v9

ក្រុមអត្តពលិករាំកម្ពុជា ឈ្នះបានមេដាយចំនួន៥ ពីការប្រកួតជើងឯកអាស៊ី ជាលើកដំបូង

3 months ago​ | ដោយ V-Dara

ក្រុមកីឡាករ កីឡាការិនីរាំរបស់កម្ពុជា បានឈ្នះមេដាយចំនួន៥ ក្នុងនោះមានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៣ ពីព្រឹត្តិការណ៍ប្រកួត ADSF Asain Dance Sport Championship និង Open Hong Kong 2018 នៅទីក្រុងហុង ហើយប្រតិភូកីឡាតំណាងឲ្យកម្ពុជាមួយនេះ នឹងនាំយកមេដាយទាំងនេះ មកដល់មាតុប្រទេសវិញ នៅយប់ម៉ោង១១ ថ្ងៃចន្ទនេះ។

សម្រាប់ការចូលរួមការប្រកួតកីឡារាំជើងឯកអាស៊ី ជាលើកដំបូងនេះ សហព័ន្ធកីឡារាំកម្ពុជា បានបញ្ជូនអត្តពលិកជម្រើសជាតិរបស់ខ្លួនចំនួន៩នាក់ និងថ្នាក់ដឹកនាំចំនួន២រូប ឲ្យទៅចូលរួម ហើយតាមរយៈការប្រកួត ដែលចាប់ផ្តើមកាលពីថ្ងៃសុក្រ និងបានបញ្ចប់ផ្លូវការ កាលពីថ្ងៃអាទិត្យ ម្សិលមិញ កីឡាករ កីឡាការិនីរាំកម្ពុជា បានឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៣ លើការប្រកួតផ្នែក ADSF Asain Dance Sport Championship Open និងឈ្នះបានមេដាយសំរឹទ្ធ លើការប្រកួត ADSF Asain Dance Sport Championship 2018។

ជាមួយនឹងលទ្ធផលដ៏ល្អនេះ កីឡាករ ច័ន្ទ វ៉ិចទ័រ និងកញ្ញា ព្រាប ដានីអែលឡា បានរួមគ្នាដណ្តើមបានមេដាយមាសឲ្យកម្ពុជា ក្នុងការប្រកួតរាំជាគូ លើវិញ្ញាសា Hong Kong Open Latin 5- dance ដែលមានប្រទេសចំនួន៩បានចូលរួម ហើយអ្នកទាំង២ ក៏បានឈ្នះមេដាយសំរឹទ្ធ លើការប្រកួតជើងឯកអាស៊ី ADSF Asain Championship លើការរាំគូចង្វាក់ Cha Cha Cha ផងដែរ ខណៈវិញ្ញាសានេះ មានប្រទេសចំនួន១៦ចូលរួម មានចិន ជប៉ុន គៀហ្ស៊ីគីស្ថាន ចិនតៃវ៉ាន់ ម៉ាកាវ ហុងកុង កាហ្សាក់ស្ថាន Kazakhstan កូរ៉េខាងត្បូង ម៉ុងហ្គោលី ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម និងកម្ពុជា។

ប៉ុន្តែសម្រាប់ការប្រកួត ADSF Asain Championship ចង្វាក់ Rumba ដែលមាន១៣ប្រទេសចូលរួម កីឡាករ ច័ន្ទ វ៉ិចទ័រ និងកីឡាការិនី ព្រាប ដានីអែលឡា បានត្រឹមចំណាត់ថ្នាក់លេខ៦ ហើយការរាំចង្វាក់ Paso Doble ដែលមាន១៦ប្រទេសចូលរួម ក៏អ្នកទាំង២នេះ ទទួលបានចំណាត់ថ្នាក់លេខ៦ ផងដែរ។

ចំពោះលទ្ធផលការប្រកួតផ្សេងទៀតផ្នែក Open កីឡាករ សេង សុគីម បានឈ្នះមេដាយប្រាក់ លើវិញ្ញាសារ Hong Kong Open Latin ចង្វាក់ Cha Cha Cha និងរូបគេក៏បានឈ្នះមេដាយសំរឹទ្ធ ១ទៀត លើការរាំចង្វាក់ Rumba ផងដែរ។ ចំណែកកីឡាករ ម៉ូវ ដាវីន និងកីឡាការិនី ម៉ូវ ដានីតា បានឈ្នះមេដាយសំរឹទ្ធ ការប្រកួតរាំគូចង្វាក់ Cha Cha Cha, Jive ។

ប៉ុន្តែកីឡាករ ភុន ស៊ីបុត្រា និង កីឡាការិនី សាន រ៉ូហ្សា បានត្រឹមចំណាត់ថ្នាក់លេខ៥ ទាំងលើការរាំគូ ចង្វាក់ Cha Cha Cha និង Rumba ហើយកីឡាការីនី យី អ៊ីលីង ដែលរាំចង្វាក់ Cha Cha Cha និង Rumba Jive បានលេខ៥ដែរ ហើយកីឡាការីនី ហ៊ាន លក្សី បានលេខ៦លើការរាំចង្វាក់ Rumba និងបានលេខ៩លើចង្វាក់ Jive៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.