v9

បុរសជនជាតិអាមេរិក លោក Casey គ្រោងបង្កើតពានមួយ ដើម្បីឲ្យនិស្សិតកម្ពុជា ទទួលបទពិសោធក្រៅសាលា

1 week ago​ | ដោយ V-Dara

បុរសជនជាតិអាមេរិកកាំង លោក Casey Barnett ដែលជានាយកវិទ្យាស្ថានខេមអេដ គ្រោងនឹងបង្កើតឲ្យមានព្រឹត្តិការណ៍បាល់បោះនារីមួយឈ្មោះថា «CamEd Cup 2019» ដើម្បីផ្តល់ឱកាសឲ្យនិស្សិតរបស់លោក និងនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗទៀត បានប្រកួតប្រជែងគ្នា ដើម្បីទទួលបាននូវបទពិសោធតាមរយៈការលេងកីឡានេះ ទៅជួយដល់និស្សិតទាំងនោះ ពេលពួកគេរៀនចប់ និងចេញទៅបំពេញការងារតាមក្រុមហ៊ុននានា។

លោក Casey Barnett បានថ្លែងថា៖ «យើងនឹងសហការជាមួយសហព័ន្ធកីឡាសិស្សនិស្សិត និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបង្កើតឲ្យមានការប្រកួតបាល់បោះនារី CamEd Cup នៅឆ្នាំក្រោយ ហើយយើងនឹងអញ្ជើញសាកលវិទ្យាល័យផ្សេងៗ ឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ជាមួយក្រុមនិស្សិតរបស់យើង»។

លោក Casey បានបន្តថា៖ «ការគ្រោងបង្កើតពាន CamEd Cup នេះ គឺមិនមែនសម្រាប់តែក្រុមនិស្សិតរបស់យើងនោះទេ ប៉ុន្តែគោលបំណងរបស់យើង គឺយើងចង់ចូលរួមអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការបង្កើតវប្បធម៌ឲ្យមានក្រុមកីឡាការិនី ហើយដើម្បីបង្កើតវប្បធម៌នេះ យើងត្រូវបង្កើតឲ្យមានការប្រកួតកីឡាផ្នែកនារីឲ្យបានច្រើន ដើម្បីឲ្យក្រុមនារី នៅតាមគ្រឹះស្ថានផ្សេងៗ បានចូលរួមប្រកួតប្រជែងគ្នា»។

គិតមកដល់ពេលនេះ មន្រ្តីផ្នែកកីឡារបស់វិទ្យាស្ថានខេមអេដ បានធ្វើការជជែងជាមួយតំណាងរបស់សហព័ន្ធកីឡានិស្សិត ព្រមទាំងតំណាងរបស់ក្រសួងអប់រំ យុវជន និងកីឡា ពីបញ្ហាបង្កើតពាន CamED Cup នេះរួចហើយ ហើយស្ថាប័នទាំង២នេះ បានបង្ហាញការគាំទ្រនូវគំនិតដ៏ល្អនេះ ហើយតាមគម្រោង ពាន CamEd Cup 2019 អាចនឹងត្រូវធ្វើឡើង នៅខែកុម្ភៈ ឆ្នាំ២០១៩ ដោយប្រើរូបមន្ត ៣នាក់ទល់នឹង៣នាក់។

លោក Casey ដែលស្រឡាញ់ចូលចិត្តការលេងកីឡានោះ តែងតែរៀបចំឲ្យមានការប្រកួតព្រឹត្តិការណ៍កីឡាផ្សេងៗ ដូចជាបាល់ទាត់ហ្វុតសាល(បុរស-នារី) អត្តពលិក និងការប្រកួតបាល់បោះ(បុរស-នារី) ឲ្យនិស្សិតរៀននៅសាលារបស់លោក បានលេងកីឡាជាប្រចាំឆ្នាំ ព្រោះលោកយល់ឃើញថា ការប្រកួតនេះ បានជួយឲ្យក្រុមនិស្សិតរបស់លោក បានរៀនសូត្រយកបទពិសោធនៃការធ្វើការងារជាក្រុម ការដឹកនាំក្រុម និងធ្វើឲ្យពួកគេមានទំនុកចិត្តលើខ្លួនឯង និងមានការប្រឹងប្រែង ពេលពួកគេចេញទៅធ្វើការងារ ឬបើអាជីវកម្មផ្ទាល់ខ្លួន នាពេលអនាគត។

លោក Casey បានបញ្ជាក់ថា៖«យើងបានក្លាយជាគំរូ សម្រាប់សាកលវិទ្យាល័យផ្សេង ក្នុងការទាក់ទាញឲ្យនិស្សិតនារីចូលរួមលេងកីឡា ប៉ុន្តែដើម្បីទទួលបានជោគជ័យពេញលេញ ក្នុងចក្ខុវិស័យឲ្យមាននារីចូលរួមលេងកីឡាឲ្យបានកាន់តែច្រើន យើងត្រូវតែអញ្ជើញឲ្យសាកលវិទ្យាល័យផ្សេងៗបានចូលរួមលេងជាមួយយើង ហើយខ្ញុំមើលឃើញថា ការលេងបាល់បោះ មានសក្តានុពលយ៉ាងធំ អ៊ីចឹងខ្ញុំសង្ឃឹមថា នឹងមានក្រុមមកពីខាងក្រោយយ៉ាងតិច១៥ក្រុម ចូលរួមប្រកួតពាន CamEd Cup ជាលើកដំបូងនេះ»៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.