v9

Mayweather បញ្ជាក់ថា ការប្រកួតសងសឹកជាមួយ Pacquiao នឹងកើតឡើងនៅចុងឆ្នាំនេះ

3 months ago​ | ដោយ V-Dara

កីឡាករ Floyd Mayweather Jr បានបញ្ជាក់ថា ការប្រកួតសងសឹកជាមួយនឹងកីឡាករ Manny Pacquiao នឹងកើតឡើងនៅចុងឆ្នាំនេះ។ ម្ចាស់ខ្សែក្រវាត់៥ប្រភេទទម្ងន់ផ្សេងគ្នារូបនេះ បានប្រកាសពីគម្រោងនៃការប្រកួតសងសឹកនេះនៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃសៅរ៍ តាមរយៈការបញ្ជាក់ថា៖ «ខ្ញុំនឹងវិលត្រឡប់ទៅវិញដើម្បីប្រកួតជាមួយនឹង Pacquiao នៅឆ្នាំនេះ ជាមួយនឹងតម្លៃខ្លួនប្រកួតដែលមានចំនួនលេខ៩ខ្ទង់»។

Mayweather វ័យ ៤១ឆ្នាំ ដែលមានកំណត់ត្រាឈ្នះ ៥០លើក មិនដែលចាញ់ ក្នុងនោះផ្តួលដៃគូឲ្យសន្លប់ ២៧លើកនោះ បានទទួលជ័យជម្នះដោយពិន្ទុជាឯកច្ឆន្ទលើ Pacquiao នៅពេលដែលកីឡាករទាំង២ បានជួបគ្នា កាលពីខែឧសភា ឆ្នាំ២០១៥។ កីឡាករអាមេរិករូបនេះ បានទទួលប្រាក់លើតម្លៃខ្លួន ១០០លានដុល្លារ ប៉ុន្តែត្រូវបានព័ត៌មានជាច្រើនចេញផ្សាយថា រូបគេបានទទួលប្រាក់ក្នុងចំនួននេះគុណនឹង២ដង។ Pacquiao ទទួលបានចំណូលចំនួន ១០០លានដុល្លារពីការប្រកួតនេះ។ ក្រោយមក Mayweather បានចូលនិវត្តន៍នៅចុងឆ្នាំ២០១៥ ក្រោយពីការដណ្តើមបានជ័យជម្នះជាលើកទី៤៩ របស់គេ ប៉ុន្តែ វិលទៅកាន់សង្វៀនប្រកួតវិញ ដើម្បីយកឈ្នះលើកីឡាករគុនចម្រុះ Conor McGregor។

Pacquiao ដែលបានអះអាងថា ខ្លួនបានរងរបួសស្មារ ក្នុងការប្រកួតទី១របស់គេជាមួយ Mayweather នោះ បានបង្ហាញពីបំណងរបស់គេពីការប្រកួតសងសឹកជាយូរមកហើយ។ Pacquiao វ័យ៣៩ឆ្នាំ ដែលមានកំណត់ត្រាឈ្នះ៦០លើក ចាញ់៧លើក និងស្មើ២លើក ក្នុងនោះផ្តួលដៃគូឲ្យសន្លប់ ៣៩លើកនោះ បានវិលទៅកាន់សង្វៀនប្រកួតវិញកាលពីខែកក្កដា ក្រោយពីអវត្តមាន១ឆ្នាំ ដើម្បីផ្តួលកីឡាករអាហ្សង់ទីន Lucas Matthysse ក្នុងទឹកទី៧ ក្នុងទីក្រុងគូឡាឡាំពួរ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ The Guardian

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.