាល័យ ចំពោះម្ដាយជាទីស្រឡាញ់របស់គេឈ្មោះ ម៉េង មុំ ដែលបានស្លាប់កាលពីចុងខែកក្កដា ឆ្នាំ២០១៨ ដោយសារតែជំងឺលើសឈាម និងដួលដាច់សរសៃឈាមខួរក្បាល៕

កែសម្រួលដោយ៖​ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.