v9

ក្រលេកមើលកីឡាករឆ្នើម ចំនួន ១០រូបបានចាប់អាជីពអ្វីខ្លះបន្ទាប់ពីចូលនិវត្តន៍?

1 month ago​ | ដោយ V-Dara

មានកីឡាករឆ្នើមរបស់ក្រុមលីកកំពូលទ្វីបអឺរ៉ុបមួយចំនួនក្រោយពីចំណាយពេលអស់ជាច្រើនឆ្នាំលេងអោយក្រុមល្បីៗ ពួកគេបានចូលនិវត្តន៏ និងបន្តចាប់អាជីពផ្សេងៗគ្នា ទៅតាមលទ្ធភាព និងធនធានដែលមានក្រោយពីប្រកបអាជីពឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញជាកីឡាករបាល់ទាត់នៅលើវាលស្មៅ។ ទោះបីជាយ៉ាងនេះក្តីក្នុងចំនោមពួកគេ មួយចំនួនបានរងបរាជ័យលើវិថីជិវិតថ្មីក្រៅពីអាជីពជាកីឡាករបាល់ទាត់។ សូមក្រលេកមើលខាងក្រោមនេះគឺជាកីឡាករ ដែលធ្លាប់មានឈ្មោះបោះសម្លេងទាំង ១០រូបដែលបានឈោងចាប់យកការងារបន្ទាប់ពីពួកគេព្យួរស្បែកជើងពីក្រុមជម្រើសជាតិ និងក្លឹបអាជីពរបស់ខ្លួន។

10 – Paolo Maldini

វីរបុរសក្រុមជម្រើសជាតិអ៊ីតាលី និងជាអតីតខ្សែការពារចាស់វស្សាក្លឹប AC Milan ដែលបានចូលនិវត្តន៍កាលពីឆ្នាំ២០០៩ បន្ទាប់ពីបានបង្ហាញខ្លួន រហូតដល់ ៩០២ប្រកួត ក្នុងរយៈពេល ២៤ឆ្នាំជាមួយក្លិប AC.Mila បានសំរេចចិត្តជ្រើសរើសនិងចូលលេងកីឡាវាយកូនបាល់។ Maldini ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងក្នុងព្រឹត្តិការណ៍ ATP Challenger ដ៏សំខាន់បន្ទាប់ពីបានឈ្នះការប្រកួតជម្រុះជាមួយដៃគូប្រកួត នឹងគ្រូបង្វឹកលោក Stefano Landonio។ ទោះបីជាយ៉ាងនេះក្តី Maldini ត្រូវបានផ្តួលក្រោយការប្រកួត ៤២នាទីក្នុងការបង្ហាញខ្លួនការប្រកួតកីឡាវាយកូនបាល់អាជីពដំបូងរបស់ខ្លួននាពេលនោះ។

9. Arjan de Zeeuw

អតីតប្រធានក្រុម Wigan Athletic និង Portsmouth សញ្ជាតិហូឡង់កីឡាករ Arjan de Zeeuw បានបង្ហាញខ្លួននៅក្នុងក្របខ័ណ្ឌ Premier League បានចំនួន ១៥០ប្រកួត។ ខ្សែការពារកណ្តាលរូបនេះបានវិលត្រលប់ទៅប្រទេសហូឡង់វិញបន្ទាប់ពីអាជីពរបស់គាត់បានបញ្ចប់នៅអង់គ្លេសនាឆ្នាំ២០០៨។ ហើយជំនួសឱ្យការបន្តការសិក្សាផ្នែកឱសថរបស់គាត់ Zeeuq សម្រេចចិត្តចូលរួមជាមួយកម្លាំងប៉ូលីសនៅតំបន់ Utrecht ក្នុងនាមជាអ្នកស៊ើបអង្កេតឯកជនលើការបង្រ្កាបការជួញដូរនិងប្រើប្រាស់ថ្នាំញៀន។

8. Dion Dublin

អតីតកីឡាករក្រុម Man.United, Coventry City, Aston Villa, Celtic និង Leicester City រូបនេះមិនបានជ្រើសរើសផ្លូវដើរ ដូចទៅនិងអាជីពរបស់អតីតសហសេវិករបស់ខ្លួនជាច្រើនដែលចាប់តួនាទីជា អ្នកធ្វើការនៅប៉ុស្តិ៍វិទ្យុឬទូរទស្សន៍ Dublin បានសំរេចចិត្តទទួលការងារជាអ្នកផ្តល់ការអភិវឌ្ឍផ្នែកអចលនទ្រព្យនៅលើកញ្ចក់ទូរទស្សន៍ BBC One ដែលដំណើរការរៀងរាល់ពេលថ្ងៃរសៀល។

7. Thomas Gravesen

បន្ទាប់ពីរកប្រាក់ចំណូលបានច្រើនគួរសមនៅក្នុងអាជីពរបស់ខ្លួន Thomas Gravesen អតីតខ្សែបម្រើក្រុម Everton និង Real Madrid បានសម្រេចវិនិយោគប្រាក់ចំណូលចូលទៅក្នុងកាស៊ីណូនិងបារ នៅ Las Vegas សហរដ្ឋអាមេរិក ហើយជាលទ្ធផលគាត់អាចរកប្រាក់បានរហូតដល់ទៅ ៩២លានផោន។

6. Jose Manuel Pinto

អតីតអ្នកចាំទីរបស់ក្លិបអ្នកមានបុណ្យ Barcelona រូបនេះបាន ផ្លាស់ប្តូរអាជីពពីកីឡាករបាល់ទាត់ ដើម្បីក្លាយខ្លួនជាតន្រ្តីករ និងជាអ្នកផលិតបទភ្លេងទំនុកច្រៀង។

5. Lee Bowyer

អតីតកីឡាករក្លឹប Leeds, Newcastle និង West Ham United បានទិញបឹងដ៏ធំមួយនៅក្នុង ប្រទេសបារាំង ជាមួយនិងចំណូលចិត្តគឺការនេសាទរបស់គាត់។ ហើយរូបគេបានដាក់ឈ្មោះ បឹងនោះថាគឺ Bow’s Lake ខណៈដែលអតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានសារភាពថាវាជាអ្វីដែលគាត់តែងតែចង់ធ្វើ។ បច្ចុប្បន្ន Bowyer គឺជាអ្នកចាត់ការក្លឹប Charlton Athletic នៅក្របខណ្ឌ League One របស់អង់គ្លេសផងដែរ។

4. Andriy Shevchenko

ម្ចាស់ជ័យលាភីបាល់មាស Ballon d’Or ឆ្នាំ២០០៤ សញ្ជាតិ អ៊ុយក្រែន បានឈរឈ្មោះនៅលេខរៀងទី២ នៅលើបញ្ជីគណបក្សសម្រាប់ការបោះឆ្នោតឆ្នាំ២០១២ ប៉ុន្តែមិនបានទទួលជោគជ័យនោះទេ ដោយទទួលបានសម្លេងគាំទ្រត្រឹមតែ ១,៥៨% ប៉ុណ្ណោះនៃការបោះឆ្នោតជាតិ ហើយមិនបានជាប់ជាតំណាងរាស្រ្តនៅក្នុងរដ្ឋសភានាកំលុងពេលនោះដែរទេ។

3. Mathieu Flamini

ក្រោយចូលនិវត្តន៏អតីតកីឡាករក្រុម Arsenal, AC.Milan មានចំណាប់អារម្មណ៍ចម្បង គឺការងារ GF Biochemicals(អាជីវកម្មលើផ្នែកជីវសាស្រ្ត) ដែលគាត់បានបង្កើតឡើងជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួនគឺលោក Pasquale Granata ក្នុងឆ្នាំ ២០០៨ Flamini បានទទួលនៅភាគលាភ ត្រលប់មកវិញគឺប្រមាណ ២០លានអឺរ៉ូ។

2. Tim Wiese

អតីតអ្នកចាំទី Werder Bremen និងក្រុម Hoffenheim Tim Wiese បានចំណាយពេល១៥ រដូវកាលនៅក្នុង លីកកំពូលបាល់ទាត់អាល្លឺម៉ង់ប៉ុន្តែនៅពេលដែលគាត់បានព្យួរស្បែកជើងគាត់និងបានហ្វឹកហាត់បង្កើនសាច់ដុំ បច្ចុប្បន្ន Wiesde គឺជាអ្នកប្រដាល់ជើងឯក WWE នៅក្នុងប្រទេសអាល្លឺម៉ង់។

1.George Weah

George Weah ដែលជាកីឡាករអាហ្រ្វិកតែមួយគត់ដែលឈ្នះពានរង្វាន់បាល់មាស Ballon d’Or(១៩៩៥) បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីនៃប្រទេស នៃប្រទេសលីបេរីយ៉ា កាលពីខែធ្នូឆ្នាំ២០១៧។ Weah បានសាងកេរ្ត៏ឈ្មោះល្បីល្បាញនៅក្នុងទ្វីបអឺរ៉ុបបន្ទាប់ពីបានផ្លាស់ទៅMonaco កំលុងឆ្នាំ ១៩៨៨ មុនពេលផ្លាស់ទៅលេងនៅក្លឹប Paris St Germain, AC Milan, Chelsea, Manchester City និង Marseille ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ besoccer

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.